ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន ប្រាប់​ពលរដ្ឋ​កុំឱ្យ​ព្រួយបារម្ភ​រឿង​នយោបាយ នៅ​ថ្ងៃទី​៩ វិច្ឆិកា​
07, Nov 2019 , 9:15 am        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់​ប្រជាពលរដ្ឋ​កុំឱ្យ​ព្រួយបារម្ភ​ពី​រឿង​នយោបាយ ដែល​កើតឡើង​នៅ​ថ្ងៃទី​៩ វិច្ឆិកា និង​បុណ្យអុំទូក​។ សម្ដេច ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​កម្សាន្ត​ជាធម្មតា នៅក្នុង​ពិធីបុណ្យ​អុំទូក​នេះ​។​


 
​ពី​ពិធី​ប្រកាស​ផ្សព្វផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ ២០១៩-២០២៣ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​៧ វិច្ឆិកា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា គ្មាន​ការ​វាយតប ឬ​ប្រើប្រាស់​ហិង្សា​ណាមួយ នៅក្នុង​រាជធានី​ភ្នំពេញ​ឡើយ ព្រោះ​សមត្ថកិច្ច​អាច​ទប់ស្កាត់​ស្ថានការណ៍​បានជា​ធម្មតា​។ និយាយ​ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាល បាន​លើក​ភ្ជាប់​ទៅ​រឿង​នយោបាយ​របស់លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្រោង​មក​កម្ពុជា​នៅ​ថ្ងៃទី​៩ វិច្ឆិកា​។ សម្ដេច ហ៊ុន សែន សង្កត់ធ្ងន់ថា បើសិនជា​មេដឹកនាំ​បក្សប្រឆាំង​អាច​ចូលមក​កម្ពុជា​បាន​មែន​នោះ គឺ​សមត្ថកិច្ច​បង្ក្រាប និង​ចាប់ខ្លួន​ពួកគេ​ភ្លាម ដោយ​មិន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នោះឡើយ​។​
 
«​ផ្តាំផ្ញើ​ទៅ​ឪពុក​-​ម្តាយ​នៅ​ស្រុកកំណើត ដែល​បាន​ឲ្យ​កូន​ត្រឡប់ទៅផ្ទះ​ខ្លាច​វៃ​គ្នា​នោះ គឺ​គ្មាន​រឿងនេះ​កើតឡើង​ទេ ព្រោះ​បើ​វៃ​មែន​គឺមាន​តែ​៩​នាក់​ប៉ុណ្ណោះ​ដែលជា​មុខសញ្ញា​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​នាយករដ្ឋមន្ត្រី ដែល​បន្ថែមថា មនុស្ស​ទាំង​៩​នាក់ ដែល​សមត្ថកិច្ច​ត្រៀម​ចាប់ខ្លួន​នោះ គឺ​សំដៅទៅ​លោក សម រង្ស៊ី និង​គូកន​ក្រុម​បក្សប្រឆាំង​។​
 
​លើកឡើង​បែបនេះហើយ ប្រមុខ​រដ្ឋាភិបាល បាន​សង្កត់ធ្ងន់ថា បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន បាន​យល់ព្រម​ចូលរួម​សហការ​ចាត់វិធានកា​រលើ​មេដឹកនាំ និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាម​សំណើ​របស់​កម្ពុជា​ហើយ​។ 
 
​ចំណែក​ក្រុម​សកម្មជន និង​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​សម្ងំ​លាក់ខ្លួន ត្រៀម​ធ្វើ​សកម្មភាព​នៅ​ថ្ងៃទី​៩ វិច្ឆិកា និង​បុណ្យអុំទូក​នោះ ក៏​ត្រូវបាន​សមត្ថកិច្ច​កំណត់​មុខសញ្ញា​បានដែរ​។ នេះ​បើតាម​នាយករដ្ឋមន្ត្រី​កម្ពុជា​៕

Tag:
 ហ៊ុន សែន​
  សម រង្ស៊ី​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com