អន្តរជាតិ
ពូទីន ចង់បានបណ្តុំឯកសារថ្មីមួយ យកមកជំនួស Wikipedia ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន
× ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នៅថ្ងៃទី៥ ខែវិច្ឆិកា បានអំពាវនាវឲ្យបង្កើតបណ្ដុំឯកសារថ្មីមួយ និងអាចទុកចិត្តបាន ដើម្បីជំនួសWikipedia។
នៅក្នុងកិច្ចប្រជុំគណកម្មាធិការភាសារុស្ស៊ីនៅវិមានKremlin លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងប្រាប់អង្គប្រជុំថា រុស្ស៊ី គួរតែមានបណ្តុំឯកសារថ្មីមួយ យកមកជំនួសគេហទំព័រWikipedia។ ក្នុងន័យនេះ លោកពូទីន ចង់ឲ្យរុស្ស៊ី មានអ្វីជារបស់ខ្លួនឯង ដើម្បីប្រើប្រាស់។ ប្រសិនបើរុស្ស៊ីមានបណ្តុំឯកសារ ស្រដៀងទៅនឹងWikipediaមែន គឺវាពិតជាល្អ ព្រោះរុស្ស៊ីនឹងមានប្រភពដែលអាចទុកចិត្តជាងមុន និងកាន់តែទំនើបជាងមុន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន RIA Novosti។
ការលើកឡើងរបស់លោក ពូទីន បែបនេះ ច្បាស់ណាស់ គឺសំដៅទៅលើបណ្តុំឯកសាររបស់រុស្ស៊ីមួយ ដែលបានបង្កើតឡើងនៅចន្លោះឆ្នាំ ២០០៧ ដល់ឆ្នាំ២០១៤ ប៉ុន្តែវាបោះពុម្ភនៅតែលើក្រដាសប៉ុណ្ណោះ។ ដោយមើលឃើញបែបនេះ រដ្ឋាភិបាលទីក្រុងមូស្គូ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ២៦,៧លានដុល្លារ ដើម្បីអភិវឌ្ឍបណ្តុំឯកសារថ្មីនេះទៅជាគេហទំព័រអនឡាញមួយ ដែលស្រដៀងទៅនឹង Wikipedia ក្នុងរយៈពេល៣ឆ្នាំទៀត។ នេះបើតាមរបាយការណ៍របស់រដ្ឋាភិបាលរុស្ស៊ី ដែលចេញផ្សាយក្នុងខែសីហា។
ការសម្រេចចិត្តរបស់ប្រធានាធិបតីនៅពេលនេះ គឺសុទ្ធតែមានមូលហេតុនៅពីក្រោយ។ បញ្ហាទាំងនោះ គឺដោយសារ សកលវិទ្យាធិការម្នាក់ បានត្អូញត្អែរពីបញ្ហា តុលាការប្រើប្រាស់Wikipedia ដើម្បីចេញសេចក្តីសម្រេច ឬសាលក្រម។
សូមបញ្ជាក់ថា Wikipedia ក្នុងភាសារុស្ស៊ី ត្រូវបានគេស្គាល់ថា Vikipedia ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ និងបានចេញផ្សាយអត្ថបទច្រើនជាង ១,៥លាន។ នៅក្នុងឆ្នាំ២០១៥ រុស្ស៊ីបានហាមឃាត់ Wikipedia បោះពុម្ភនៅអត្ថបទមួយចំនួន ពាក់ព័ន្ធទៅនឹងគ្រឿងញៀន៕
© រក្សាសិទ្ធិដោយ thmeythmey.com