អន្តរជាតិ
អាមេរិក​សម្រេច​ផ្អាក​ការហោះហើរ​ដ្រូ​ន​ផលិត​ដោយ​ក្រុមហ៊ុន​ចិន​លើ​ទឹកដី​ខ្លួន​
01, Nov 2019 , 7:39 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ក្រសួងមហាផ្ទៃ​អាមេរិក បានសម្រេច​ផ្អាក​បណ្តោះអាសន្ន​ការហោះហើរ​ទាំងអស់​រប​ស់​ដ្រូ​ន​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន​។ ចំណែក​ការលើកលែង​គឺ​មានតែ​ដ្រូ​ន​ប្រើ​ដើម្បី​គោលដៅ​បន្ទាន់​ប៉ុណ្ណោះ​។

 
​ដោយ​ពុំ​ផ្តល់​ហេតុផល​ច្បាស់លាស់​ជុំវិញ​ការសម្រេចចិត្ត​នេះ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អាមេរិក លោក Nick Goodwin លើកឡើងថា​៖«​រហូតដល់​ការត្រួតពិនិត្យ​បញ្ចប់​រួចរាល់ ក្រសួង​បាន​បញ្ជា​ថា ដ្រូ​ន​ដែល​ផលិត​ក្នុងប្រទេស​ចិន ឬ​បង្កើតឡើង​ដោយ​ផ្នែក​ខ្លះ​របស់​ចិន នឹងត្រូវ​ផ្អាក​ហោះ​ដើរ​»​។ លោក សង្កត់ធ្ងន់ថា ការត្រួតពិនិត្យ​លើ​ដ្រូ​ន​ចិន​នេះ ជា​បញ្ជា​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​អាមេរិក David Bernhardt ។​
 
​ការលើកលែង​នៃ​ចំណាត់ការ​នេះ គឺ​សម្រាប់​ដ្រូ​ន​ដែល​យកទៅ​ប្រើ​ដើម្បី​គោលដៅ​បន្ទាន់ ដូចជា ការប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​, ស្វែងរក​និង​សង្គ្រោះ និង​ទប់​ទល់នឹង​គ្រោះធម្មជាតិ​ផ្សេងៗ​។ លោក Goodwin លើកឡើង​បែបនេះ នៅ​ថ្ងៃទី​១ វិច្ឆិកា​។ 
 
​តាម​ប្រភព​ដែល​ដឹងលឺ​រឿងនេះ ក្រសួងមហាផ្ទៃ​អាមេរិក មាន​ដ្រូ​ន​ប្រមាណ ៨១០​គ្រឿង ហើយ​ស្ទើរ​ទាំង​អស់នៃ​ដ្រូ​ន​ដែល​ពួកគេ​កាន់កាប់ សុទ្ធសឹងតែ​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន​។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺមាន​តែ​២៤​គ្រឿង​ប៉ុណ្ណោះ ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក ហើយ​ពួកវា ក៏​ប្រើ​ផ្នែក​អេឡិចត្រូនិក​ខ្លះ​របស់​ចិន ដើម្បី​ផលិត​ផងដែរ​។  
 
​មែនទែនទៅ ការសម្រេចចិត្ត​ផ្អាក​ប្រតិបត្តិការ​នានា​របស់​ដ្រូ​ន​ផលិត​ដោយ​ក្រុមហ៊ុន​ចិន កើតឡើង​ក្រោយពី​សហរដ្ឋអាមេរិក​ធ្លាប់​បង្ហាញ​ក្តីកង្វល់​សន្តិសុខ​ពាក់ព័ន្ធ​គ្រឿង​អេឡិចត្រូនិក​របស់​ចិន​។ កាលពី​ថ្ងៃ​ឧសភា ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក បានចេញ​ការព្រមាន​ថា ដ្រូ​ន​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ចិន អាច​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ​។ 
 
​ចាប់តាំងពី​ឆ្នាំ​២០១៧​មក មន្ទីរ​បញ្ច​កោណ​អាមេរិក បានដាក់​បម្រាម​យោធា​ខ្លួន​ពី​ប្រើប្រាស់​ដ្រូ​ន​ចិន DJI ដោយ​លើក​ហេតុផល​សន្តិសុខ​។ យោងតាម​របាយការណ៍​ជាច្រើន ក្រុមហ៊ុន​ចិន DJI ផលិត​ប្រមាណ ៧០ ភាគរយ​នៃ​ដ្រូ​ន​ពាណិជ្ជកម្ម​របស់​ពិភពលោក​។​
 
​ក្រៅពី​ក្រុមហ៊ុន​ផលិត​ដ្រូ​ន​ចិន​ដ៏​ធំ​មួយ​នេះ ក្រុង​វ៉ាស៊ីនតោន ក៏បាន​ចាត់វិធានការ​ប្រឆាំង​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ដោយ​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក​ពី​ការលក់ ឬ​ផ្ទេរ​បច្ចេកវិទ្យា​ទៅកាន់​ក្រុមហ៊ុន​នេះ​។ ភ្នាក់ងារ​សម្ងាត់​អាមេរិក ជឿជាក់ថា ក្រុមហ៊ុន Huawei នៅ​ពីក្រោយ​ដោយ​យោធា​ចិន ហើយ​បច្ចេកវិទ្យា​និង​សម្ភារ​របស់​ក្រុមហ៊ុន​នេះ អាច​ផ្តល់​ឲ្យ​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​ដើម្បី​ធ្វើ​ចារកម្ម​លើ​បណ្តាញ​ទាក់ទង​របស់​បណ្តា​ប្រទេស​ដទៃ​៕

Tag:
 សហរដ្ឋអាមេរិក​
  ចិន​
  ដ្រូ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com