ភ្នំពេញ៖ មនុស្សភាគច្រើនមិនបានគិតថា សិល្បៈមានតម្លៃឡើយ ប៉ុន្តែសិល្បៈតែងតែនៅកំដរមនុស្ស ព្រមទាំងជាមិត្តដ៏ស្មោះត្រង់បំផុតរបស់មនុស្ស នៅពេលដែលពួកគេជួបវិបត្តិផ្លូវចិត្ត។ នេះជាការលើកឡើងរបស់ លោក យាង វណ្ឌី ស្ថាបនិកក្រុមព្រះសុរិយា ដែលផ្ដោតទៅលើការស្រាវជ្រាវភាពយន្ត ក្នុងអំឡុងទសវត្សរ៍ឆ្នាំ៦០។ ក្រុមព្រះសុរិយា បានរៀបចំកម្មវិធី«មួយម៉ឺនអាល័យ» ដើម្បីបង្ហាញវត្តមានតារាសម្ដែងជើងចាស់ ដែលបានរួចជីវិតពីសង្គ្រាម ព្រមទាំងចាក់បញ្ចាំងភាពយន្តទសវត្សរ៍ឆ្នាំ៦០ផងដែរ។ ដ្បិតកម្មវិធី«មួយម៉ឺនអាល័យ» បានរៀបចំ៥លើករួចមកហើយក្ដី ប៉ុន្តែចំនួនអ្នកចូលរួមនៅមានកម្រិត ហើយចំនួនអ្នកគាំទ្រនេះ ធ្វើឲ្យលោក យាង វណ្ឌី សន្និដ្ឋានថា ខ្មែរមិនទាន់យល់តម្លៃសិល្បៈភាពយន្តកាលឆ្នាំនោះនៅឡើយ។
តទៅនេះ សូមស្ដាប់បទយកការណ៍ដែលរៀបចំដោយ កញ្ញា ប៉ូ សាគុន នៃសារព័ត៌មានថ្មីៗ ស្ដីពីការបញ្ចាំងភាពយន្ត ក្នុងកម្មវិធី«មួយម៉ឺនអាល័យ»លើកទី៥ដូចតទៅ៖
«ម្នាក់ៗគិតថា ភាពយន្តមិនមានតម្លៃ មិនដឹងមើលធ្វើអ្វី។ តែតាមការពិត មនុស្សត្រូវការសិល្បៈទាំងអស់នេះ ព្រោះពេលដែលយើងពិបាកចិត្ត យើងនឹកឃើញមុនគេ គឺភាពយន្តនេះហើយ។ ភាពយន្តនេះ មិនមែនជារបស់ខ្ញុំទេ តែវាជារបស់ទាំងអស់គ្នា។ ទោះខ្ញុំអំពាវនាវទាល់តែស្លាប់ខ្លួនទៀត តែប្រសិនបើអ្នកទាំងអស់គ្នាគិតថា វាមិនមែនជារបស់អ្នកទាំងអស់គ្នា ក៏អ្នកទាំងអស់គ្នាមិនចូលរួមដែរ។ អ្នកទាំងអស់គ្នាត្រូវតែចូលរួម ត្រូវតែដឹងថាសាវតាភាពយន្តខ្មែរកើតឡើងនៅពេលណា? ហើយហេតុអ្វីទើបយើងមាន? ហេតុអ្វីវាបាត់បង់? ហេតុអ្វីមានក្រុមព្រះសុរិយា»?
នេះគឺជាអ្វីដែលលោក យាង វណ្ឌី ស្ថាបនិកក្រុមព្រះសុរិយា សន្និដ្ឋានលើការយល់ឃើញរបស់ប្រជាជនខ្មែរចំពោះវិស័យសិល្បៈ ជាពិសេសផ្នែកភាពយន្តដែលក្រុមរបស់លោកបានស្រាវជ្រាវ។ រូប១
ក្នុងសាលដែលអាចផ្ទុកមនុស្សបានប្រមាណ២០០នាក់ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាកូរ៉េ CKCC ទទួលបានអ្នកចូលរួមប្រមាណជិតពាក់កណ្ដាលសាលតែប៉ុណ្ណោះនៅថ្ងៃបើកកម្មវិធីមួយម៉ឺនអាល័យលើកទី៥ របស់ក្រុមព្រះសុរិយា ហើយភាគច្រើនអ្នកចូលរួម ជាក្រុមដែលត្រូវបានអញ្ជើញ។
ថ្វីដ្បិតក្រុមនេះចែកសំបុត្រឱ្យចូលទស្សនាភាពយន្ត ដែលខ្លួនចំណាយប្រាក់ទិញពីបរទេសអស់រាប់ពាន់ដុល្លារ ដោយមិនគិតថ្លៃ ប៉ុន្តែចំនួនអ្នកគាំទ្រនៅតែមិនសូវផុសផល។ មានភាពយន្ត៣សំខាន់ៗសម្រាប់កម្មវិធី មួយម៉ឺនអាល័យ លើកទី៥នេះ គឺរឿង”ខ្យងស័ង្គ” រឿង “ពិជ័យវង្សា” និងរឿង”កាកី”។ ក្រោយបញ្ចប់កម្មវិធីបើក ស្ថាបនិកក្រុមព្រះសុរិយា មិនបានពន្យល់អ្វីច្រើនពីការខិតខំប្រឹងប្រែងរបស់ខ្លួនឡើយ ប៉ុន្តែលោកបានពន្យល់ពីគុណតម្លៃរបស់ភាពយន្តដែលក្រុមរបស់ខ្លួនពុះពារស្វែងរកនោះ។
និស្សិតកំពុងរង់ចាំម៉ោងបញ្ចាំងកុននៅខាងមុខសាល CKCC
«ហេតុអ្វីបានជាពួកយើងធ្វើការងារនេះ ធ្វើការងារដែលមិនមានប្រយោជន៍? ដោយសារយើងដឹងថាការងារនេះមានតម្លៃ។ ១០០ឆ្នាំទៅមុខទៀត វាមានតម្លៃជាបេតិកភណ្ឌជាតិ ដូចជាប្រាសាទអង្គវត្ត ឬប្រាសាទនានាដែរ។ ដូច្នេះបើយើងទុក៥ឆ្នាំឬ១០ឆ្នាំតទៅមុខទៀត ហើយវាបាត់បង់ ទោះបីយើងមានប្រាក់រាប់លានដុល្លារ ក៏យើងមិនអាចទិញកុនទាំងនោះមកវិញបានដែរ។ យើងមានប្រាក់ថតវិញក៏វាមិនអាចដូចគ្នាដែរ យើងមិនអាចទៅគាស់ វិជ្ជរា ដានី ណុក ណែម ឬតួកុនផ្សេងទៀតដែលបានស្លាប់ក្នុងសម័យសង្គ្រាមខ្មែរក្រហម មកថតវិញបានទេ»។ នេះជាការបញ្ជាក់បន្ថែមរបស់លោក វណ្ឌី។
អ្នកទស្សនាមួយរូប មកពីខេត្តតាកែវគឺកញ្ញា វុទ្ធី ចាន់ធូ វ័យ២១ឆ្នាំ។ បានដឹងពីការចាក់បញ្ចាំងភាពយន្តតាមរយៈការផ្ដល់ដំណឹងរបស់សកលវិទ្យាល័យដែលខ្លួនរៀន ចាន់ធូ ភ្ជាក់ផ្អើលចំពោះភាពយន្តពីដើមដែលនាងទើបតែបានមើលលើកដំបូងនេះ៖«សម្រាប់ខ្ញុំពេលមើលកុននេះហើយ ខ្ញុំមានអារម្មណ៍ថាមានមោទកភាពចំពោះផលិតករ និងអ្នកដឹកនាំដែលគាត់មានគំនិតល្អ ក្នុងការបង្ហាញពីអ្វីដែលជាខ្មែរយើង ដូចជារបាំនិងអ្វីផ្សេងទៀតបង្ហាញទៅប្រទេសគេ។ ទាំងការរាំ ការសម្ដែង និងការសម្ដែងទឹកមុខ គឺសមទាំងអស់»។
កញ្ញា វុទ្ធី ចាន់ធូ ឈរក្នុងសាលCKCCក្រោយពីការចាក់បញ្ចាំងកុនត្រូវបានបញ្ចប់
ចំណែកនិស្សិតមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានព្យាយាមមើលភាពយន្តរហូតចប់ម៉ោងបញ្ចាំង បើទោះបីជាភាពយន្តនោះមានទាក់រអាក់រអួលខ្លះ ហើយគុណភាពមិនសូវច្បាស់ព្រោះតែការរក្សាទុកក៏ដោយចុះ ប៉ុន្តែបុរសរូបនេះផ្ដោតទៅលើខ្លឺមសារអប់រំក្នុងរឿងជាសំខាន់៖«តួអង្គសម្ដែងសមដូចសម័យនេះដែរ។ រឿងនីមួយៗមានការអប់រំច្រើនណាស់ គ្រប់ទីកន្លែងគ្រប់សកម្មភាព។ គេបង្ហាញថាមនុស្សប្រុសទៅជួបមនុស្សស្រី ត្រូវមានការលាក់លៀម ដូច្នេះគេអប់រំថាសម័យនោះ មនុស្សស្រីនិងប្រុសមិនអាចជួបគ្នាបានទេ ទាល់តែជិតរៀបការ ឬក៏រៀបការហើយទើបជួបគ្នាបាន»។
ទោះជាយ៉ាងណាគុណភាពរឿង មិនបានធ្វើឱ្យបុរសសម្បុរស្រអែមរាងខ្ពស់រូបនេះ ថ្នាំងថ្នាក់ចិត្តឡើយ៖«សម័យនោះមិនទាន់មានបច្ចេកទេសល្អ មិនទាន់មានកាមេរ៉ាល្អដូចឥឡូវទេ ដូច្នេះគុណភាពអាចទទួលយកបានហើយ។ ភាពយន្តទាំងនោះពីមុនគេគិតថាល្អហើយ ប៉ុន្តែមកដល់ពេលនេះគេគិតថាទាក់ៗ មានបញ្ហាតិចតួចទៅតាមបច្ចេកទេស ព្រោះថាពីមុនក៏មិនសូវទំនើបដែរ ដូច្នេះយើងអាចមើលបាន»។
និស្សិតប្រុសឈរនៅមុខសាលCKCCក្រោយពីមើលកុនរួច
ចំពោះលោក យាង វណ្ឌី បានបកស្រាយអំពីគុណភាពហ្វីលភាពយន្ត ដោយផ្អែកលើបទពិសោធដែលខ្លួនធ្លាប់ធ្វើការពាក់ព័ន្ធផ្នែកទាំងនោះកន្លងមក៖«ជាធម្មតាហ្វីលនៅពេលដែលយើងមិនបានរក្សាទុកឱ្យល្អនោះវានឹងខូច។ ពេលដែលខូចហើយ ទោះយើងយកមកច្នៃយ៉ាងណាក៏នៅតែមានគុណភាពអន់ដែរ។ រឿងក្នុងមួយដុំហ្វីល១ពាន់ដុល្លារ។ រឿងរបស់យើងយកទៅថៃដំបូង៣ដុំ គេកាត់ចម្រៀងខ្លះ កាត់អក្សរខ្លះ ហើយទុកឱ្យខូចទៀត វាអាចសល់តែ១ដុំ»។
ឈរជាមួយមិត្តក្រោយពីមើលភាពយន្តចប់ បុរសដែលមានទស្សនៈវិជ្ជមានចំពោះភាពយន្ត បានប្រាប់ពីសារសំខាន់របស់ភាពយន្ត តាមការយល់ឃើញរបស់ខ្លួនដូច្នេះ៖«ខ្ញុំគិតថាការស្រាវជ្រាវភាពយន្តពីមុនមកបញ្ចាំងបែបនេះវាល្អ ព្រោះអាចឱ្យកូនខ្មែរជំនាន់ក្រោយដឹងពីទិដ្ឋភាពសម័យមុនមានអ្វីខ្លះ? មានការអប់រំយ៉ាងណាខ្លះ? មានការដាស់តឿនយ៉ាងណាខ្លះ?
និស្សិតរូបនេះលើកទឹកចិត្តយុវជនដទៃ ទាំងភ្នែករេទៅមើលមនុស្សជុំវិញខ្លួនបែបនេះ៖«ខ្ញុំចង់លើកទឹកចិត្តកូនខ្មែរជំនាន់ក្រោយ ឱ្យមកមើលរឿងសម័យមុនៗ និងជួយលើកទឹកចិត្តកម្មវិធីមួយម៉ឺនអាល័យ។ ខ្ញុំលើកទឹកចិត្តពួកគាត់ ព្រោះគាត់ខំស្រាវជ្រាវរករឿងសម័យមុន ឱ្យកូនខ្មែរជំនាន់ក្រោយបានដឹងថាតួសម្ដែងសម័យមុនមានអ្នកណាខ្លះ»។
អ្នកទស្សនាអង្គុយរង់ចាំមើលភាពយន្ត
ប្រធានក្រុមព្រះសុរិយាលោក យាង វណ្ឌី មិនហ៊ានអះអាងមុតមាំថានឹងមានកម្មវិធី មួយម៉ឺនអាល័យ នៅឆ្នាំក្រោយឡើយ ប៉ុន្តែលោកបានបញ្ជាក់ថាវាអាចទៅរួចប្រសិនបើមានការគាំទ្រច្រើន៖«ប្រសិនបើមានអ្នកគាំទ្រច្រើនយើងនឹងធ្វើទៀត។ បើមានអ្នកគាំទ្រច្រើនយើងធ្វើមួយសប្ដាហ៍ឯណោះ ប៉ុន្តែយើងធ្វើតែ៣ថ្ងៃហ្នឹងមិនដឹងថាការចូលរួមផុសផុលយ៉ាងណាផង។ យើងចង់ឱ្យទាំងអស់គ្នាបានមកចូលរួម។ ព្រឹត្តិការណ៍ដែលខ្ញុំធ្វើ៣ថ្ងៃនេះ ខ្ញុំធ្វើបានតែ២ដងទេ គឺមួយម៉ឺនអាល័យលើកទី១ និងមួយម៉ឺនអាល័យលើកទី២។ សម្រាប់កម្មវិធីលើកនេះ គឺច្រើនជាងឆ្នាំមុន»។
ឈរមើលទៅជ្រុងតាំងលក់ផលិតផលផ្សេងៗ ដែលស្ថិតនៅខាងឆ្វេងផ្លូវចូលទៅសាលបញ្ចាំងភាពយន្ត លោក វណ្ឌី ពន្យល់ពីហេតុផលដែលប្រជាជនខ្មែរ គួរតែងាកមកយកចិត្តទុកដាក់ និងគាំទ្រវិស័យភាពយន្តខ្មែរ ព្រមទាំងសិល្បៈខ្មែរដទៃទៀត ខណៈពេលដៃទាំងពីរក្ដោបចូលគ្នា៖«ព្រឹត្តិការណ៍ភាពយន្តនិងព្រឹត្តិការណ៍សិល្បៈច្រើនទៀត យើងត្រូវតែចូលរួម។ ទោះបីសព្វថ្ងៃយើងស្លៀកពាក់របៀបទំនើបយ៉ាងណាក៏ដោយ តែយើងដឹងថាសាវតាយើងមកពីណា។ គាំទ្រដើម្បីឱ្យយើងទាំងអស់គ្នាមានការងារធ្វើ។ ពួកខ្ញុំសប្បាយចិត្ត ទោះបីយើងចាយថវិកាខ្លួនឯងក៏ដោយ»។
យោងតាមឃ្លាមួយស្រង់ចេញពីសៀវភៅ”មរតកតន្ត្រីខ្មែរ” ដែលជាស្នាដៃស្រាវជ្រាវរបស់អ្នកស្រី កែវ ណារុំ បណ្ឌិតទស្សនវិជ្ជា វិទ្យាសាស្ត្រសិល្បៈ សរសេរក្នុងអារម្ភកថា បានបញ្ជាក់ថា សិល្បៈគឺជាវិស្វករនៃដួងព្រលឹង៕
ព្រះឆាយាល័ក្ខណ៍ ព្រះករុណាព្រះបរមរតនៈកោដ្ឋ ដែលបានតាំងនៅខាងមុខសាលCKCC