អន្តរជាតិ
លោក ត្រាំ នឹងគ្មានមុខក្នុងជំនួបកំពូលអាស៊ាននៅថៃ ខណៈឥទ្ធិពលចិនក្នុងតំបន់កាន់តែខ្លាំង ពីឆ្វេងទៅស្តាំ៖ រូបទី៣ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចាប់ដៃជាមួយមេដឹកនាំផ្សេងទៀត អំឡុងពេលបើកកម្មវិធីជំនួបកំពូលអាស៊ានលើកទី ៣១ ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃ ១៣ វិច្ឆិកា ២០១៧ (AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ពេល២ឆ្នាំផ្ទួនៗគ្នា ។ អវត្តមានរបស់មេដឹកនាំអាមេរិករូបនេះ កើតឡើងស្របពេលដែលអង្គការតំបន់នេះ ទទួលរងបញ្ហាប្រឈមទាំងផ្នែកសន្តិសុខនិងសេដ្ឋកិច្ច ដែលក្នុងនោះ រឿងដ៏ក្តៅគគុកគឺបញ្ហានៅសមុទ្រចិនខាងត្បូង។
សេតវិមានអាមេរិក បានប្រកាស នៅថ្ងៃទី២៩ ខែតុលា ថា លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិអាមេរិក និងលោក Wilbur Ross រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក នឹងតំណាងឲ្យលោកត្រាំ នៅជំនួបកំពូលប្រចាំឆ្នាំ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងរាជធានី បាងកក ប្រទេសថៃ ចាប់ពីថ្ងៃ៣ ដល់ទី៤ ខែវិច្ឆិកា ខាងមុខ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រៀបចំក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោករដ្ឋមន្ត្រី Ross ក៏នឹងតំណាងឲ្យសហរដ្ឋអាមេរិកនៅវេទិកាធុរកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ក្នុងប្រទេសថៃផងដែរ ហើយលោកក៏ដឹកនាំបេសកកម្មពាណិជ្ជកម្មមួយទៅកាន់ប្រទេសថៃ ឥណ្ឌូណេស៊ី និងវៀតណាម។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់សេតវិមានអាមេរិក ពុំបានបញ្ជាក់ពីមូលហេតុនៃអវត្តមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងជំនួបកំពូលប្រចាំឆ្នាំនៅអាស៊ីនេះឡើយ ហើយក៏ពុំបញ្ជាក់ផងដែរថា ហេតុអ្វីបានជាលោករដ្ឋមន្ត្រីការបរទេសអាមេរិក ម៉ៃ ប៉ុមប៉េអូ (Mike Pompeo) នឹងគ្មានវត្តមានក្នុងក្រុងបាងកក។
គេមើលឃើញថា អវត្តមានរបស់លោក ត្រាំ អាចជាការមើលស្រាលដល់ម្ចាស់ផ្ទះនៃជំនួបអាស៊ានក្នុងឆ្នាំនេះ គឺលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ផ្ទាល់តែម្តង។ ដូចគ្នាអ៊ីចឹងដែរ លោក ដូណាល់ ត្រាំ ក៏ខកខានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងឥណ្ឌូ-ប៉ាស៊ីហ្វិក កាលពីឆ្នាំ២០១៨ ក្នុងប្រទេសសិង្ហបុរី ដោយចាត់ឲ្យលោកអនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន (Mike Pence) ទៅជំនួស។ ក្នុងឆ្នាំទីមួយនៃអាណត្តិប្រធានាធិបតី លោក ត្រាំ បានទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានម្តងគត់ ដែលបានរៀបចំឡើងក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៧។ សម្រាប់ឆ្នាំនេះដែរ រដ្ឋធានីនេះ ក៏ជាទីតាំងនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ APEC នៅពេលជាមួយគ្នាផងដែរ។
ទោះជាមិនចូលរួមកិច្ចប្រជុំអាស៊ាននៅថៃមែន លោកប្រធានាធិបតីអាមេរិកទី៤៥រូបនេះ នឹងមានវត្តមាននៅជំនួបកំពូល APEC ក្នុងប្រទេសស៊ីលី ចាប់ពីថ្ងៃ ១៦ ដល់ ១៧ វិច្ឆិកា ។ ផ្ទុយពីលោកត្រាំ លោក បារ៉ាក អូបាម៉ា ប្រធានាធិបតីអាមេរិកទី៤៤ បានចូលរួមកិច្ចប្រជុំអាស៊ានទាំងអស់ អំឡុងអាណត្តិ៨ឆ្នាំរបស់លោក ដោយលើកលែងតែក្នុងឆ្នាំ២០១៣ មួយចេញប៉ុណ្ណោះ។ កាលនោះ លោកត្រូវបង្ខំឲ្យលុបចោលវិញព្រោះតែរដ្ឋាភិបាលអាមេរិកបិទទ្វារ។
បញ្ហាសមុទ្រចិនខាងត្បូងនៅតែមានកម្តៅក្នុងកិច្ចប្រជុំអាស៊ាន
គ្មានអ្វីប្រែប្រួលឡើយ! បញ្ហាសមុទ្រចិនខាងត្បូង នៅតែសំណុំរឿងក្តៅគគុកបំផុតមួយលើតុពិភាក្សាក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ក្នុងពេល១៥ឆ្នាំមកនេះ អង្គការតំបន់អាស៊ានដែលមានសមាជិក១០ប្រទេស ពិបាកនឹងឈានដល់បង្កើតកិច្ចព្រមព្រៀងមួយជាមួយចិនពាក់ព័ន្ធបញ្ហានេះ។ ក្រុងប៉េកាំង ទាមទារផ្នែកស្ទើរទាំងស្រុងក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតមួយលើពិភពលោក ជាមួយនឹងអ្វីដែលចិនហៅថា «បន្ទាត់៩ឆ្នូត»។ រដ្ឋជាសមាជិកអាស៊ានដូចជា ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងព្រុយណេ ក៏ទាមទារផ្នែកខ្លះនៃតំបន់សមុទ្រជម្លោះនេះរៀងៗខ្លួនផងដែរ ដូចគ្នាសម្រាប់កោះ តៃវ៉ាន់ ដែលចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន។
គិតមកដល់ពេលនេះ រដ្ឋជាសមាជិកអាស៊ាន និងចិនបានបរាជ័យក្នុងការព្រមព្រៀងគ្នាលើក្រមប្រតិបត្តិមួយ ដែលនឹងក្លាយឯកសារណែនាំដ៏សំខាន់មួយសម្រាប់ប្រទេសទាមទារ ហើយចិនកំពុងព្យាយាមអូសទាញសមាជិកអាស៊ានទាំងអស់បើកការចរចាលើបញ្ហាទាមទារនេះក្នុងទម្រង់ទ្វេភាគី។
លោក David Stilwell ដែលជាឧបការីរងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាមេរិក នឹងមានវត្តមានក្នុងទីក្រុងបាងកក ក៏ប៉ុន្តែគណៈប្រតិភូអាមេរិក នឹងមិនអាចប្រៀបផ្ទឹមនឹងតួអង្គតំបន់ផ្សេងទៀត ដូចជា ចិន ជប៉ុន និងឥណ្ឌា។ យោងតាមកាសែតថៃ បាងកកប៉ុស្តិ៍ លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នាយករដ្ឋមន្ត្រី ចិន លី ខឹឈាំង (Li Keqiang) និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន រំពឹងថាធ្វើដំណើរទៅកាន់រដ្ឋធានី បាងកក។ យ៉ាងណាមិញ វត្តមានរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី មិនទាន់បញ្ជាក់ច្បាស់លាស់នៅឡើយ។
ការរសាត់បន្តិចម្តងៗនៃវត្តមានអាមេរិកក្នុងតំបន់អាស៊ី
ទោះជាប្រកាសក្តែងថា ឥណ្ឌូប៉ាស៊ីហ្វិកជាតំបន់ដ៏មានសារសំខាន់បំផុតតែមួយគត់សម្រាប់អនាគតរបស់អាមេរិក ក្នុងរបាយការណ៍យុទ្ធសាស្ត្រមន្ទីរបញ្ចកោណក្នុងឆ្នាំ២០១៩េនះ រដ្ឋបាលលោកត្រាំ បន្តកាត់បន្ថយវត្តមានអាមេរិក បន្តិចម្តងៗ នៅជំនួបនៃបណ្តាមេដឹកនាំអាស៊ី។ មន្ត្រីការទូតអាស៊ីខ្លះ លើកឡើងថា ការមិនចូលរួមពីសំណាក់អ្នកតំណាងអាមេរិកកម្រិតខ្ពស់ក្នុងទីក្រុង បាងកក នឹងធ្វើឲ្យបណ្តាប្រទេសក្នុងតំបន់ខកចិត្ត ខណៈកង្វល់ចេះតែបន្តកើនឡើងចំពោះមុខឥទ្ធិពលវាតទីដ៏លឿនរហ័សរបស់ចិន។ ទាំងអ្នកវិភាគនយោបាយអន្តរជាតិនិងមន្ត្រីទូត អះអាងដូចគ្នាថា អវត្តមានរបស់លោកត្រាំ ក្នុងក្រុង បាងកក នឹងលើកឡើងជាសំណួរពាក់ព័ន្ធការតាំងចិត្តអាមេរិកសម្រាប់តំបន់អាស៊ី ជាពិសេសក្រោយលោកបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម(TPP) ក្នុងឆ្នាំ២០១៧ ភ្លាមៗក្រោយលោកចូលកាន់តំណែងជាប្រធានាធិបតី។
លោក Kivi Chongkittavorn អ្នកកាសែតជើងចាស់ម្នាក់តាមដានកិច្ចការតំបន់ បានសរសេរក្នុងកាសែត បាងកកប៉ុស្តិ៍ ថា៖«ជារឿងប្រកែកមិនបាន ដោយគ្មានវត្តមានលោកត្រាំ មុខមាត់របស់កិច្ចប្រជុំកំពូល (អាស៊ាន) នឹងពុំត្រូវបានវាយតម្លៃខ្ពស់ យ»។ លោក សង្កត់ធ្ងន់ថា ប្រសិនបើ ប្រធានាធិបតីអាមេរិករូបនេះ បន្តមិនចូលរួមជំនួបកំពូលពាក់ព័ន្ធអាស៊ាន ជាពិសេស ជំនួបកំពូលអាស៊ាន-អាមេរិក នាឆ្នាំក្រោយទៀតនោះ វានឹងប៉ះពាល់ដល់ជំហររបស់ក្រុងវ៉ាស៊ីនតោនក្នុងតំបន់ ដែលនឹងធ្វើឲ្យភាពប្រាកដប្រជារបស់អាមេរិកក្នុងនាមជាដៃគូយុទ្ធសាស្ត្រជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីត្រូវបាត់បង់។
ចំណែក លោកស្រី Amy Searight ដែលធ្លាប់ជាមន្ត្រីការពារជាតិជាន់ខ្ពស់ក្រោមអាណត្តិលោក អូបាម៉ា ហើយបច្ចុប្បន្នមានតួនាទីជាទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្ររបស់អាមេរិក (CSIS) អះអាងថា កិច្ចប្រជុំអាស៊ាន បានក្លាយជាកិច្ចសន្ទនាយុទ្ធសាស្ត្រដ៏ចម្បងមួយសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយអូសទាញមេដឹកនាំមកពីចិន ឥណ្ឌា ជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាប្រទេសទាំង១០របស់អាស៊ាន។ លោកស្រី លើកឡើងថា វានឹងឡើងទំព័រមុខនៃសារព័ត៌មានធំៗក្នុងតំបន់ ដែលចុះផ្សាយថា គ្មានមេដឹកនាំអាមេរិកជាន់ខ្ពស់រូបណាមួយ ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលជាមួយមេដឹកនាំ១៧នាក់ផ្សេងទៀតមកពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
Tag:
ថៃ
សហរដ្ឋអាមេរិក
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com