ក្មេងៗ​អាយុ​ក្រោម​១០​ឆ្នាំ នៅលើ​ភ្នំ​គូលែន ជួយ​បណ្ដុះ និង​ដាំ​កូនឈើ​ឡើងវិញ​
ជាតិ
វីដេអូ
ក្មេងៗ​អាយុ​ក្រោម​១០​ឆ្នាំ នៅលើ​ភ្នំ​គូលែន ជួយ​បណ្ដុះ និង​ដាំ​កូនឈើ​ឡើងវិញ​
01, Nov 2019 , 4:54 pm        
រូបភាព
​សៀមរាប​៖ សាលាបឋមសិក្សា​ភូមិ​សង្កែ​ឡាក់ ដែលមាន​ទីតាំង​នៅលើ​ខ្នងភ្នំ​គូលែន បាន​បង្ហាត់បង្រៀន​សិស្ស​ឲ្យ​ចេះ​បណ្ដុះ​កូនឈើ​ប្រណិត និង​ឈើ​ជិត​ផុត​ពូជ ដើម្បី​ដាំ​បន្ថែម​នៅលើ​ភ្នំ​គូលែន និង​ចែកចាយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន​។ សិស្ស​តូចៗ ដែលមាន​អាយុ​៧​ឆ្នាំ​ឡើងទៅ អាច​បណ្ដុះ​កូនឈើ និង​ថែរក្សា​កូនឈើ​បាន​យ៉ាង​ល្អ​។ ស្ថិតក្នុង​ទីតាំង​ថ្នាល​បណ្ដុះ​កូនឈើ​ដែល​គាំទ្រ​ដោយ​ក្រុមហ៊ុន Kulara Water កុមារី នីសា និង កុមារី ឃុន បញ្ជាក់ថា​៖ «​ការបណ្ដុះ និង​ដាំ​កូនឈើ​នេះ ដើម្បី​ធ្វើ​ឲ្យ​ភូមិ​មាន​កូនឈើ​, កុំ​ឲ្យ​ក្ដៅ​ហួតហែង និង​កុំ​ឲ្យ​ខ្វះ​ទឹក​»​។ 



​សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​សិស្សសាលា​បឋមសិក្សា​ភូមិ​សង្កែ​ឡាក់ លើ​ខ្នងភ្នំ​គូលែន ដែល​ចូលរួម​បណ្ដុះ​កូនឈើ​ដូចតទៅ​៖ 

 
​ថ្នាល​បណ្ដុះ​កូនឈើ​សង្កែ​ឡាក់ ជា​ថ្នាល​មួយ​ក្នុងចំណោម​ថ្នាល​បណ្ដុះ​កូនឈើ​ចំនួន ៣​នៅលើ​ភ្នំ​គូលែន​។ ថ្នាល​បណ្ដុះ​កូនឈើ​ទាំង​៣​នេះ ត្រូវបាន​ជួយ​ទំនុកបម្រុង​ពី​ក្រុមហ៊ុន Kulara Water ដើម្បី​ផ្ដល់​ពូជឈើ​យកទៅ​ដាំ​នៅតាម​ទីតាំង​ដែល​ត្រូវ​ដាំ​ដើមឈើ​ឡើងវិញ ជាពិសេស​បំផុសគំនិត​យុវជន​នៅក្នុង​តំបន់​ឲ្យ​យល់ដឹង​ពី​ការការពារ​បរិស្ថាន និង​ជីវចម្រុះ​។ កូនឈើ​ដែល​បណ្ដុះ​រួមមាន គគីរ​, ធ្នង់​, គ្រញូង​, ព្រហូត​, បេង​, នាងនួន​, ច្រេស និង​កូនឈើ​ជាច្រើន​ទៀត​។ 
 
​នៅ​ឆ្នាំ​២០១៨ ក្រុមហ៊ុន Kulara Water បានចាប់ផ្ដើម​គម្រោង​ដាំ​ដើមឈើ​ឡើងវិញ​នៅ​តំបន់ភ្នំ​គូលែន ដោយ​សហការ​ជាមួយ​មូលនិធិ​បុរាណវិទ្យា និង​ការអភិវឌ្ឍ (ADF)​។ ជាមួយគ្នានេះ គម្រោង ADF បាន​ដាំ​ដើមឈើ​លើ​ភ្នំ​គូលែន​ចំនួន ១៣០០០​ដើម​ផងដែរ​។ 
 
​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៨-៣០ តុលា​កន្លងទៅ ក្រុមហ៊ុន Kulara Water ដែល​ផលិត​ទឹករ៉ែ​ធម្មជាតិ​អូ​គូលែន បាន​អញ្ជើញ​អ្នកសារព័ត៌មាន​ចំនួន ១១​ស្ថាប័ន រួមទាំង​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ ទៅ​ទស្សនកិច្ច​ពី​ការផលិត​ទឹក និង​ការចូលរួម​ជួយ​សង្គម​តាមរយៈ​ការដាំ​ដើមឈើ និង​ការជួយ​សហគមន៍​៕

Tag:
 បរិស្ថាន​
  ដើមឈើ​
  ភ្នំ​គូលែន​
© រក្សាសិទ្ធិដោយ thmeythmey.com