អន្តរជាតិ
ទីម័រខាងកើត បន្តរង់ចាំការសម្រេចចិត្ត ពីអាស៊ានលើបញ្ហាសមាជិកភាពពេលវៀតណាមធ្វើជាប្រធាន
× កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ដែលមានថៃ ជាប្រធាន បានបញ្ចប់ជាមួយនឹងលទ្ធផលផ្លែផ្កាខ្លះ និងលទ្ធផលស្រពិចស្រពិលខ្លះ។ ផ្លែផ្កានោះត្រង់ថា អាស៊ានមានការប្តេជ្ញាចិត្តកាន់តែមុតមាំក្នុងការអភិវឌ្ឍអង្គការក្នុងតំបន់នេះឲ្យកាន់តែរឹងមាំ និងសក្តានុពល ខណៈរឿងស្រពិចស្រពិល អាស៊ាន នៅតែបន្សល់ទុកបញ្ហាក្នុងតំបន់មួយចំនួន ដែលក្នុងនោះរាប់បញ្ចូលទាំងសមាជិកភាពទីម័រខាងកើត។
តាមសេចក្តីថ្លែងការណ៍ស្តីពីជំនួបកំពូលអាស៊ានលើកទី៣៥ ដែលទើបតែបានបញ្ចប់ទៅថ្មីៗនេះ មេដឹកនាំអាស៊ានបានឯកភាពគ្នាលើចំណុចជាច្រើនក្នុងការបន្តជំរុញការអភិវឌ្ឍអាស៊ាន ដែលក្នុងនោះរាប់បញ្ចូលទាំងលើកិច្ចការពាក់ព័ន្ធសន្តិសុខ-នយោបាយ សេដ្ឋកិច្ច សង្គម-វប្បធម៌ ទំនាក់ទំនងជាមួយភាគីខាងក្រៅ និងបញ្ហាពាក់ព័ន្ធក្នុងតំបន់ និងអន្តរជាតិផងដែរ។
ក៏ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ និងជាការទន្ទឹងរង់ចាំមួយសម្រាប់តំបន់នោះ គឺអាស៊ាន នៅមិនទាន់អារកាត់លើការបញ្ចូលទីម័រខាងកើត ជាសមាជិកពេញសិទ្ធិរបស់ខ្លួននៅឡើយនោះទេ។ ពោលគឺ ទីម័រខាងកើត ត្រូវបន្តរង់ចាំការសម្រេចចិត្តជាថ្មីរបស់អាស៊ាន នៅពេលវៀតណាមធ្វើជាប្រធានវិលជុំរបស់អាស៊ាន នៅឆ្នាំក្រោយ២០២០។
តាមសេចក្តីថ្លែងការណ៍ដដែល ដែលមានកម្រាស់១៧ទំព័រនោះ អាស៊ាន បានបញ្ញត្តិចំណុចដ៏ខ្លីសម្រាប់បញ្ហាសមាជិកភាពទីម័រខាងកើត ដោយក្នុងនោះ អាស៊ាន បានកត់សម្គាល់ពីឆន្ទៈនយោបាយរឹងមាំរបស់ទីម័រខាងកើត ក្នុងការក្លាយជាសមាជិករបស់អាស៊ាន និងបានអះអាងបន្តគាំទ្រការអភិវឌ្ឍទីម័រខាងកើតតាមរយៈការកសាងសមត្ថភាព។ ក៏ប៉ុន្តែអាស៊ាន នៅតែដាក់គោលដៅឲ្យមន្ត្រីជំនាញរបស់ខ្លួនបន្តសិក្សាលើលទ្ធភាពរបស់ទីម័រខាងកើតបន្តទៀត។
គួររម្លឹកថា មុនពេលកិច្ចប្រជុំកំពូលអាស៊ាន ប្រមុខដឹកនាំទីម័រខាងកើត បានបង្ហាញការរំពឹងយ៉ាងពីការសម្រេចចិត្តរបស់អាស៊ានលើការបញ្ចូលខ្លួនជាសមាជិកផ្លូវការ។ ក្តីរំពឹងរបស់ទីម័រខាងកើត កើតមានឡើងបន្ទាប់ពី ប្រមុខការទូតរបស់ទីម័រខាងកើត បានបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសអាស៊ានទាំងដប់ ដោយទទួលបានសញ្ញាណវិជ្ជមានច្រើន។
បើតាមការអះអាងរបស់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Mahathir Mohammad ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលនោះ អាស៊ាន គឺជាអង្គការអន្តររដ្ឋាភិបាលមួយដ៏មានសក្តានុពល និងមានភាពរឹងមាំជាងសហភាពអឺរ៉ុប។ ចំណុចនេះហើយ ដែលលោកនាយករដ្ឋមន្ត្រី អះអាងថា មានប្រទេសជាច្រើន ចង់ក្លាយជាសមាជិក និងជាដៃគូ។
ដោយឡែកសម្រាប់បញ្ហាទីម័រខាងកើត លោកនាយករដ្ឋមន្ត្រី អះអាងថា ម៉ាឡេស៊ី មិនមានការស្ទាក់ស្ទើរនឹងទទួលយកឡើយ។ ក៏ប៉ុន្តែការណ៍ដែលទីម័រខាងកើត នៅមិនទាន់ត្រូវបានទទួលយកដោយអាស៊ាន លោកនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា ដោយសារតែរដ្ឋអាស៊ានខ្លះ នៅមិនទាន់មានទំនុកចិត្តពេញលេញលើរដ្ឋក្មេងខ្ចីជាងគេក្នុងតំបន់អាស៊ានអាគ្នេយ៍នេះឡើយ៕
Tag:
អាស៊ាន
ទីម័រខាងកើត
© រក្សាសិទ្ធិដោយ thmeythmey.com