ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​ពលរដ្ឋ​និយាយ​អ្វីខ្លះ ពី​បញ្ហា​សំរាម​នៅ​កម្ពុជា​?
10, Nov 2019 , 1:22 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល បានក្លាយ​ទម្លាប់​មិនល្អ​របស់​ពលរដ្ឋ​ខ្មែរ​មួយចំនួន​។ ពលរដ្ឋ និង​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន បាន​អះអាងថា ការកែ​ទម្លាប់​របស់​អ្នក​បោះចោល​សំរាម មិនមែនជា​ការងាយស្រួល​ឡើយ ដ្បិត​ត្រូវការ​ពេលវេលា និង​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​។ តែ​យ៉ាងណា​ពួកគេ និយាយថា បញ្ហា​សំរាម ជាការ​ទទួលខុស​ត្រូ​របស់​ពលរដ្ឋ​គ្រប់រូប​។​

 
​កំពុង​ដើរ​លំហែ​នៅ​មាត់​ទន្លេចតុមុខ កញ្ញា ឃឹម សុ​ដា​រ័ត្ន បានបង្ហាញ​ភាព​រីករាយ​ជាមួយ​មិត្តភក្តិ​របស់ខ្លួន ប៉ុន្តែ​ក្រោយ​ក្រឡេកឃើញ​ពលរដ្ឋ​នៅក្បែរនោះ​បោះចោល​សំរាម​ក្រៅ​ធុង នាង​ក៏​ធ្លាក់​ទឹកមុខ​បន្តិច​។ សុ​ដា​រ័ត្ន អះអាងថា ការ​បោះចោល​សំរាម​ពាសវាល​ពាសកាល គឺជា​ទម្លាប់​មិនល្អ​ឡើយ ដ្បិត​ទង្វើ​នេះ នឹង​ឲ្យ​ធ្វើ​តម្លៃ​បុគ្គល​ធ្លាក់ចុះ និង​ខូច​សោភ័ណភាព​ទីក្រុង​។ 
​ក្នុង​វ័យ​២៤​ឆ្នាំ សុ​ដា​រ័ត្ន ដែលជា​អ្នក​ខេត្តបាត់ដំបង​តែម​ករៀន និង​ធ្វើការ​នៅ​ភ្នំពេញ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​យើង​បោះចោល​សំរាម​ពាស​វាស​ពាសកាល វា​បញ្ជាក់ថា ពលរដ្ឋ​អត់​មានការ​យល់ដឹង​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន​»​។ 



 
​ស្របពេល​អាជ្ញាធរ​ត្រៀម​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ មាន​មនុស្សម្នា​ជាច្រើន បាន​ដើរ​កម្សាន្ត​តាម​មាត់ទន្លេ​។ លោក ប៉ាវ តុលា ពលរដ្ឋ​នៅ​ភ្នំពេញ ដែល​កំពុង​ដើរ​ហាត់ប្រាណ​នៅ​មាត់ទន្លេ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន មួយរយៈ​ចុងក្រោយ​នេះ ពលរដ្ឋ​មានការ​កែប្រែ​ឥរិយាបថ ដោយ​ចេះ​ទុកដាក់​សំរាម​បានល្អ​គ្រាន់បើ​ដែរ ប៉ុន្តែ​ក៏​នៅមាន​កង្វះខាត​មួយចំនួន​ដែរ​។ 
 
​មាន​មាឌ​ដំបង ពាក់​អាវយឺត និង​ខោខ្លី​ត្រឹម​ជង្គង់ លោក ប៉ាវ តុលា បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​ទុក​សំរាម សម្រាប់​អ្នកលក់ ការយល់ដឹង​របស់គាត់​នៅមានកម្រិត តែ​សម្រាប់​ពលរដ្ឋ​ទូទៅ ការហូបចុក​របស់គាត់ គាត់​បាន​កែប្រែ​ល្អប្រសើរ​ជាង​មុន ដោយបាន​ទុកដាក់​បានល្អ​»​។ 
 
​ទន្ទឹមនឹង​ការកើនឡើង​នូវ​កំណើនសេដ្ឋកិច្ច និង​កំណើនប្រជាជន​កម្ពុជា សំរាម​ជាច្រើន ក៏បាន​កើនឡើង​តាម​នោះដែរ​។ យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន ដែល​បានចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០១៨ សំរាម​បាន​កើនឡើង​រហូតដល់​៣​ពាន់​តោន​នៅក្នុង​មួយថ្ងៃ ដោយ​៦៥​ភាគរយ​ជា​សំណល់​សើម ២០​ភាគរយ​ជា​ប្លា​ស្ទិ​ក និង​ជាង ១០​ភាគរយ​ជា​សំណល់​រឹង​។​
​លោក សាន ដា​រ៉ា​វីត បង្កើត​ក្រុម​ក្រុមយុវជន​សំរាម ដើម្បី​ប្រមូល​សំរាម​នៅ​ប្រឡាយ​ទឹកស្អុយ​បឹងត្របែក បាន​អះអាងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​មាន​សំរាម​ច្រើន​នៅតាម​ផ្លូវ ក្នុង​លូ និង​ទីសាធារណៈ​នោះ គឺ​បណ្តាលមកពី​ទម្លាប់​អាក្រក់ និង​ការមិន​ទទួលខុសត្រូវ​របស់​ព​ល​រដ្ឋ​មួយចំនួន​។ 


 
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​បើ​និយាយ​ឲ្យ​អាក្រក់​ស្តាប់ ពេលខ្លះ​មនុស្ស​យើង​មានគំនិត​អាត្មានិយម មានន័យថា ឲ្យ​តែ​ផុតពី​ខ្លួន​គាត់ គឺ​រួចខ្លួន​ហើយ​។ មនុស្ស​យើង ពេលខ្លះ​ធ្វើ​ឲ្យ​ផុតពី​ដៃ​ពី​ជើង​គាត់ ដូច្នេះ​គាត់​បោះចោល ទោះ​សំរាម​នោះ​ហោះ​ទៅណា ឬ​ប៉ះពាល់​អ្នកណា​ក៏ដោយ ព្រោះ​បើ​គាត់​ទុក​នៅជាប់​ខ្លួន​វា​ជា​សម្ពាធ ចឹ​ង​គាត់​បោះចោល​ទៅ ហើយ​គាត់​ដើរទៅ​ផុត​ហើយ លែង​ក្លាយជា​សំរាម​របស់គាត់​ទៀតហើយ​។ គាត់​អត់​ដឹងថា សំរាម​ហ្នឹង​ប៉ះពាល់​អី​ខ្លះ​ទេ​។ មនុស្ស​រត់​យករួចខ្លួន វា​ជា​ទម្លាប់​តាំងពីដើម​មក​។ ខ្ញុំ​អត់​និយាយ​ទាំងអស់គ្នា​ទេ មាន​ពលរដ្ឋ​មួយចំនួន ក៏​គាត់​យល់ដឹង ហើយ​យក​សំរាម​ដាក់​ក្នុង​ហោប៉ៅ ពេល​ធុង​ទំនេរ​អត់​មាន​សំរាម​ពេញ ទើប​គាត់​ញ៉ុ​ក​ចូល​ធុង​»​។ 
 
​ក្នុង​វ័យ​២៩​ឆ្នាំ ដា​រ៉ា​វីត បាន​អះអាងថា ការ​បោះចោល​សំរាម មិន​ត្រឹមតែ​បំផ្លាញ​បរិស្ថាន​នោះទេ ប៉ុន្តែ​វា​បង្ក​ជា​ជំងឺ​ផ្សេងៗ និង​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ប្រទេសជាតិ​។ «​ឆ្នាំនេះ ដូចជា​កំណើន​ទេសចរណ៍​ធ្លាក់ចុះ​ខ្លាំង​មែនទែន​។ កំណើន​ទេសចរ​ធ្លាក់ចុះ គឺ​ធម្មតា យើង​មាន​ឈ្មោះថា ភ្នំពេញ ភ្នំ​សំរាម វា​បាន​ស្ថិតក្នុង​ការគិត​របស់​បរទេស​។ គាត់​ចាប់ផ្តើម​វាយតម្លៃ​ភ្លាម ថា ប្រទេស​នេះ ជា​ប្រទេស​ដែល​គ្មាន​អនាម័យ ប្រទេស​ដែលមាន​ប្រជាជន​គគ្រិច​។ ដូច្នេះ វា​ប៉ះពាល់​ខ្លាំង​មែនទែន​ចំពោះ​មុខមាត់​ប្រទេសជាតិ​យើង បើសិន​មានការ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក​»​។ ប្រធាន​ក្រុមយុវជន​រើស​សំរាម ដោយ​ពន្យល់ថា សំរាម​មិនមែនជា​ការទទួលខុសត្រូវ​របស់​បុគ្គល ឬ​ក្រុម​ណា​នោះទេ គឺជា​ការទទួលខុសត្រូវ​របស់​ពលរដ្ឋ​ខ្លួនឯង​។ 
 
​លោក ដា​រ៉ា​វីត បន្ថែម​៖ «​សំរាម​របស់​យើង គឺជា​ទំនួល​ខុសត្រូវ​របស់​យើង មិនមែនជា​ទំនួល​ខុសត្រូវ​របស់​អ្នកដទៃ​នោះទេ​។ វា​ជា​ទំនួល​ខុសត្រូវ​របស់​ពលរដ្ឋ​ម្នាក់ៗ​។ ដូច្នេះ ពលរដ្ឋ​រៀងៗ​ខ្លួន​ត្រូវ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​ងាយស្រួល​ដល់​ក្រុមហ៊ុន​ប្រមូល​សំរាម ងាយស្រួល​ដល់​អាជ្ញាធរ​គាត់​អត់​សូវ​ឈឺក្បាល​ទាក់ទង​រឿង​ហ្នឹង និង​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្លួនឯង អត់​មាន​ជំងឺ​ផ្សេងៗ​»​។ 


 
​ក្រៅពី​កែប្រែ​ទម្លាប់​ពលរដ្ឋ លោក សាន ដា​រ៉ា​វីត អះអាងថា ការចាត់វិធានការ​រ​បស់​អាជ្ញាធរ​ចំពោះ​ការ​អ្នក​ចោល​សំរាម​ផ្តេសផ្តាស និង​ការចូលរួម​របស់​យុវជន ព្រមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត សម្រាប់ធ្វើ​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ស្អាត​។ 
 
​បន្ទាប់ពី​បញ្ហា​បរិស្ថាន ត្រូវបាន​គេ​យកមក​ជជែក​យ៉ាង​ផុសផុល នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក ឈឹ​ន ធារ៉ា​ត់ ផលិតករ​វីដេអូ​ម្នាក់ ក៏បាន​ចូលរួម​ផលិត​វីដេអូ​អប់រំ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ការ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ជាពិសេស ការកាត់បន្ថយ​ប្រើប្រាស់​ប្លា​ស្ទិ​ក​។ 
 
​មាន​វ័យ​២៦​ឆ្នាំ ធារ៉ា​ត់ ដែល​បាន​ឆ្លៀត​ពី​ការ​ជា​អ្នកកាសែត តែងតែ​ចំណាយ​ថវិកា និង​ពេលវេលា​របស់ខ្លួន ផលិត​វីដេអូ​អប់រំ​ពី​បញ្ហា​សំរាម​នេះ ដើម្បី​ចូលរួម​កែប្រែ​ឥរិយាបថ​របស់​ពលរ​ដ្ឋ​កម្ពុជា​។ 
 
​លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​ទៅ​ផ្សារ យើង​ដាក់​កន្ត្រក​ទៅ បន្លែ​ដាក់ចូល​ក្នុង​កន្ត្រក​តែមួយ​ទៅ ត្រី​សាច់​ដាក់ចូល​ក្នុង​កន្ត្រក​តែមួយ​ទៅ បើ​វា​មិន​ប៉ះពាល់​អី​ទេ​។ បើ​ប៉ះពាល់​យើង​ចាំបាច់​ត្រូវ​ប្រើ​ប្លា​ស្ទិ​ក ប្រើ​ប្លា​ស្ទិ​ក​ទៅ​។ អាហ្នឹង​សម្រាប់​មនុស្ស​ម្នាក់ៗ​។ តែ​សម្រាប់​កន្លែង​រកស៊ី​មួយ សហគ្រាស​មួយ យើង​ត្រូវ​គិតពិចារណា​ឲ្យ​មែនទែន យើង​ត្រូវធ្វើ​ម៉េច ដើម្បី​ជួយ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក ដូចជា ដូរ​ពី​ប្រើ​កែវ​ជ័រ​មក​ប្រើ​កែវ​ធម្មតា​មក ដូរ​ពី​ការប្រើ​បំពង់​បឺត​ជ័រ មក​ប្រើ​បំពង់​បឺត​ឫស្សី​ចឹ​ង​ទៅ​។ ការ​វិច​ខ្ចប់​ផ្សេង មិនមែន​មានតែ​ថង់​ប្លា​ស្ទិ​ក​ឯណា គេ​មាន​ថង​ក្រដាស ដែលមាន​ផលិត​ឲ្យ​ប្រើ យើង​ប្រើ​ទៅ គ្រាន់តែ​តម្លៃ​រៀង​លើស​បន្តិច​»​។     
 
​លោក ឈឹ​ន ធារ៉ា​ត់ លោក​ដា​រ៉ា​វីត និង​ពលរដ្ឋ​ខាងលើ សុទ្ធតែ​ផ្ញើ​សារ​ទៅ​ពលរដ្ឋ​ខ្មែរ​ទាំងអស់ មេត្តា​ចូលរួម​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ដែលជា​ដើមហេតុ​នៃ​ការបំពុល​បរិស្ថាន និង​កែច្នៃ​សំរាម​ដើម្បី​ប្រើប្រាស់​ឲ្យ​អស់​ទ្ធ​ភាព​៕ 

Tag:
 សំរាម​
 ​បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com