ខេត្ត​កេ​ប៊ិច​របស់​កាណាដា មាន​យានយន្ត​អគ្គិសនី​ឡើងដល់​ទៅ​ជាង​៦​ម៉ឺន​គ្រឿង​
រថយន្ត
អន្តរជាតិ
ខេត្ត​កេ​ប៊ិច​របស់​កាណាដា មាន​យានយន្ត​អគ្គិសនី​ឡើងដល់​ទៅ​ជាង​៦​ម៉ឺន​គ្រឿង​
11, Nov 2019 , 7:20 pm        
រូបភាព
ដោយ: ធីតា
ខេត្ត​កេ​ប៊ិច ប្រទេស​កាណាដា មាន​យានយន្ត​អគ្គស​នី​សរុប​រហូតដល់​ទៅ ៦០ ៧៨៤​គ្រឿង​។ នេះ​បើតាម​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង​យានយន្ត​ប្រចាំខេត្ត​កេ​ប៊ិច និង​សមាគម​យានយន្ត​អគ្គិសនី​ប្រចាំខេត្ត​កេ​ប៊ិច (AVEQ) ដែល​ទើបតែ​ចេញផ្សាយ​កាលពី​ចុងខែ​តុលា កន្លងមក​។​



​កេ​ប៊ិច មាន​ប្រជាជន​ជាង​៨​លាន​នាក់ ហើយ​ក្នុងចំណោម​យានយន្ត​អគ្គិសនី​ជាង​៦​ម៉ឺន​គ្រឿង មាន​ជាង​៣​ម៉ឺន​គ្រឿង​ជា​ប្រភេទ​យានយន្ត​អគ្គិសនី​សុទ្ធសាធ ជិត​៣​ម៉ឺន​គ្រឿង ជា​ប្រភេទ​កូនកាត់ (Hybrides) និង​ប្រមាណ​ជាង​៣០០​គ្រឿង ជា​ប្រភេទ​ទោចក្រយានយន្ត​អគ្គិសនី​។​

​យោងតាម​ការផ្សាយ​រប​ស់ Le Guide de L’Auto អាជ្ញាធរ​កេ​ប៊ិច ចង់​ឲ្យ​មានការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​ឡើងដល់​ប្រមាណ​១០​ម៉ឺន​គ្រឿង​ដោយ​គិត​ត្រឹម​ចុងឆ្នាំ​២០២០ ហើយ​បើតាម​ការប៉ាន់ស្មាន​រប​ស់ សមាគម AVEQ តួលេខ​នឹង​ឆាប់​ឡើងទៅ​ដល់​មុន​ផែន​ការដែល​បានកំណត់​។​

​របាយការណ៍​បាន​បង្ហាញថា តួលេខ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កេ​ប៊ិច មានការ​កើនឡើង​ខ្លាំង​នា​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៩​នេះ​។ ចំនួន​អាច​កើនឡើង​យ៉ាងគំហុក ប្រសិនបើ​ក្រុមហ៊ុន​ផលិត​យានយន្ត ឆ្លើយតប​តាម​ការបញ្ជាទិញ​របស់​អតិថិ​ជិន ទាន់ពេលវេលា​។​


​តួលេខ​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​នៅ​កេ​ប៊ិច ស្មើ​ជិត​ពាក់កណ្តាល​នៃ​ប្រទេស​កាណាដា​ទាំងមូល​។ បច្ចុប្បន្ន កេ​ប៊ិច​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​៦​លើ​ពិភពលោក​ដែលមាន​អត្រាកំណើន​ខ្ពស់​លើ​ការប្រើប្រាស់​យានយន្ត​អគ្គស​នី​។​

​ជាមួយនឹង​អត្រា ៦.៣៦​ភាគរយ ខេត្ត​កេ​ប៊ិច​ឈរ​បន្ទាប់ពី ន័​រវេ​ស (៤៧​ភាគរយ​), អ៊ី​ស្លង់ (១០.៨​ភាគរយ​) រដ្ឋកា​លី​ហ្វ​នីញ៉ា (៧.៨​ភាគរយ​), ស៊ុយអែត (៧.៤​ភាគរយ​) និង​ហូ​ឡង់ (៧​ភាគរយ​) លើ​ចំនួន​នៃ​ការប្រើប្រាស់​យានយន្ត​អគ្គិសនី ខណៈ​ចិន​ឈរ​លេខ​៧ ដោយមាន​អត្រា ៤.៨​ភាគរយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com