ប្រសិនបើសកម្មភាពរបស់មនុស្សចាប់ផ្តើមកែលម្អចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣០ ពិភពលោកនឹងមានការផ្លាស់ប្តូរយ៉ាងធំធេងមួយ។ នៅក្នុងឆ្នាំនោះ ពិភពលោក នឹងកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក សាច់នៅលើតុញាំអាហារ នឹងមានបន្តិចបន្តួច ទឹកដែលមនុស្សបរិភោគ និងខ្យល់សម្រាប់មនុស្សដកដង្ហើម នឹងកាន់តែស្អាត និងល្អជាងពេលឥឡូវនេះ។ ចំណែកធម្មជាតិ នឹងកាន់តែស្រស់បំព្រងជាងមុន។ ពិតណាស់ ការជួយសង្គ្រោះបរិស្ថាន និងអាកាសធាតុ ចាប់ពីពេលនេះ វាមិនត្រឹមតែជាការផ្លាស់ប្តូរដ៏ធំមួយទេ ប៉ុន្តែវានឹងធ្វើឲ្យមនុស្សកាន់តែមានសុភមង្គលជាងមុន។
បើទោះបីជាពេលនេះមនុស្សនៅទូទាំងសកលលោក កំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុក៏ពិតមែន ប៉ុន្តែសាកស្រមៃមើលថា នៅពេលមនុស្សអាចជម្នះការបម្រែបម្រួលអាកាសធាតុបាន តើនឹងមានអ្វីកើតឡើងសម្រាប់ភពផែនដីមួយនេះ?
១ .ចេញពីផ្ទះ អ្នកមិនទទួលរងភាពស្មុគស្មាញពីបរិកាសជុំវិញខ្លួន
ប្រសិនបើ មនុស្សអាចជម្នះបម្រែបម្រួលអាកាសធាតុ អ្វីៗនឹងមានលក្ខណៈស្រស់បំព្រង។ ជាក់ស្តែង នៅពេលមនុស្សទាំងឡាយ ដើរចេញពីផ្ទះ ដោយស្ថិតក្នុងបរិកាសមួយដ៏ល្អ មានសួនច្បារជាច្រើន មិនកកស្ទះចរាចរណ៍។ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិក គណៈអភិបាលក្រុង នឹងចាត់វិធានការកំណត់ចំនួនរថយន្តឯកជន។ មូលហេតុនេះ វានឹងធ្វើឲ្យក្រុមហ៊ុនដឹកជញ្ជូនជាច្រើនចូលមកវិនិយោគ និងក្នុងតម្លៃសមរម្យ។ ដូច្នោះ មនុស្សជាច្រើន នឹងមិនចាំបាច់ចំណាយលុយទិញរថយន្ត មិនខ្វល់ពីចំណតរថយន្ត និងមិនខ្វល់ពីការស្វះចរាចរណ៍ជាដើម។ ប៉ុន្តែបើមិនចង់ជិះរថយន្ត ពួកគេអាចជិះកង់ ឬរថយន្តក្រុងទៅកន្លែងធ្វើការ ឬកន្លែងផ្សេងៗក៏បាន។
២. ខ្យល់ដកដង្ហើមនៅក្នុងទីក្រុង នឹងមានកម្រិតល្អជាងមុន
ដោយសាររថយន្តឯកជនត្រូវកាត់បន្ថយ ហើយចង្វាក់ផលិតកម្មផ្សេងទៀត ត្រូវដើរដោយចរន្តអគ្គិសនី វាច្បាស់ណាស់ថា កម្រិតជាតិពុលនៅក្នុងខ្យល់ នឹងមានតិចជាងមុន។ ចំណែកមនុស្ស នឹងទទួលខ្យល់ដកដង្ហើមកាន់តែបរិសុទ្ធ។ ដូចដែលយើងដឹងស្រាប់ហើយ ថាមពលអគ្គិសនី គឺវាស្អាត ហើយស្អាតជាងប្រភពថាមពលផ្សេងទៀតទាំងអស់។
៣. ការប្រើប្រាស់ប្លាស្ទិក នឹងមានការកាត់បន្ថយ
ដូចដែលដឹងស្រាប់ហើយថា ប្លាស្ទិក គឺមានអាយុកាលយូរទើបរលាយ ប៉ុន្តែមនុស្សមានជម្រើសច្រើន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្តែងនៅតាមហាងកាហ្វេជាច្រើន ប្រើកែវប្លាស្ទិក ដើម្បីដាក់កាហ្វេ ប៉ុន្តែនៅថ្ងៃបន្ទាប់ អ្នកអាចយកកែវប្លាស្ទិកចាស់នោះ យកមកដាក់កាហ្វេញាំបានជាថ្មី។ ដូច្នោះ ប្រសិនបើធ្វើបែបនេះ ប្លាស្ទិកនឹងកាត់បន្ថយបានច្រើន ហើយបរិស្ថាននឹងស្អាតជាងមុន។
៤. តម្រូវការបន្លែ នឹងមានការកើនឡើងជាងមុន
ពិតណាស់សាច់ គឺជាប្រភពមួយ ដែលរួមចំណែកក្នុងការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស។ នៅពេលប្រជាជន ចូលចិត្តបរិភោគបន្លែ សាច់នឹងមានកាន់តែតិចនៅលើតុញាំអាហារ។ ការណ៍នេះ គឺជាប្រភពមួយក្នុងការកាត់បន្ថយឧស្ម័នកាបូនិកចូលទៅក្នុងខ្យល់។ ចំណែកមនុស្សកាន់តែមានសុខភាពល្អ ដោយសារការបរិភោគបន្លែច្រើនជាងសាច់៕