ជាតិ
អណ្ដើកហ្លួង១៤៨ក្បាល ត្រូវអង្គការ WCS មើលថែទុកបន្តពូជ និងយកទៅលែងក្នុងជម្រកធម្មជាតិ ក្រុមអ្នកមើលថែសត្វអណ្ដើកកហ្លួង រូបភាបពីទំព័រហ្វេសប៊ុករបស់អង្គការ WCS
× សត្វអណ្ដើកហ្លួង១៤៨ក្បាលនៅខេត្តកោះកុង ត្រូវអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ពិនិត្យនិងវាយតម្លៃលើសុខភាពប្រចាំឆ្នាំ ដើម្បីដឹងពីស្ថានភាពលូតលាស់ ហើយនឹងលែងទៅជម្រកធម្មជាតិ ឬទុកបន្តពូជនៅមជ្ឈមណ្ឌល។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការ WCS ថ្ងៃទី១ ខែវិច្ជិកា ឆ្នាំ២០១៩។
ក្រុមការងាររបស់អង្គការ WCS បានថ្លឹងទម្ងន់និងវាស់ទំហំអណ្ដើកទាំងអស់ដើម្បី ពិនិត្យការលូតលាស់និងតាមដានជំងឺផ្សេងៗ។ ក្រុមជំនាញបានពិនិត្យឃើញសត្វអណ្ដើត២ក្បាល កើតបូសនៅត្រង់ជើង ហើយត្រូវបានវះកាត់។
អង្គការ WCS នឹងបន្តចិញ្ចឹមអណ្តើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង រហូតដល់វាធំធាត់អាចបន្តពូជបាន ហើយនឹងត្រូវលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញ ឬទុកសម្រាប់ធ្វើការបន្តពូជនៅក្នុងមជ្ឈមណ្ឌល។
ជាមួយគ្នានេះដែរ អង្គការ WCS បានលើកឡើងថា ការថែទាំឲ្យអណ្តើកទាំងនេះមានសុខភាពល្អ មានសុវត្ថិភាព និងអាចមានលទ្ធភាពបន្តពូជបាន គឺជាការបង្កើនឱកាសកាន់តែច្រើនឡើងសម្រាប់ការរស់រានរបស់ប្រភេទសត្វអណ្ដើកហ្លួង ដែលកំពុងទទួលរងការគំរាមកំហែងជិតផុតពូជនេះ៕
Tag:
ជាតិ
អណ្ដើកហ្លួង
ខេត្តកោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com