ជាតិ
សិល្បះ
អង្គការ​សិល្បៈ​ខ្មែរ​អមតៈ រៀបចំ​មហោស្រព​សិល្បៈ​១០​ថ្ងៃ
03, Nov 2019 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ នឹង​រៀបចំ​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព រយៈពេល​១០​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។ ការប្រគំ​តន្ត្រី ទស្សនីយភាព​ល្ខោន របាំ សិក្ខាសាលា​សិល្បៈ ពិព័រណ៍ កិច្ចពិភាក្សា និង​កម្មវិធី​ផ្សេងៗ​ទៀត និង​បង្ហាញ​វត្តមាន​ក្នុង​មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​នេះ​។



​ក្នុង​បំណង​ផ្សព្វផ្សាយ​ពី​គុណ​តម្លៃ​សិល្បៈ​វប្បធម៌ ដែល​រួមចំណែក​អភិវឌ្ឍ​សង្គម​កម្ពុជា ក្រោយ​ការដួលរលំ​របប​ខ្មែរក្រហម​អស់​រយៈពេល​៤០​ឆ្នាំ និង​ដើម្បី​អបអរសាទរ​ខួប​២០​ឆ្នាំ​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព​ត្រូវបាន​បង្កើតឡើង​។ មហោស្រព​នេះ​ក៏​បង្ហាញ​ពី​ការដឹងគុណ ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់សិ​ល្បករ ព្រឹទ្ធាចារ្យ​សិល្បៈ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ក្នុងការ​ស្ដារឡើងវិញ​នូវ​ទម្រង់​សិល្បៈ ដែល​រងគ្រោះ​ទាំងឡាយ និង​បន្ត​ឱ្យ​រស់រាន​ឡើងវិញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​នោះ​។

​មហោស្រព​ដែលមាន​រយៈពេល​១០​ថ្ងៃនេះ មានការ​សម្ដែង​ចាប៉ី​និង​ស្មូត្រ​៣​ជំនាន់ ការប្រគំ​បទ​”​មន្ត​ភ្លេង​” ដោយ​ក្រុម​មេធា ការសម្ដែង​ល្ខោន​យីកេ​រឿង “​ម៉ាក់ថឺង​” របាំ​សហ​សម័យ​”​ក្ដី​ស្រមៃ​” ការ​បញ្ចាំងភាពយន្ត​”​ទី​ដំរី​យំ​” ល្ខោននិយាយ​ស្នាដៃ​ថ្មី​រឿង​”​គ្រូទាយ​” “​ចាប៉ី​កេរ​ពី​តា​” “​ម្នាក់ឯង​ជាថ្មី​” ការប្រគំ​តន្ត្រីបុរាណ​ថ្មី​”​មិត្តភាព​” “​ការប្រគំ​តន្ត្រី​” ដោយ​ក្រុម​សិល្ប​ករទី​ដំរី​យំ រថយន្ត​តន្ត្រី​ទិព្វ​ខ្មែរ  ក្មេង​ខ្មែរ និង​ក្រុម​សិល្បករ​ជាច្រើន​ទៀត​។

​ក្រៅពី​ការសម្ដែង​សិល្បៈ​ខាងលើ មហោស្រព​សិល្បៈ​ដើម្បី​សន្តិភាព ក៏មាន​រៀបចំ​កិច្ចពិភាក្សា​និង​សិក្ខាសាលា​ស្ដីពី ការសន្ទនា​អន្តរ​ជំនាន់ ការផ្សះផ្សា​និង​ការព្យាបាល ការធ្វើឱ្យ​អនុស្សាវរីយ៍​រស់រាន​ឡើងវិញ ការរាប់​បញ្ចូល​និង​ការតស៊ូ​មតិ សិល្បៈ​និង​បរិស្ថាន សេរីភាព​និង​ក្ដីសង្ឃឹម ផងដែរ​។

​មហោស្រព​ទាំង​១០​ថ្ងៃនេះ​មានការ​តាំងពិព័រណ៍​ស្នាដៃ​របស់​សិល្បករ​រូបថត និង​វីរជន​សិល្បៈ​លាក់​មុខ​មកពី​២៥​ខេត្ត​-​ក្រុង​-​រាជធានី​។​

​ថវិការ​ដែល​ប្រមូលបាន​ពី​ការលក់​សំបុត្រ និង​យកទៅ​ប្រើប្រាស់​ក្នុង​គម្រោង​នានា ដែល​ជួយ​ជំរុញ​ដល់​វិស័យ​សិល្បៈ និង​វប្បធម៌​នៅ​កម្ពុជា​រួមមាន ផ្ដល់ប្រាក់​បៀវត្សរ៍​ដល់​ព្រឹទ្ធាចារ្យ​សិល្បៈ កម្មវិធី​អាហារូបករណ៍ កម្មវិធី​បណ្ដុះបណ្ដាល​អ​ភិ​វឌ្ឍន៍​អាជីព និង​គម្រោង​សិល្បៈ​នានា​ដែល​ជួយ​ដល់​សិល្បករ​ជំនាន់​ថ្មី ក៏ដូចជា​ពង្រឹង​និរន្តរភាព​វិស័យ​សិល្បៈ និង​វប្បធម៌​នៅ​ប្រទេស​កម្ពុជា​ផងដែរ​៕



Tag:
 សិល្បៈ​
 ​សិល្បៈ​ខ្មែរ​អមតៈ​
  តន្ត្រី​
 ​របាំ​
 ​ស្មូត្រ​
 ​ម​ហោ​ស្ព​
 ​សន្តិភាព​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com