អគ្គ​ស្នងការរង ប្រាប់​ប៉ូលិស ឲ្យ​កម្ចាត់​អ្នក​ប៉ង​ផ្តួល​រដ្ឋាភិបាល​
ជាតិ
​​​ន​យោ​បាយ​ជាតិ​
អគ្គ​ស្នងការរង ប្រាប់​ប៉ូលិស ឲ្យ​កម្ចាត់​អ្នក​ប៉ង​ផ្តួល​រដ្ឋាភិបាល​
30, Oct 2019 , 8:39 pm        
រូបភាព
លោក ខេង សុមេធ និយាយទៅកាន់នគរបាលនៅនៅអង្គភាពនគរបាលអន្តរាគមន៍
លោក ខេង សុមេធ និយាយទៅកាន់នគរបាលនៅនៅអង្គភាពនគរបាលអន្តរាគមន៍
ដោយ: ថ្មីៗ
១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ផែនការ​នៃ​ការវិល​ត្រឡប់មក​កម្ពុ​ជា​របស់​ក្រុមប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី នឹង​មកដល់ ខណៈ​កងកម្លាំងប្រដាប់អាវុធ ត្រៀមលក្ខណៈ​ចាំ​បង្ក្រាប​ពួកគេ​។


 
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​អំពាវនាវ​ឲ្យ​នគរបាល​គ្រប់លំដាប់​ថ្នាក់ កម្ចាត់​ក្រុម​អ្នកប្រឆាំង ដែល​ត្រូវបាន​រដ្ឋាភិបាល ហៅថា ជា​ក្រុម​ឧទ្ទាម និង​មានបំណង​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។ ការអំពាវនាវ​នេះ ធ្វើឡើង​ក្នុង​ពិធី​ផ្តល់​រថយន្ត​១៦​គ្រឿង ដល់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក នៅ​អង្គភាព​នគរបាល​អន្ត​រាគ​មន៍ ស្ថិតនៅ​ស​ង្តា​ត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ នា​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​។​
 
​គេហទំព័រ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ស្រង់​សម្តី​របស់លោក ខេង សុមេធ ទៅ​ចុះផ្សាយ​ថា​៖«​ក្នុងនាម​កងកម្លាំងប្រដាប់អាវុធ​... ត្រូវ​ត្រៀមខ្លួន​គ្រប់ពេលវេលា ដើម្បី​ទទួល​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ដែល​ដាក់ជូន ខណៈ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ព្យាយាម​ធ្វើ​សកម្មភាព​ណាមួយ​ដែល​នាំ​ឲ្យ​ប្រទេសជាតិ​មាន​ភាពវឹកវរ​»​។​
 
​គេ ឃើញ​ស្នងការ​នគរបាល​ខេត្ត​មួយចំនួន ចាប់ផ្តើម​ពង្រឹង​កងកម្លាំង​របស់​ខ្លួន ដើម្បី​ត្រៀមលក្ខណៈ​ការពារ​សន្តិសុខ​នៅ​ថ្ងៃបុណ្យ​អុំទូក ដោយ​ភ្ជាប់​ជាមួយនឹង​ការ​ដាស់តឿន ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្រុមប្រឆាំង ពីព្រោះថា ពួកគេ បាន​យក​ថ្ងៃបុណ្យ​អុំទូក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ងើប​ប្រឆាំងនឹង​រដ្ឋាភិបាល​។ ក្រុមប្រឆាំង ប្រកាសថា ៩​វិច្ឆិកា ជា​ថ្ងៃ​ផ្លាស់ប្តូរ ឯ​រដ្ឋាភិបាល ប្រកាស​វិញ​ថា ៩​វិច្ឆិកា ជា​ថ្ងៃ​ហូប​អំបុក​ទូទាំងប្រទេស ដើម្បី​ការពារជាតិ សាសនា ព្រះមហាក្សត្រ​។ 
 
​មិនមែន​តែ​កម្លាំង​គន​របាល​ទេ កងរាជអាវុធហត្ថ​និង​យោធា ក៏​ត្រៀមខ្លួន​ដែរ ដើម្បី​ទប់ទល់​នឹង​ដំណើរ​ធ្វើ​មាតុភូមិ​និវត្ត​របស់​ក្រុមប្រឆាំង​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​យ៉ាងខ្លី​ថា​៖«​កម្លាំង​គ្រប់​ប្រភេទ ទទួល​បទបញ្ជា​រួចជាស្រេច​ទៅហើយ​»​។ 
 
​លោក សម រង្ស៊ី លើកឡើងថា ដំណាក់កាល​នេះ លោក គ្មាន​ជម្រើស​អ្វី​ផ្សេង​នោះទេ ក្រៅតែពី​ការវិល​មក​កម្ពុជា​វិញ ដើម្បី​ទាមទារ​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​នៅ​កម្ពុជា​។ លោក ថា លោក នឹងមិន​រាថយ​ឡើយ ទោះ​រង​ការព្រមាន​ចាប់ខ្លួន​ពី​សំណាក់​រដ្ឋាភិបាល​ក៏ដោយ​៕ 

Tag:
 សម រង្ស៊ី​
  មាតុភូមិ​និវត្ត​
  ខេង សុមេធ
© រក្សាសិទ្ធិដោយ thmeythmey.com