អត្ថបទពាណិជ្ជកម្ម
វី​ង (Wing) ឈ្នះ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន បី​ឆ្នាំ​ជាប់​គ្នា​
04, Nov 2019 , 11:46 am        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ធនាគារ​ឈានមុខ​គេ ក្នុង​ការផ្តល់សេវា​ធនា​គារ​ចល័ត​នៅ​កម្ពុជា ត្រូវ​បានផ្តល់​កិត្តិយស​ជាមួយ​ពានរង្វាន់​ធុរកិច្ច​អាស៊ាន (ABA) ប្រចាំឆ្នាំ ២០១៩ ក្នុង​ប្រភេទ «​សហគ្រាស​សង្គម​ដែលមាន​និរន្តរភាព​» នា​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ នេះ​ជា​ឆ្នាំ​ទី​បី​ហើយ ដែល​ក្រុមហ៊ុន​ដ៏​ឆ្នើម​មួយ​នេះ បានទទួល​ពានរង្វាន់​ធុរកិច្ច​អាស៊ាន​។​
 
​ពិធី​ប្រគល់​ពានរង្វាន់​នេះ ត្រូវបាន​ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក Anutin Charnvirakul ដោយមាន​ចូលរួម​ពី​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រួមគ្នា​ស្តីពី​ពាណិជ្ជកម្ម ឧស្សាហកម្ម និង​ធនាគារ (JSCCIB) លោក Kalin Sarasin ប្រធាន​សហព័ន្ធ​ឧស្សាហកម្ម​ថៃ លោក Supant Mongkolsuthree ក៏ដូចជា​ប្រធាន​សមាគម​ធនាគារិក​ថៃ លោក Predee Daochai ។​
 
លោកជំទាវ ម៉ៅ ចំណាន អគ្គនាយិកា​ប្រតិបត្តិការ  នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ ​បាន​ចូលរួម​ទទួល​ពានរង្វាន់​នៅក្នុង​កម្មវិធី​នេះ​។ លោកស្រី​បាន​មានប្រសាសន៍ថា​៖«​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ទាំងអស់ និ​យោ​ជិ​ក និង​ដៃគូ​អាជីវកម្ម​ជាច្រើន​ទៀត ដែល​បានរួម​ចំណែក​ឲ្យ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ទទួលបាន​ពានរង្វាន់​នៅថ្ងៃនេះ​។ បើ​គ្មាន​ការចូលរួម​គាំទ្រ​ដ៏​ធំធេង​របស់​អ្នក​ទាំងអស់គ្នា​នោះទេ ចក្ខុវិស័យ​របស់​វី​ង នឹងមិន​ត្រូវ​បានទទួល​ស្គាល់ ព្រមទាំង​មានការ​រីកចម្រើន មកដល់ពេលនេះ​ទេ​»​។​


 
អ្នកឧកញ៉ា គិត ម៉េង ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត  បាន​មានប្រសាសន៍ថា​៖«​សមិទ្ធផល​ថ្ងៃនេះ ពិតជា​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត និង​ការខិតខំ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​ទាំងមូល​។ ការទទួលស្គាល់​មួយ​នេះ គឺជា​ការជំរុញ​ទឹកចិត្ត​យើង​ឱ្យ ខិតខំ​ដើរ​ទៅមុខទៀត និង​បន្ត​នាំមក​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត តាមរយៈ​ផលិតផល​ថ្មី ដែល​បំពេញតម្រូវការ​អតិថិជន​របស់​យើង​»​។​
 
​ពានរង្វាន់​ធុរកិច្ច​អាស៊ាន ត្រូវបាន​ផ្តួចផ្តើម​ដោយ ASEAN-BAC ក្នុង​ឆ្នាំ​២០០៧​។ ជា​រៀងរាល់ឆ្នាំ ពួកគេ​ទទួលស្គាល់​សហគ្រាស​សង្គម​ឆ្នើម ដែលមាន​លក្ខណៈ​ច្នៃប្រឌិត និង​បាន​ចូលរួម​វិភាគទាន​យ៉ាងសំខាន់ ដល់​អ្នក​ខ្សត់ខ្សោយ នៅក្នុង​សហគមន៍​នានា​របស់​ពួកគេ​។​
 
​លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត  បាន​ថ្លែង​ដោយ​មោទកភាព​ថា​៖«​ខ្ញុំ​ពិតជា​មាន​ភាព​ត្រេកអរ និង​សប្បាយរីករាយ​ឥតឧបមា ដែល​អាច​គាំទ្រ​បេសកកម្ម​របស់​ក្រុមហ៊ុន​យើង ប្រកបដោយ​ប្រសិទ្ធភាព ដែល​ការធ្វើ​បែបនេះ ជះឥទ្ធិពល​ជា​វិជ្ជមាន ដល់​ការទទួលបាន​សេវា​ហិរញ្ញវត្ថុ​តាម​ទូរស័ព្ទ​ចល័ត សម្រាប់​ប្រជាជន​កម្ពុជា នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​»​។​


 
​កាលពី ១០ ឆ្នាំមុន វី​ង បានចាប់ផ្តើម​ផ្ដល់​សេវា​ផ្ទេរប្រាក់ ហើយក៏​បាន​បន្ត​អភិវឌ្ឍន៍​ខ្លួន​រហូតមក​ដើម្បី​ផ្តល់ជូន​នូវ​ផលិតផល រួមទាំង​សេវាកម្ម​ជាច្រើន ដែល​កំពុង​ជំរុញ​កំណើន​នៃ​ការទូទាត់​ដោយ​មិន​ប្រើប្រាស់​ក្រដាសប្រាក់ នៅក្នុង​ប្រទេស​កម្ពុជា​។ វី​ង​នៅតែ​ឈរ​នៅ​ជួរមុខ​គេ នៃ​ទីផ្សារ​សេវា​ផ្ទេរប្រាក់​តាម​ទូរស័ព្ទ និង​អេឡិចត្រូនិក​នៅក្នុង​ប្រទេស ដែលមាន​សេវា​គ្របដណ្តប់​តាម​ស្រុក ១០០ ភាគរយ ជាមួយ​ភ្នាក់ងារ​វី​ង​ជាង ៧០០០ កន្លែង​ទូទាំងប្រទេស​។ អតិថិជន​វី​ង​អាច​បញ្ចូល​ទឹកប្រាក់​ក្នុង​ទូរស័ព្ទ​របស់​ពួកគេ ទូទាត់​វិក័យប័ត្រ ផ្ទេរប្រាក់ ទិញ​ទំនិញ​ពី​ហាង តាម​អ៊ីនធឺណិត​នៅក្រៅ​ប្រទេស កក់​សំបុត្រ​យន្តហោះ ទូទាត់​ថ្លៃ​អាហារ តាមរយៈ​សេវាកម្ម WingPay ដែលជា​សេវាកម្ម​ទូទាត់​ប្រាក់​ដោយ​ស្កេ​ន QR កូដ ហើយក៏​អាច​ទទួលបាន​ការផ្ញើ​ប្រាក់​ពី​ប្រទេស​ជាង ២០០ នៅ​ទូទាំង​ពិភពលោក​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com