អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា រៀបចំ​ប្រគំ​តន្ត្រី​សប្បុរសធម៌​លើក​ទី​៧
02, Nov 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក​តូយ៉ូតា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ជា​លើក​ទី​២​ស្តីអំពី ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក លើក​ទី​៧ នៅ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៩​នេះ​។​
 
​លោក ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន បាន​ឲ្យ​ដឹងថា «​ថ្ងៃនេះ​គឺជា​ថ្ងៃ ដែល​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក​នឹង​ត្រូវបាន​ប្រគំ​ឡើង នៅ​សាលសន្និសីទ​ចតុមុខ នា​វេលា​ម៉ោង ៧​យប់​។ ពិតជា​មោទនភាព ដ៏​ធំធេង​សម្រាប់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក្នុងការ​នាំមក​ជូន​នូវ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​សប្បុរសធម៌​ដ៏​អស្ចារ្យ​នេះ​»​។ 


 
​ឆ្លៀត​ក្នុងឱកាស​ដ៏​វិសេសវិសាល​នេះ លោក​ឧកញ៉ា​បានបញ្ជាក់​ជូន​ជាថ្មី​ម្តង​ទៀតថា «​ការប្រគំ​តន្ត្រី​សប្បុរសធម៌ តូយ៉ូតា​ក្លា​ស៊ិ​ក ក៏ត្រូវ​បានផ្តល់​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​ជាទីបំផុត តាមរយៈ​ការយាង​ចូលរួម​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ហើយ​នេះ​គឺជា​ឆ្នាំ​ទី​៥ នៃ​ការយាង​ចូលរួម​របស់​ទ្រង់​។ តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក នា​រាត្រី​នេះ នឹងមាន​ការចូលរួម​សម្តែង​ពី ក្រុម​តន្ត្រី​ដ៏​ល្បីល្បាញ​និង​ចំណាស់​មួយ ដែលមាន​អាយុកាល ប្រមាណ​ជា​ជិត ១០០​ឆ្នាំ មកពី​ចក្រភព​អង់គ្លេស គឺ​ក្រុម London Chamber Orchestra ក្រោម​ការដឹកនាំ​របស់​លោក Christopher Warren-Green​។ 
​លោក​ឧកញ៉ា បន្ថែមថា ជាមួយគ្នានេះ តន្ត្រី​សប្បុរសធម៌ តូយ៉ូតា ក្លា​ស៊ិ​ក នឹងមាន​ការសម្តែង​ជូន​បទ​ចម្រៀង ពី​សំណាក់​ក្រុម​តន្ត្រីសម័យ គឺ ក្រុម​តូច Small World Small Band ដែល​ពួកគាត់​នឹង​លើ​កង នូវ​ចម្រៀង​ចំនួន ២​បទ ដែល​ឆ្លុះបញ្ចាំង​ពី ប្រទេស​កម្ពុជា គឺ​បទ ឱ​ទង់ជាតិ​ខ្មែរ និង​បទ បានទេ ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​តស៊ូ​។ បទ​នេះ គឺ​ត្រូវ​ជាមួយនឹង​គម្រោង «​អ្នក​អាច​ធ្វើបាន​» ឬ Start Your Impossible ដែលជា​គម្រោង​ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន តូយ៉ូតា​»​។​


 
​លោក​ឧកញ៉ា បានបញ្ជាក់​ទៀតថា «​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅនេះ គឺជា​ឆ្នាំ​ទី​២ ដែល​ក្រុមហ៊ុន​បាន​បន្ត​សហការ គម្រោង​អ្នក​អាចធ្វើ​បាន ជាមួយ​និស្សិត នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ក្នុងការ​ចែករំលែក​ចំណេះដឹង និង​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍ តូរ្យតន្ត្រី រវាង​ក្រុម London Chamber Orchestra និង​ក្រុមនិស្សិត​។ តាមរយៈ​សិក្ខាសាលា​តូរ្យតន្ត្រី​នេះ ក្រុមហ៊ុន ជឿជាក់ថា ក្រុមនិស្សិត នឹង​អាច​ពង្រីក និង​ពង្រឹងសមត្ថភាព​របស់​ខ្លួន​សម្រាប់​ចាប់យក​ឪ​កាស​សម្តែង​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ នៅ​ថ្ងៃ​អនាគត បាន​ជាក់​ជាមិនខាន​»​។​
 
​ជា​រៀងរាល់ឆ្នាំ ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នេះ មិន​ត្រឹមតែ​បាន​នាំមក​នូវ​តន្ត្រី ដ៏​ល្បីល្បាញ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ឆ្លុះ​បង្ហាញ​អំពី​សកម្មភាព​សប្បុរស​ធម៌​របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ក្នុងការ​រួមចំណែក ជួយ​ដល់​សង្គមជាតិ​កម្ពុជា​យើង ផងដែរ​។ ចំពោះ​រាល់​ថវិកា ដែល​ទទួលបាន​ពី​ការលក់​សំបុត្រ ក្នុង​ការប្រគំ​តន្ត្រី​ក្នុងឆ្នាំនេះ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) នឹង​បរិច្ចាគ ជា​មូលនិធិ​សប្បុរសធម៌ ជូន​ដល់ មន្ទីរពេទ្យ​គន្ធបុប្ផា មន្ទីរពេទ្យ​កុមារ​អង្គរ និង​មជ្ឈមណ្ឌល​ព្យាបាល​កុមារ Japan Heart​។​


 
​លោក​ឧកញ៉ា​បាន​ថ្លែងថា «​គិត​មកដល់​ត្រឹម​ថ្ងៃ​ប្រគំ​តន្ត្រី​នេះ ចំណូល​សរុប ដែល​បានមកពី​ការលក់​សំបុត្រ​ចូលរួម​ទស្សនា​មាន​ចំនួន​ស្មើនឹង ២៧, ១៦០ ដុល្លារ ហើយ​លើសពីនេះទៅទៀត ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​)​ក៏​និង​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន បន្ថែមចំនួន ២៣,០០០ ដុល្លារ ដោយ​ចំនួន​ថវិកា​នេះ ពុំទាន់​បាន​រាប់បញ្ចូល​នូវ​ថវិកា​ដែល​នឹង​ប្រមូលបាន​ពី ប្រអប់​មូលនិធិ​សប្បុរសធម៌ ដ៏ទៃទៀត ក្នុង​ការប្រគំ​តន្ត្រី នា​រាត្រី​នេះឡើយ​។ ចំពោះ​ថវិកា ដែល​ប្រមូលបាន​ទាំងអស់ ដូច​មាន​រៀបរាប់​ខាងលើ នឹងត្រូវ​បរិច្ចាគ ដោយផ្ទាល់​ពី​តំណាង​ក្រុមហ៊ុន តូយ៉ូតា ទៅកាន់ មន្ទីរពេទ្យ​ទាំងបី នាពេល​ដ៏​ខ្លី​ខាងមុខនេះ​»​។​
 
​អ្វីដែល​កាន់តែ​គួរ​ឲ្យ​កោតសរសើរ​ទៀត​នោះ ក្រៅពី​ការប្រគំ​តន្ត្រី​សប្បុរសធម៌​តូយ៉ូតា ក្លា​ស៊ិ​ក​នេះ ក្រុមហ៊ុន តូយ៉ូតា ក៏បាន​រួមចំណែក​ក្នុង​កិច្ចការ​សង្គម ដូចជា ការប្រកួត​គំនូរ​រថយន្ត​តូយ៉ូតា​ក្នុង​ក្តី​ស្រមៃ ការបរិច្ចាគ​មូលនិធិ​សម្រាប់​គាំទ្រ​លើ​ផ្នែក​សុខភាព​និង​វេជ្ជសាស្ត្រ ការផ្តល់​អាហារូបករណ៍ ជូន​ដល់​និស្សិត​ក្រីក្រ ការអប់រំ​លើ​សុវត្ថិភាព​ចរាចរណ៍ ការចូលរួម​ដាំ​កូនឈើ និង​ការប្រកួត​កីឡាបាល់ទាត់​សម្រាប់​កុមារ ជាដើម​។​
 
​ជា​ចុងបញ្ចប់​លោក ឧកញ៉ា គង់ នួន បាន​ថ្លែងអំណរគុណ​ដល់​បណ្តា ភ្ញៀវកិត្តិយស​ជាតិ និង​អន្តរជាតិ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក ក្នុងការ​ជាវ​សំបុត្រ ទស្សនា​តន្ត្រី​សប្បុរសធម៌​នេះ ផងដែរ​។ លោក​ឧកញ៉ា​សង្ឃឹមថា ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​នឹង​រីករាយ​ទស្សនា ការសម្តែង និង​ទទួលបាន​បទពិសោធន៍ ថ្មី​រួម​ជាមួយនឹង​ការចូលរួមចំណែក ជួយ​ដល់​កុមារ​កម្ពុជា ផងដែរ​៕ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖ ០១៧ ២២២ ៥៣២/ ០១៧ ៣៣៣ ៩៥៧












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com