អន្តរជាតិ
ហ្វេ​ស​ប៊ុ​ក​បញ្ចេញ​Logo​ថ្មី​បង្អួត​ថា ខ្លួន​ជា​មេ​របស់ Instagram និង WhatsApp …
05, Nov 2019 , 10:32 am        
រូបភាព
ដោយ:
​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) នៅ​ថ្ងៃ ៤ វិច្ឆិកា បាន​បញ្ចេញ​និមិត្តសញ្ញា​តំណាង (Logo) ដែលមាន​គោលដៅ​តំណាង​ក្រុមហ៊ុនមេ​ជា​ម្ចាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​, Instagram, WhatsApp និង​ផ្សេងៗ​ទៀត​។  ទន្ទឹមនេះ​គម្រោង​នេះ​ក៏​ជាការ​ពង្រឹង​តម្លាភាព​បន្ថែមទៀត​សម្រាប់​ក្រុមហ៊ុន​ខ្លួន​ផងដែរ​។

 
​និមិត្តសញ្ញា​តំណាង ដែល​រំលេច​ពាក្យ Facebook(FB) ក្នុង​អក្សរ​ធំ​ទាំង​ហើយ​ប្រើប្រាស់​ពុម្ពអក្សរ​ថ្មី ថែមទាំង​ប្រែ​ពណ៌​ដូចជា ខៀវ​, បៃតង និង​ពណ៌​ផ្កាឈូក​លាយ​ក្រហម​។ ពណ៌​ទាំងអស់នេះ​តំណាង​ឲ្យ​ម៉ាក​បណ្តាញ​សង្គម​ដែល​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក គ្រប់គ្រង រួមមាន ពណ៌​ខៀវ​តំណាង​ឲ្យ​ហ្វេ​ស​ប៊ុ​ក​, ពណ៌​បៃតង​តំណាង​ឲ្យ WhatsApp និង​ពណ៌​ផ្កាឈូក​លាយ​ក្រហម​តំណាង​ឲ្យ Instagram ។​
 
Logo ស៊េរី​ថ្មី​នេះ នឹងដាក់​ឲ្យ​ប្រើប្រាស់​នា​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​។ ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក បញ្ជាក់​បែបនេះ ដោយ​សង្កត់ធ្ងន់ថា គោលដៅ​នៃ​ការបង្កើត​ភាពខុសប្លែក​គ្នា​តាមរយៈ​រូបភាព​រវាង​ក្រុមហ៊ុន​និង​កម្មវិធី​បែបនេះ គឺ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ដឹងថា កម្មវិធី​នានា​របស់ខ្លួន​ប្រើប្រាស់​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​រួមគ្នា ហើយ​ពឹងផ្អែក​ភាគច្រើន​លើ​ក្រុម​អ្នកបច្ចេកទេស​តែមួយ​។ ម្យ៉ាងទៀត គឺ​ដើម្បី​ឲ្យ​អ្នកប្រើប្រាស់​ដឹងថា​តើ​ក្រុមហ៊ុន​មួយណា​ដែល​បង្កើត​ផលិតផល​ឲ្យ​ពួកគេ​ប្រើប្រាស់​។ 
 
​សូមបញ្ជាក់ថា គម្រោង​ផ្លាស់ប្តូរ Logo របស់ ហ្វេ​ស​ប៊ុ​ក គឺជា​ការឆ្លើយតប​មួយ​ទៅ​អ្នកប្រើប្រាស់​កម្មវិធី​បណ្តា​ញ​សង្គម​របស់ខ្លួន​។ ការស្ទង់មតិ​មួយ កាលពី​ថ្មីៗ​នេះ របស់​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះថា Pew នៅ​សហរដ្ឋអាមេរិក រកឃើញថា ប្រជាជន​អាមេរិក​ត្រឹម​២៩​ភាគរយ​ប៉ុណ្ណោះ ឆ្លើយ​សំណួរ​ត្រឹមត្រូវ​ថា Instagram និង WhatsApp កាន់កាប់​ដោយ ហ្វេ​ស​ប៊ុ​ក​៕

Tag:
 ​ហ្វេ​ស​ប៊ុ​ក​
 ​កម្មវិធី
© រក្សាសិទ្ធិដោយ thmeythmey.com