ម៉ា​ក្រុង​៖ គ្មាន​ប្រទេស​ណាមួយ ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ​
អន្តរជាតិ
ម៉ា​ក្រុង​៖ គ្មាន​ប្រទេស​ណាមួយ ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ​
06, Nov 2019 , 4:00 pm        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង ឡើងថ្លែងសុន្ទរកថានៅក្នងកម្មវិធី China International Import Expo នាទីក្រុងសៀងហៃនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ South China Morning Post
លោក អេម៉ានុយអែល ម៉ាក្រុង ឡើងថ្លែងសុន្ទរកថានៅក្នងកម្មវិធី China International Import Expo នាទីក្រុងសៀងហៃនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩, រូបភាព៖ South China Morning Post
​សង្គ្រាម​ពាណិជ្ជកម្ម មិនបាន​ផ្តល់​ផលចំណេញ​ឲ្យ​ភាគី​ណាមួយ​ឡើយ ប៉ុន្តែ​វា​ថែមទាំង​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ថែមទៀត​។ នេះ​បើតាម​ការលើកឡើង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ប្រធានាធិបតី​បារាំង​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​។ ក្រៅពី​បញ្ហា​សង្គ្រាម​ពាណិជ្ជកម្ម លោក​ម៉ា​ក្រុង ក៏បាន​លើកឡើង​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​បញ្ហា​ផ្សេងទៀត​ផងដែរ​។



«​គ្មាន​ប្រទេស​ណាមួយ ឈ្នះ​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង ដែល​សង្ឃឹមថា អាមេរិក និង​ចិន អាច​ចុះ​កិច្ចព្រមព្រៀង​ជាមួយគ្នា​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ពាណិជ្ជកម្ម​។​
 
​ថ្លែង​នៅក្នុង​កម្មវិធី China International Import Expo នាទី​ក្រុង​សៀង​ហៃ លោក ម៉ា​ក្រុង បាន​សង្កត់ធ្ងន់ថា សង្គ្រាម​ពាណិជ្ជកម្ម​មួយ​នេះ មិន​ត្រឹមតែ​ប៉ះពាល់​ប្រទេស​ទាំងពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល​។  ទំនងជា​ចង់​និយាយ​ឡកឡឺយ​ដាក់​អាមេរិក លោក​ម៉ា​ក្រុង បាន​បន្តថា ការអនុវត្ត​ពាណិជ្ជកម្ម​របស់​បារាំង មិនបាន​ផ្តល់​កិច្ចការពារ​ដល់​សេដ្ឋកិច្ចពិភពលោក​ទេ ប៉ុន្តែ​អ្វីដែល​សំខាន ថា​តើ​ពិភពលោក​គួរ​បោះបង់​សណ្តាប់ធ្នាប់​ពាណិជ្ជកម្ម ហើយ​រើសយក​ការដំឡើង​ពន្ធ​ដាក់គ្នា ឬក៏​ប្រើ​ច្បាប់​ព្រៃ​ជាមួយគ្នា​។ ប៉ុន្តែ​បារាំង និង​អឺរ៉ុប មិន​រើសយក​ជម្រើស​ទាំង​នេះឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​បន្ទាប់ពី​និយាយ​ផ្លែផ្កា​ដាក់​អាមេរិក លោក​ប្រធានាធិបតី​បារាំង មិន​ភ្លេច​ឡើយ​នូវ​ការអំពាវនាវ​ឲ្យ​ចិន​បើកចំហ​ទីផ្សារ​ឲ្យ​កាន់តែ​ធំ​ជាង​មុន សម្រាប់​ឲ្យ​ក្រុមហ៊ុន​បរទេស​ចូល​វិនិយោគ​។​
 
​អស់ពី​បញ្ហា​ពាណិជ្ជកម្ម ម៉ា​ក្រុង ក៏​ឆ្លៀត​លើក​ពី​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ជាមួយ​ចិន​។ តាមរយៈ​ដំណើរ​ទៅ​ប្រទេស​ចិន​លើក​នេះ ម៉ា​ក្រុង​បាន​សន្យា​ហើយ​ថា កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បារាំង នឹង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឲ្យ​បាន​កាន់តែច្រើន​ថែមទៀត​។ បើទោះបីជា​ចិន និង​បារាំង​បាន​សន្យា សហការ​ជាមួយគ្នា​ក៏ដោយ ប៉ុន្តែ​ប្រធានាធិបតី​បារាំង​នៅតែ​ខកចិត្ត​ចំពោះ​អាមេរិក ដែល​ផ្តើម​នីតិវិធី​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ទីក្រុង​ប៉ារីស​។​
 
​ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​បារាំង ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង បាន​ឆ្លើយតប​ថា អ្វីដែល​ចិន​សន្យា ចិន​នឹងធ្វើ​។ ចំណែក​ទីផ្សារ​វិញ ចិន​នឹង​បើកទ្វារ​ឲ្យ​កាន់តែ​ធំ សម្រាប់​បរទេស​ចូលមក​វិនិយោគ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​លើក​នេះ ភាគី​ចិន និង​ភាគី​បារាំង ត្រូវបាន​គេ​រំពឹងថា នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៤០ ជាមួយគ្នា​។ ក្នុងនោះ​រាប់​ចាប់ពី​កិច្ចព្រមព្រៀង​កសិកម្ម រហូតដល់​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​៕

Tag:
 ចិន​
  បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com