កីឡាជាតិ
ជាតិ
ការហ្វឹកហាត់​តាម​ក្បួន​កីឡាករ​អាជីព ជួយ​ឲ្យ ចាន់ រតនា ជោគជ័យ​ខ្លាំង​នៅ​សង្វៀន ONE
07, Nov 2019 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​កីឡាករ ចាន់ រតនា ជា​អ្នកលេង​យុទ្ធ​គុនខម និង​គុន​ខ្មែរ ប៉ុន្តែ​អាច​ប្រកួត​ក្បាច់គុន​ចម្រុះ តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន​លំដាប់​ពិភពលោក ONE Championship បាន​យ៉ាង​ល្អ​។  ទោះបី​មិនទាន់​ឈានដល់​កម្រិត​អាជីព តែ​កីឡាករ​វ័យ​៣៣​រូបនេះ មាន​ក្បួន​ហ្វឹកហាត់​ត្រឹមត្រូវ និង​មាន​របប​អាហារ​ទៀងទាត់​។ រតនា អះអាងថា មាន​កីឡាករ​កម្ពុជា​តិចតួច​ណាស់ ដែល​បាន​អនុវត្ត​។

   
 
​ចាន់ រតនា បាន​បង្ហើប​ថា​៖«​បើ​នៅ​ស្រុក​គេ ខ្ញុំ​ឃើញ​គេ​មាន​លក្ខណៈ​អាជីព​ច្រើនជាង​យើង ទាំង​ការហ្វឹកហាត់ និង​ឡើង​ប្រកួត ប៉ុន្តែ​សម្រាប់​ខ្ញុំ វា​មិនទាន់​អាជីព​ពេញលេញ ហើយ​ខ្ញុំ​ក៏​មិន​ហ៊ាន​ថា ខ្លួនឯង​ដែរ​។ តែ​ខ្ញុំ​បាន​ខំ​ហ្វឹកហាត់​ជាប្រចាំ មានការ​តម​អាហារ​ត្រឹមត្រូវ ពេល​ត្រៀម​ប្រកួត ហើយ​ខ្ញុំ​មាន​គ្រូ​គ្រប់ផ្នែក​ពាក់ព័ន្ធ​ជួយ​ខ្ញុំ និង​ហាត់​ទៅតាម​ម៉ោង ដែល​បានរៀបចំ​ប្រចាំថ្ងៃ​។ ខ្ញុំ​មាន​គ្រូ ដើម្បី​ប្រឹក្សា​ច្រើន​ខុសប្លែក​ពី​គេ​ខ្លះ​»​។​
 


 
​ការព្យាយាម​ហ្វឹកហាត់ និង​ហាត់​តាម​ក្បួនខ្នាត​ត្រឹម​ត្រូវបាន​ផ្លាស់ប្តូរ ចាន់ រតនា ពី​កីឡាករ​មាន​សាច់ដុំ​មិនសូវ​ហាប់ ទៅជា​សាច់ដុំ​កង់ៗ និង​មាន​រាង​ហំ​ហាន​។ រតនា ជា​កីឡាករ​ខ្មែរ​ម្នាក់​គត់ ដែល​បាន​សាង​ប្រវត្តិសាស្ត្រ​នៅលើ ONE Championship  តាមរយៈ​ជ័យជម្នះ​៣​ប្រកួត​ជាប់​គ្នា​។ 
 
​ជាមួយ​ការហ្វឹកហាត់​តាម​ក្បួនខ្នាត កូនប្រុស​របស់លោក ចាន់ ប៊ុនធឿន រូបនេះ មាន​ទីប្រឹក្សា និង​គ្រូបង្វឹក​ស្ទើរ​គ្រប់ផ្នែក​ចំនួន​៦​រូប ដែលជា​ហេតុ​ធ្វើ​ឲ្យ​រូបគេ តែងតែ​ទទួលបាន​លទ្ធផល​ល្អ​។ ក្នុងនោះ​គ្រូបង្វឹក Lorenzo Lanzafame មកពី LLFitness បង្ហាត់​បច្ចេកទេស និង​គ្រប់គ្រង​កម្លាំង និង​របប​អាហារ​, គ្រូ ខូវ វិ​វ​ឌ្ឍ​នា បង្ហាត់​ជឺ​ជិត​ស៊ូ ចំបាប់ និង MMA, គ្រូបង្វឹក Rolando ជនជាតិ​គុយបា បង្វឹក​ផ្នែក​ប្រដាល់សកល​, គ្រូបង្វឹក Sov បង្វឹក​ភាព​អំណត់ និង​គ្រូបង្វឹក  Jeppe បង្ហាត់​ផ្នែក​ចលនា​សរសៃ និង​ម៉ាស្សា​។ 
​កីឡាករ​ជាប់កិច្ចសន្យា​នៅ​សង្វៀន ONE រូបនេះ​បន្តថា គ្រូបង្វឹក​ទាំងអស់ មិនមែន​យក​កម្រៃ​ប្រចាំថ្ងៃ ឬ ប្រចាំខែ​ពី​ខ្លួន​នោះទេ តែ​វា​ជាការ​ជួយ​គ្នា​ទៅវិញទៅមក​។ ប៉ុន្តែ​មួយរយៈ​ចុងក្រោយ រតនា​ផ្ទាល់ និង​គ្រូបង្វឹក​ទាំងអស់ បាន​ជជែក​គ្នា​ដោយ​យល់ព្រម​កាត់​ភាគរយ​ខ្លះ ពី​ប្រាក់​ឈ្នួល​ឡើង​ប្រកួត​ម្ដងៗ ជូន​គ្រូបង្វឹក​ទាំងអស់ សម្រាប់​ប្រើប្រាស់ ឬ​ការធ្វើដំណើរ​ទៅ​មើល​ការប្រកួត​ជាដើម​។​
 


 
​គ្រូបង្វឹក Lorenzo Lanzafame បាន​លើកឡើងថា រតនា ជា​កីឡាករ​ដែល​យកចិត្តទុកដាក់ ទាំង​លើ​ការហ្វឹកហាត់ និង​ប្រកួត​។ ជាពិសេស មាន​ភាព​អំណត់ តស៊ូ ព្យាយាម ដើម្បី​ឈាន​សម្រេច​គោលដៅ​ទៀតផង​។ លោក​បញ្ជាក់ថា រតនា កីឡាករ​គុន​ចម្រុះ​កម្រិត​ខ្ពស់បំផុត​របស់​កម្ពុជា តែ​រូបគេ​ត្រូវ​អភិវឌ្ឍ​បន្ថែមទៀត ដើម្បី​ឈានទៅ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ នាពេល​អនាគត​។​
 
​ក្រៅពី​ហ្វឹកហាត់​ខ្លួនឯង​ដើម្បី​ត្រៀម​ប្រកួត រតនា បាន​ឆ្លៀតពេល​បង្ហាត់​សិស្ស ដែល​ហាត់​ដើម្បី​សុខភាព និង​សិស្ស​ដែល​ចង់​ឡើង​ប្រកួត​អាជីព​ទៀតផង​។ ស្ថិតក្នុង​វ័យ​៣៣​ឆ្នាំ រតនា ឡើង​ប្រកួត​លើស​ង្វៀន​គុន​ចម្រុះ បាន​ចំនួន​១០​លើក ដោយ​ឈ្នះ​៧​លើក និង​ចាញ់​៣​លើក​។ កំណត់ត្រា​ល្អ​បំផុត គឺ​ឈ្នះ​៣​លើកចុងក្រោយ នៅ​សង្វៀន​ពិភពលោក ONE តាមរយៈ​វាយ​កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់ Abrou Fernandes  និង Rudy Agustian ឲ្យ​ចុះចាញ់ និង​បន្ត​ឈ្នះ​ពិន្ទុ​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​នៅ​អូឡាំពិក​របស់​ក្រិ​ក Gustavo Balart កាល​ពាក់​កណ្ដាលខែ សីហា ឆ្នាំ​២០១៩ កន្លងទៅ​៕  







Tag:
 គុន​ចម្រុះ​
  គុន​ខ្មែរ​
  ចាន់ រតនា​
  ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com