ជាតិ
សេដ្ឋកិច្ច
សហភាព​អឺរ៉ុប​គ្រោង​ចេញ​របាយការណ៍​លើក​ទី​ពីរ​អំពី​ក្របខណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​
31, Oct 2019 , 1:39 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ដោយ: VOA
​ភ្នំពេញ ៖ ​សហគមន៍​អឺរ៉ុប​នឹង​បញ្ចេញ​របាយការណ៍​ជា​លើក​ទី​ពីរ​ស្តីពី​ដំណើរការ​ពិនិត្យ​លក្ខខណ្ឌ​ដែល​កម្ពុជា​ត្រូវបំពេញ​ដើម្បី​រក្សាទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ «​អ្វីៗ​ទាំងអស់​លើកលែងតែ​សព្វាវុធ​» ឬ​ហៅថា EBA នៅ​ខែវិច្ឆិកា​ខាងមុខ​។ នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​ការលើកស្ទួយ​ការគោរព​សិទ្ធិមនុស្ស​។​

 
​លោក ឃុន ថា​រ៉ូ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​ហៅ​កាត់​ថា អង្គ​ការសង់​ត្រា​ល់ (Central) ប្រាប់ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា ក្រុមការងារ​របស់​ស​ហ​ភាព​អឺរ៉ុប​មួយ​នឹង​ចេញ​របាយការណ៍​នៃ​ការរកឃើញ​របស់ខ្លួន​អំពី​បច្ចុប្បន្នភាព​របស់​កម្ពុ​ជា​ក្រោម​ក្របខ័ណ្ឌ EBA​នេះ នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខ ហើយ​របាយការណ៍​នេះ​នឹងត្រូវ​បញ្ជូន​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ឆ្លើយតប​។​
 
«​នៅពេលដែល​របាយការណ៍​បិទ​បញ្ចប់ វា​ដូចជា​តារាង​នៃ​ការវាយតម្លៃ​ដាក់ពិន្ទុ​ឲ្យ​ទៅ​រាជរដ្ឋាភិបាល​។ ហើយ​អំឡុងពេល​បី​ខែ​ទៅទៀត​ហ្នឹង គឺ​រាជរដ្ឋាភិបាល​ឆ្លើយតប​»​។​
 
​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩​កន្លងទៅនេះ គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់ផ្តើម​ដំណើរការ​ជា​ផ្លូវការ ដែល​អាច​នឹង​ឈានទៅដល់​ការព្យួរ​ជា​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​EBA ពី​ប្រទេស​កម្ពុជា ដោយសារតែ​ការខូចខាត​យ៉ាងដំណំ​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជាពិសេស​គឺ​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ​២០១៧​។​
 
​ចាប់តាំងពី​ពេលនោះ មក​កម្តៅ​នយោបាយ​កម្ពុជា​បាន​បន្ត​កើនឡើង​។ កម្តៅ​នយោបាយ​បាន​កើនឡើង​កាន់តែខ្លាំង នៅពេលដែល​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ប្រកាស​ពី​មាតុភូមិនិវត្តន៍​របស់​លោក​មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​។​
 
​ក្រុមមន្ត្រី​រដ្ឋាភិបាល​ចាត់ទុកថា ការវិល​ចូល​ប្រទេស​របស់លោក សម រង្ស៊ី ជា​ទម្រង់​នៃ​រដ្ឋប្រហារ ព្រោះ​ប្រធានស្តីទី​គណបក្សប្រឆាំង​រូបនេះ ប្រកាស​គៀងគរ​កម្លាំង​ទ័ព និង​មហាជន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​ស្របច្បាប់​។​
 
​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (Licadho) កត់សម្គាល់ថា យុទ្ធនាការ​បង្ក្រាប​នេះ នឹងដាក់​កម្ពុជា​ឲ្យ​ស្ថិតក្នុង​ស្ថានភាព​ពិបាក​ដោះស្រាយ​លើ​ដំណើរ​ការចរចា​ជាមួយ​សហភាព​អឺរ៉ុប ដើម្បី​រក្សាទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA​។​
 
​មន្ត្រី​សិទ្ធិមនុស្ស​រូបនេះ បញ្ជាក់​បន្ថែមថា សហភាព​អឺរ៉ុប​នឹង​ចេញ​របាយការណ៍​លើក​ទី​ពីរ​របស់ខ្លួន ដើម្បី​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បានដឹងថា តើ​រដ្ឋាភិបាល​សម្រេចបាន​លទ្ធផល​យ៉ាងណាខ្លះ​ក្នុង​ការស្តារ​ស្ថានភាព​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​
 
​ការត្រៀម​បញ្ចេញ​របាយការណ៍​លើក​ទី​ពីរ​របស់​សហភាព​អឺរ៉ុប ស្តីពី​ប្រព័ន្ធ​អនុគ្រោះ EBA ធ្វើឡើង បន្ទាប់ពី​ក្រុមមន្ត្រី​គណៈកម្មការ​អឺរ៉ុប​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​និង​កិច្ចការបរទេស​បានបញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​នៅ​កម្ពុជា​ជុំ​ទី​ពីរ កាលពី​ខែមិថុនា ដើម្បី​វាយតម្លៃ​ពី​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែលជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ បន្ត​ទទួលបាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA នេះ​។​
 
​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ី​ផាន មានប្រសាសន៍ថា ការសន្ទនា​អំពី​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA ជាមួយ​ភាគី​សហភាព​អឺរ៉ុប​នៅ​បន្ត​ដដែល តែ​លោក​មិនអាច​ឲ្យ​ដឹង​អំពី​សេចក្តីលម្អិត​ទាក់ទង​នឹង​ការសន្ទនា​នេះ​ទេ​។​
 
​ជា​ផ្នែក​មួយ​នៃ​ការ​រក្សាទុក​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ EBA លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​ក្រុមមន្ត្រី​របស់លោក​ទៅ​ស្វែងរក​ការគាំទ្រ​ពី​ប្រទេស​ចំនួន​បី​នៅ​អឺរ៉ុប​ខាងកើត​ដែលជា​សមាជិក​របស់​ស​ហ​ភាព​អឺរ៉ុប​។ ប្រទេស​ទាំងបី​នោះ មាន​សាធារណរដ្ឋ​ឆេ​ក ហុង​គ្រី និង​ប៊ុលហ្គារី​។ មេដឹកនាំ​ប្រទេស​ទាំងនោះ បានបង្ហាញ​ការគាំទ្រ​ជា​វិជ្ជមាន​ដល់​កម្ពុជា ដោយ​មិន​ចង់​ឲ្យ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​ឋានៈ​អនុគ្រោះ​ពន្ធ​នេះ​ទេ​។​
 
​ថ្មីៗ​នេះ លោក យ៉ា​ណូ​ស អា​ឌ័​រ (Janos Ader) ប្រធានាធិបតី​ប្រទេស​ហុង​គ្រី បានបញ្ជាក់​ជំហរ​ម្តងទៀត ថា​នឹង​គាំទ្រ​មិន​ឲ្យ​កម្ពុជា បាត់​របូត​ធ្លាក់​ពី​ដៃ​ប្រព័ន្ធ​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ EBA នោះទេ​។ ការបញ្ជាក់​នេះ ធ្វើឡើង​នៅពេលដែល​លោក​ប្រធានាធិបតី​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បួន​ថ្ងៃ​នៅ​កម្ពុជា ដែល​ដំណើរ​ទស្សនកិច្ច​នេះ​បានបញ្ចប់​នៅ​ថ្ងៃ​ពុធ​នេះ​។​
 
​ក្រុមមន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ការការពារ​សិទ្ធិមនុស្ស​ជឿថា ប្រទេស​ហុង​គ្រី និង​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ពីរ​ទៀត​នោះ មិនមាន​ឥទ្ធិពល​ដល់​ការធ្វើ​សេចក្តីសម្រេចចិត្ត​របស់​សហភាព​អឺរ៉ុប ដែល​នឹង​ផ្អែកលើ​សំឡេង​ភាគច្រើន​ក្នុងការ​សម្រេចសេចក្តី​។ ពួកគេ​ថា ប្រទេស​ដែលមាន​ឥទ្ធិពល រួមមាន​ប្រទេស​អាល្លឺម៉ង់ បារាំង និង​ស៊ុយអែត​ជាដើម​៕​

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com