ជាតិ
មនុស្ស​ជាង​មួយ​ពាន់​នាក់​ចូលរួម​រើស​សំរាម​ក្នុង​ទិវា​បរិស្ថាន​អបអរ​ស្ទឹង​សៀមរាប​
05, Nov 2019 , 5:24 pm        
រូបភាព
​សៀមរាប​៖ មនុស្ស​ជាង​មួយ​ពាន់​នាក់ បាន​ចូលរួម​ក្នុង​ទិវា​បរិស្ថាន​ក្រោម​ប្រធានបទ «​អបអរ​ស្ទឹង​សៀមរាប​» ដែល​រៀបចំឡើង​ដោយ​សង្កាត់​សាលា​កំរើក​។ ទិវា​នេះ​មានបំណង​អបអរ​ពិធីបុណ្យ​អុំទូក​នៅ​ខេត្តសៀមរាប ក៏ដូចជា​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ​យល់ដឹង​បន្ថែម​ពី​បញ្ហា​បរិស្ថាន​។​

 
​ចៅសង្កាត់​សាលា​កំរើក លោក សាម ឡ​ន បានឱ្យដឹងថា មនុស្ស​ចំនួន​១,២០០​នាក់ បាន​ចូលរួម​ក្នុង​ទិវា​បរិស្ថាន​ដែល​សង្កាត់​លោក​បានរៀបចំ​នៅ​ព្រឹក​ថ្ងៃទី​៥ វិច្ឆិកា ដែល​ក្នុងនោះ​មាន​សិស្សានុសិស្ស ក្រុម​អាជីវកម្ម អង្គការ និង​ប្រជាពលរដ្ឋ​។ លោក​ចៅសង្កាត់​បន្តថា គោលបំណង​នៃ​ការរៀបចំ​ទិវា​នេះ​មាន​៣​សំខាន់ៗ គឺ​ទី​១ អបអរ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​៩ វិច្ឆិកា ,​ទី​២ អបអរ​បុណ្យអុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ និង​ទី​៣ ចង់ឱ្យ​សង្កាត់​សាលា​កំរើក​ក្លាយជា​សង្កាត់​ដែល​គ្មាន​ថង់​ប្លា​ស្ទិ​ក និង​គ្មាន​សំរាម​នៅ​ទីសាធារណៈ​។​
 
​លោក​ចៅសង្កាត់​បន្ថែមថា ទិវា​នេះ​ក៏​ជា​សារសំខាន់​ក្នុងការ​បញ្ជៀប​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចេះ​វេច​ខ្ចប់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ងាយស្រួល​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម​ដឹកជញ្ជូន​ចេញ​ផងដែរ​។​


 
​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន លោក សុខា ដែល​បាន​ចូលរួម​ក្នុង​ទិវា​រើស​សំរាម​ដែរនោះ​ពន្យល់ថា បញ្ហា​សំរាម​ជា​បញ្ហា​ដ៏​សំខាន់​ដែល​មន្ទីរ​លោក​តែង​បាន​ចុះ​ផ្សព្វផ្សាយ​និង​អប់រំ​ឱ្យ​ពលរដ្ឋ​យល់​ពី​ការ​ទុកដាក់ មិនត្រូវ​ចោល​ពាសវាល​ពាសកាល​ឡើយ​។ លោក​បន្តថា ក្រុង​សៀមរាប​មានការ​អភិវឌ្ឍ​លឿន កំណើនប្រជាជន​ក៏​កាន់តែច្រើន រីឯ​បញ្ហា​សំរាម​ក៏​កាន់​តែមាន​ចំនួន​ច្រើន​ដែល​ចាំបាច់​ត្រូវ​ពង្រីក​ការប្រមូល​សំរាម ក៏ដូចជា​ទីលាន​ចាក់សំរាម​បន្ថែម​ផង​។​
 
​លោក ស៊ា សុផល ប្រធាន​អង្គការ​ទំពាំង​ស្នង​ឫស្សី​ដែល​បាន​សហការ​ជាមួយ​សង្កាត់​សាលា​កំរើក​រៀបចំ​ទិវា​បរិស្ថាន​នេះ​បានឱ្យដឹងថា ការងារ​នេះ​ស្ថិតក្នុង​ផែនការ​នៃ​គម្រោង​ផ្ដួចផ្ដើម​ពី​សមាគម​អាជីវករ​នៅក្នុង​សង្កាត់​ទាំងមូល​ដែល​ចង់ឱ្យ​សង្កាត់​នេះ​ក្លាយជា​សង្កាត់​មេត្រីភាព​បរិស្ថាន​។ លោក​បន្តថា សកម្មភាព​លើក​នេះ​ខុសពី​សកម្មភាព​មុន ដោយសារ​ទិវា​បរិស្ថាន​នេះ​ធ្វើឡើង​ក្នុងន័យ​អប់រំ​ពលរដ្ឋ​ឱ្យ​យល់ថា ទឹកស្ទឹង​ជា​កន្លែង​ប្រារព្ធ​ពិធីបុណ្យ មិនមែនជា​កន្លែង​ចោល​សំរាម​ឬ​ជា​កន្លែង​សម្រាប់​បំពុលបរិស្ថាន​ឡើយ​៕



















Tag:
 ទិវា​បរិស្ថាន​អបអរ​ស្ទឹង​សៀមរាប​
  សាម ឡ​ន​
  សង្កាត់​សាលា​កំរើក​
  ស៊ា សុផល​
© រក្សាសិទ្ធិដោយ thmeythmey.com