ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តុលាការ​កំពូល ឲ្យ​លោក រ៉ាត់ រត្ន​មុនី ជាប់ឃុំ​ដដែល​
29, Oct 2019 , 3:59 pm        
រូបភាព
លោក រ៉ាត់ រត្នមុនី ស្រែកនិយាយទៅកាន់អ្នកសែត ពេលត្រូវបានបញ្ជូនទៅតុលាការកន្លងមក (រូបពី AFP)
លោក រ៉ាត់ រត្នមុនី ស្រែកនិយាយទៅកាន់អ្នកសែត ពេលត្រូវបានបញ្ជូនទៅតុលាការកន្លងមក (រូបពី AFP)
ដោយ: ថ្មីៗ
​លោក រ៉ាត់ រត្ន​មុ​នី្ន ដែល​រង​ការចោទប្រកាន់ថា បាន​ផលិត​ខ្សែភាពយន្ត «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​» ពុំ​ត្រូវបាន​តុលាការ​កំពូល អនុញ្ញាត​រស់នៅ​ក្រៅ​ឃុំ​តាម​ការស្នើសុំ​នោះទេ​។ តុលាការ​កំពូល បានប្រកាស​សាលដីកា កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​។



​តុលាការ​កំពូល លើក​ហេតុផល​ថា សំណើសុំ​នៅក្រៅ​ឃុំ​នេះ គឺធ្វើឡើង​តាំងពី​លោក រ៉ាត់ រត្ន​មុនី ស្ថិតក្នុង​ដំណាក់កាល​ស៊ើបសួរ (​មិនទាន់​ជំនុំជម្រះ​) ប៉ុន្តែ មកដល់ពេលនេះ លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​ជំនុំជម្រះ​និង​ត្រូវ​ផ្តន្ទាទោស​រួចហើយ ដូច្នេះ សំណើសុំ​នៅក្រៅ​ឃុំ ត្រូវផុត​រលត់​ហើយ ដោយ​មិនអាច​លើក​យកមក​សម្រេច​ឲ្យ​លោក រ៉ាត់ រត្ន​មុនី នៅក្រៅ​ឃុំ​នោះទេ​។ 

​យ៉ាងណា លោក សំ ទិ​ត្យ​សីហា មេធាវី​របស់លោក រ៉ាត់ រត្ន​មុនី បកស្រាយ​ថា វា មិនមែនជា​កំហុស​របស់លោក​ឡើយ តែ​ជា​កំហុស​របស់​តុលាការ​កំពូល​។ លោក ថ្លែងថា សំណើសុំ​នៅក្រៅ​ឃុំ​នេះ គឺ​លោក បានដាក់​ទៅ​តុលាការ​កំពូល​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩​មកម្ល៉េះ ប៉ុន្តែ​តុលាការ​កំពូល មាន​ភាពយឺតយ៉ាវ​ខ្លួនឯង ដោយ​ទុក​រហ​តុ​ដល់​ខែតុលា ឆ្នាំ​២០១៩ ទើប​បើកសវនាការ​លើ​សំណើ​នេះ ខណៈ​លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​រួចទៅហើយ (​សវនាការ​លើ​អង្គសេចក្តី​) កាលពី​ខែមិថុនា ឆ្នាំ​២០១៩​។ 
​លោក​មេធាវី និយាយ​ដូច្នេះ​៖«​នីតិវិធី​របស់​តុលាការ​កំពូល​យឺតយ៉ាវ​ខ្លួនឯង ហើយ​មក​បន្ទោស​យើង​។​... យើង សោកស្តាយ​មែនទែន​»​។​

​អ្វីដែល​នឹងត្រូវ​ធ្វើ​បន្ត គឺ​លោក​មេធាវី នឹង​ត្រឡប់​ទៅ​ដាក់សំណើ​នៅ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ឲ្យ​ព​ន្លឿ​ន​នីតិវិធី​បើកសវនាការ​។ សវនាការ​នៅ​សាលាឧទ្ធរណ៍​នេះ គឺជា​សវនាការ សុំ​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។

​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សាលក្រម​សម្រេច​ឲ្យ​លោក រ៉ាត់ រត្ន​មុនី ជាប់ពន្ធនាគារ​ពីរ​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការផលិត​ខ្សែភាពយន្ត «​ម្តាយ​ខ្ញុំ​លក់​ខ្ញុំ​»​។ លើសពីនេះ តុលាការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​លោក បង់ប្រាក់​៣៥​លាន​រៀល ទៅ​ដើមបណ្តឹង​ផងដែរ​។​

​ខ្សែភាពយន្ត «​ម្តាយ​ខ្ញុំ លក់​ខ្ញុំ​» បានធ្វើ​ឲ្យ​លោក រ៉ាត់ រត្ន​មុនី រង​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។ មេធាវី អះអាង​ជា​ដដែលៗ​ថា លោក រ៉ាត់ រត្ន​មុនី មិនមែនជា​អ្នក​ដឹក​ផលិត​ខ្សែភាពយន្ត​នេះ​ទេ គឺ​គ្រាន់តែ​ជា​បកប្រែ​ពី​ភាសា​ខ្មែរ​ទៅជា​ភាសា​អង់គ្លេស​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​ខ្មែរ បាន​តាមដាន​ខ្សែភាពយន្ត​ឯកសារ​នេះ បន្ទាប់ពី​សារព័ត៌មាន​ដ៏​ល្បី​មួយ​របស់​រុស្ស៊ី​ឈ្មោះ RT យកទៅ​ផ្សព្វផ្សាយ កាលពី​ចុងឆ្នាំ​២០១៨​។ អាជ្ញាធរ​ខ្មែរ អះអាងថា ភាពយន្ត​ឯកសារ​ខាងលើ ដែល​និយាយ​ពី​ការជួញដូរ​ផ្លូវភេទ គឺជា​រឿងប្រឌិត ហើយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខមាត់​របស់​កម្ពុជា​។​

​លោក រ៉ាត់ រត្ន​មុនី ត្រូវបាន​សមត្ថកិច្ច​ថៃ ចាប់​បញ្ជូនមក​កម្ពុជា​វិញ កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ក្រោម​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ខ្មែរ​។ កន្លងមក ភរិយា​របស់លោក និង​ប្រជាពលរដ្ឋ​មួយចំនួន ខិតខំ​សុំ​ឲ្យ​ស្ថានទូត​រុស្ស៊ី​ប្រចាំ​កម្ពុជា ជួយ​ធ្វើ​អន្តរាគមន៍​ជា​ញឹកញាប់​ដែរ តែ​មិនបាន​ទទួលផល​វិជ្ជមាន​ឡើយ​៕

Tag:
 ​រ៉ាត់ រត្ន​មុនី​
  តុលាការ​កំពូល
© រក្សាសិទ្ធិដោយ thmeythmey.com