ម៉ាឡេស៊ី បដិសេធ​សំណើ​អាមេរិក​ចង់​ធ្វើជា​ម្ចាស់ផ្ទះ APEC ជំនួស​ស៊ី​លី​នៅ​ដើមឆ្នាំ​២០២០
អន្តរជាតិ
ម៉ាឡេស៊ី បដិសេធ​សំណើ​អាមេរិក​ចង់​ធ្វើជា​ម្ចាស់ផ្ទះ APEC ជំនួស​ស៊ី​លី​នៅ​ដើមឆ្នាំ​២០២០
08, Nov 2019 , 8:39 pm        
រូបភាព
លោកSaifuddin Abdullah រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី (ខាងឆ្វេង) និងលោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក
លោកSaifuddin Abdullah រដ្ឋមន្រ្តីក្រសួងការបរទេសម៉ាឡេស៊ី (ខាងឆ្វេង) និងលោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក
​សំណើ​អាមេរិក ដែល​ចង់​បើក​កិច្ចប្រជុំ​APEC នៅ​ខែមករា ឆ្នាំ​២០២០ ជំនួស​ឲ្យ​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ស៊ី​លី គឺជា​គំនិត​មិនល្អ​ទាល់តែសោះ​។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី Saifuddin Abdullah នៅ​ថ្ងៃទី​៧ ខែវិច្ឆិកា​។​



​បន្ទាប់ពី​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក ឬ​APEC នៅ​ស៊ី​លី ត្រូវបាន​លុបចោល ដោយសារតែ​បញ្ហា​បាតុកម្ម​នៅក្នុង​ប្រទេស ថ្មីៗ​នេះ អាមេរិក​បានស្នើ​ធ្វើជា​សហ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ជំនួស​ស៊ី​លី​នៅ​ដើមខែ​មករា ឆ្នាំ ២០២០​។ ប៉ុន្តែ​ការណ៍​នេះ ម៉ាឡេស៊ី មិនបាន​គាំទ្រ​ឡើយ ព្រោះ​ខ្លួន​ក៏ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ APEC នៅ​ចុងឆ្នាំ ២០២០​នេះដែរ​។
​នា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​នា​សប្តាហ៍​មុន ប្រមុខ​ការទូត​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​ទូរស័ព្ទ​មក លោក Saifuddin Abdullah រដ្ឋមន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី​ថា ដោយសារ​ប្រទេស​ស៊ី​លី​លុបចោល​កិច្ចប្រជុំ​APEC អាមេរិក​កំពុងធ្វើការ​ពិចារណា​ទ​ទួល​កិច្ចប្រជុំ​មួយ​នេះ នៅ​ដើមឆ្នាំ​២០២០​។ ទន្ទឹមនេះ លោក​ប៉ុ​ម​ប៉េ​អូ ក៏បាន​ស្នើ​តំណែង​ប្រធាន​ជំនួស​ម៉ាឡេស៊ី​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​AFP​។

​ទំនងជា​មិន​ពេញចិត្ត​សំណើ​របស់​អាមេរិក លោក Saifuddin បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ « យើង​គិតថា វា​មិនមែនជា​គំនិតល្អ​ទេ​»​។ ការលើកឡើង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ ក៏​ព្រោះ​ម៉ាឡេស៊ី​គ្រោង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ និង​ជា​តំណែង​ប្រធាន​នៃ​កិច្ចប្រជុំ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នៅ​ចុងឆ្នាំ ២០២០​។

​សូមបញ្ជាក់ថា APEC គឺជា​ក្រុម​ប្រទេស និង​តំបន់​ដែល​ផ្តោត​សំខាន់​ទៅលើ​ពាណិជ្ជកម្ម ដែលមាន​សមាជិក​ចំនួន​២១ ប្រទេស​ដូចជា ចិន​, អាមេរិក​, ម៉ាឡេស៊ី​, ឥណ្ឌូណេស៊ី​, សិង្ហ​បុរី​, កាណាដា​, ម៉ិ​ក​ស៊ិ​ក​, ប៉េ​រូ​, ស៊ី​លី​, នូ​វែ​ល​សេ​ឡង់​, អូស្ត្រាលី​, ប៉ា​ពូ​អាស៊ី នូ​វែ​ល​ហ្គី​ណេ​, ព្រុយ​យ​ណេ​, ហ្វីលីពីន​, ហុងកុង​, តៃវ៉ាន់​, ជប៉ុន​, កូរ៉េខាងត្បូង​, ថៃ​, វៀតណាម និង​រុស្ស៊ី​។

​គួររំលឹកថា​ប្រទេស​ស៊ី​លី គ្រោង​បើក​កិច្ចប្រជុំ​APEC នៅ​ថ្ងៃទី ១៦ និង​១៧ ខែវិច្ឆិកា ប៉ុន្តែ​ត្រូវបាន​លុបចោល​ដោយសារតែ​បញ្ហា​បាតុកម្ម​នៅក្នុង​ប្រទេស​។ ចំណែកឯ​ជំនួប​ប្រធានាធិបតី ដូ​ណាស់ ត្រាំ និង​ប្រធានាធិបតី ស៊ី ជិន​ភីង ដែល​ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទីមួយ នៅក្នុង​ពិធី​នេះដែរ​នោះ ត្រូវបាន​លើក​ពេល​បន្តទៀត​៕ 


Tag:
 ម៉ាឡេស៊ី​
  អាមេរិក​
  APEC
© រក្សាសិទ្ធិដោយ thmeythmey.com