កីឡាអន្តរជាតិ
អន្តរជាតិ
EFL៖ Man Utd ទម្លាក់ Chelsea ឯ Liverpool ឈ្នះ Arsenal ដោយ​ប៉េ​ណា​ល់​ទី ដើម្បី​ឡើងទៅ​វគ្គ​៨​ក្រុម​
31, Oct 2019 , 11:59 am        
រូបភាព
​ក្រុម Manchester United បាន​យកឈ្នះ Chelsea ក្នុង​លទ្ធផល ២-១ នៃ​ការប្រកួត​ពានរង្វាន់ EFL Cup នៅ​យប់​ថ្ងៃទី​៣០ ខែតុលា ដើម្បី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​។ Liverpool ក៏បាន​ទម្លាក់ Arsenal ដោយ​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី ៥-៤ ក្រោយ​ក្រុម​ទាំងពីរ​បញ្ចប់​ការប្រកួត​ក្នុង​ម៉ោង​ផ្លូវការ​៩០​នាទី ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​គ្នា​សរុប​ចំនួន ១០​គ្រាប់​។​


 
​ក្នុងជំនួប​នៅ​កីឡដ្ឋាន Stamford Bridge ខ្សែប្រយុទ្ធ​វ័យក្មេង​ឆ្នើម Marcus Rashford បានបង្ហាញ​ទេពកោសល្យ​ដ៏​អស្ចារ្យ ដោយ​រកបាន​ដល់​ទៅ​២​គ្រាប់​ម្នាក់ឯង​។ គ្រាប់​ទី​១​ធ្វើបាន​ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​នៅ​នាទី​២៥ និង​គ្រាប់​ទី​២ តាមរយៈ​ការ​ស៊ុត​បាល់​ពិន័យ (Free kick) ពី​ចម្ងាយ​យ៉ាង​ល្អ​នៅ​នាទី​៧៣ ពោលគឺ​បន្ទាប់ពី​ខ្សែប្រយុទ្ធ Michy Batshuayi រក​គ្រាប់​តាម​ស្មើ​ឲ្យ Chelsea នៅ​នាទី​៦១​។​


 
​ជ័យជម្នះ​នេះ​បាន​ជួយ​ក្រុម Man Utd ដែលមាន​លោក Ole Gunnar Solskjaer ជា​អ្នកចាត់ការ​ទូទៅ​ឈានទៅ​កាន់​វគ្គ​១/៤ ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ EFL Cup​។​
​ដោយឡែក​ជំនួប​ក្រុម​ខ្លាំង​មួយគូ​ទៀត គឺ​រវាង Livperpool និង Arsenal ដែល​អាច​ស៊ុត​បញ្ចូល​ទី​គ្នា​សរុប​ដល់​ទៅ​១០​គ្រាប់ ពោលគឺ​ក្នុង​លទ្ធផល ៥-៥ មុន​ឈានដល់​ការទា​ត់បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។ 
 
​នា​កីឡដ្ឋាន Anfield ម្ចាស់ផ្ទះ​ហង្ស​ក្រហម​រកបាន​គ្រាប់​នាំមុខ​មុន តាមរយៈ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់​ខ្សែការពារ Shkodran Mustafi នៅ​៦​នាទី​ដំបូង មុនពេល​កាំភ្លើង​ធំ​តាម​បាន​៣​គ្រាប់​វិញ​នៅត្រឹម​នាទី​៣៦ ដែល​ធ្វើបាន​ដោយ Lucas Torreira នៅ​នាទី​១៩ និង​ខ្សែប្រយុទ្ធ​វ័យក្មេង Gabriel Martinelli ២​គ្រាប់​នៅ​នាទី​២៦, ៣៦​។ នៅ​ចុង​តង់​ទី​១​ទៅហើយ ខ្សែបម្រើ James Milner តាម​បាន​១​គ្រាប់​វិញ ដោយ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ ដែល​នាំ​ឲ្យ Arsenal នាំមុខ Liverpool នៅ​វគ្គ​ទីមួយ ៣-២​។​


 
​ចូលដល់​វគ្គ​ទី​២ នាទី​៥៤ Ainsley Maitland-Niles បន្ថែម​គ្រាប់​ទី​៤​ឲ្យ​កាំភ្លើង​ធំ មុនពេល Alex Oxlade-Chamberlain និង Divock Origi ស៊ុត​តាម​ស្មើ​ឲ្យ ហង្ស​ក្រហម​វិញ​ក្នុង​នាទី​៥៨ និង​៦២​។ ៨​នាទី​បន្ទាប់​ទៀត Joseph Willock សម្រេច​គ្រាប់​បាល់​នាំមុខ​សាជាថ្មី​សម្រាប់​ក្រុម​លោក Unai Emery និង​ជា​គ្រាប់​បាល់​ទី​៥​ផង​។ ភាពសប្បាយ​រីករាយរ​បស់​ក្រុម​ភ្ញៀវ​បាន​រលត់ទៅវិញ ក្រោយពេល​ខ្សែប្រយុទ្ធ Origi ប្រើ​ក្បាច់​ទាត់​ថយក្រោយ​ដើម្បី​បញ្ជូន​បាល់​ចូល​សំណាញ់​ទី Arsenal នៅ​នាទី​៩០ ដើម្បី​ឲ្យ​ក្រុម​ទាំងពី​បញ្ចប់​ទៅក្នុង​លទ្ធផល ៥-៥​។ 
 
​ក្រុម​ទាំងពីរ តម្រូវ​ឲ្យ​កាត់សេចក្តី​ដោយ​ការទា​ត់បាល់​ពិន័យ​ប៉េ​ណា​ល់ ដោយ​ក្នុងនោះ ហង្ស​ក្រហម​ឈ្នះ កាំភ្លើង​ធំ ៥-៤​។ ដូច្នេះ​ក្រុម​របស់លោក Jürgen Klopp ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជាមួយ​ក្រុម​៧​ទៀត​ដែល​រួមមាន Leicester City, Colchester United, Everton, Manchester City, Oxford United, Aston Villa និង Man Utd៕

Tag:
 EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com