អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់​ប្រកាស​រកឃើញ​រ៉ែ​ប្រេង​ធំ​សម្បើម​ថ្មី ខណៈ​សង្ឃឹម​អាច​បន្សាប​ទណ្ឌកម្ម​អាមេរិក​
11, Nov 2019 , 9:30 pm        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hanssan Rouhan បានប្រកាស​យ៉ាង​ឱឡារិក​នៅ​ថ្ងៃអាទិត្យ ១០ វិច្ឆិកា​ថា ប្រទេស​លោក​បាន​រកឃើញ​ទីតាំង​រ៉ែ​ប្រេង​ថ្មី​ដ៏​ធំ​សម្បើម​មួយ ។ វា​ជា​រុករក​ថ្មី​មួយ ដែល​មេដឹកនាំ​រូបនេះ ចាត់ទុកជា «​ដំណឹង​ល្អ​» ដើម្បី​ទប់ទល់​នឹង​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​ដាក់​ដោយ​ក្រុង​វ៉ាស៊ីនតោន​។ 

​ក្នុង​សុន្ទរកថា​ដែល​ចាក់ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ លោក​ប្រធានាធិបតី Rouhani បញ្ជាក់​ឲ្យ​ដឹងថា សេដ្ឋកិច្ច​របស់​ប្រទេស​លោក នឹង​នៅតែ​រក្សា​លំនឹង​ល្អប្រសើរ ទោះបីជា​ទទួលរង​ចំណាត់ការ​ពី​សំណាក់​សហរដ្ឋអាមេរិក​ប្រឆាំងនឹង​មន្ត្រី​គ្រាក់ៗ វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ ជាដើម​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP មេដឹកនាំ​រូបនេះ សង្កត់ធ្ងន់ថា ទីតាំង​រ៉ែ​ប្រេង​ដ៏​ធំ​មហិមា ដែល​ស្ថិតក្នុង​ភាគ​នីរ​តី​នៃ​ខេត្ត Khuzestan ត្រូវបាន​ប៉ាន់ប្រមាណ​ថា​មាន​ប្រេង​ឆៅ​យ៉ាងតិច ៥៣​ពាន់​លាន​ប៉ា​រែ​ល​។ វា​មាន​ជម្រៅ​៨០​ម៉ែត្រ និង​លាតសន្ធឹង​ជិត​២០០​គីឡូម៉ែត្រ​ពី​ព្រំដែន​ខេត្ត Khunzwstan ជាប់​នឹង​ទីក្រុង Omidiyet នៃ​ប្រទេស​អ៊ី​រ៉ក់​។​
 
​ពី​ទីក្រុង Yazd លោក Hanssan Rouhan គូសបញ្ជាក់​បែបនេះ​៖«​នេះ​គឺជា​អំណោយ​តិចតួចស្តួចស្តើង​មួយ​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​ជូន​ចំ​ពោ​ហ​ប្រជាជន​អ៊ីរ៉ង់​»​។ លោក បញ្ជាក់​បន្ថែមថា​៖«​យើង​ប្រកាសប្រាប់​អាមេរិក​នៅថ្ងៃនេះ​ថា យើង​ជា​ប្រជាជាតិ​អ្នកមាន​មួយ ហើយ​ទោះជា​រង​ទណ្ឌកម្ម​ដ៏​ឃោរឃៅ​របស់​អ្នកក្តី  កម្មករ​និង​វិស្វករ​ឧស្សាហកម្ម​ប្រេង​អ៊ីរ៉ង់ បាន​រកឃើញ​ទីតាំង​រ៉ែ​ប្រេង​ដ៏​អស្ចារ្យ​មួយ​នេះ​»​។ 
 
​តាម​ការប៉ាន់ស្មាន​រប​ស់​ក្រុមហ៊ុន​ថាមពល​យក្ស BP ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​ដ៍ នៃ​ចក្រភព​អង់គ្លេស ការរកឃើញ​រ៉ែ​ប្រេង​ថ្មីថ្មោង​នេះ នឹង​បន្ថែម​ប្រមាណ​៣៤​ភាគរយ​លើ​ទំហំ​ប្រេង​បម្រុង​បច្ចុប្បន្ន​របស់​ប្រទេស​អ៊ីរ៉ង់ ដែលជា​សមាជិក​អង្គការ OPEC ។ ជា​ប្រទេស​ស្ថាបនិក​មួយ​របស់​អង្គការ​នៃ​ប្រទេស​នាំចេញ​ប្រេង (OPEC) អ៊ីរ៉ង់ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ជា​ប្រទេស​មាន​ទំហំ​ប្រេង​បម្រុង​ធំ​បំផុត​លើ​ពិភពលោក​។ ប្រសិនបើ​ការប៉ាន់ប្រមាណ​ពិតមែន​នោះ ទំហំ​ប្រេង​បម្រុង​ថ្មី នឹង​លើក​អ៊ីរ៉ង់​ឡើងដល់​ចំណាត់ថ្នាក់​លេខ​៣ តាម​ពីក្រោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។ 
 
​ទោះជា​បែបនេះ​ក្តី គេ​នៅ​រង់ចាំ​មើលថា​អ៊ីរ៉ង់​អាច​ទាញ​ផលចំណេញ​ច្រើន​ប៉ុណ្ណា​ពី​ទីតាំង​រ៉ែ​ប្រេង​ថ្មី​នេះ​។ ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នេះ ប្រឈម​បញ្ហាលំបាក​ក្នុង​ការលក់​ប្រេង​របស់ខ្លួន ចាប់តាំងពី​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ​២០១៥ កាលពី​ឆ្នាំមុន និង​ដាក់ទណ្ឌកម្ម​ឯកតោភាគី​ជាថ្មី​ប្រឆាំង​អ៊ីរ៉ង់​។ ម្យ៉ាងទៀត កាលពី​ខែឧសភា ក្រុង​វ៉ា​ស៊ី​តោន បានបញ្ចប់​ការអនុគ្រោះ​ទណ្ឌកម្ម​ជា​បណ្តោះអាសន្ន​ដែល​ខ្លួន​បានផ្តល់​ឲ្យ​ម៉ូយ​ដុំ​ប្រេង​ធំ​ចំនួន​៨​របស់​អ៊ីរ៉ង់ ។ ទង្វើ​នេះ គឺជា​ការដាក់​គំនាប​កាន់តែខ្លាំង​លើ​ប្រទេស​ចិន ឥណ្ឌា និង​តួ​ក​គី ដើម្បី​ស្វែងរក​ប្រទេស​ផ្គត់ផ្គង់​ថ្មី​។ 
 
​មែនទែនទៅ អ៊ីរ៉ង់ ប្រឈម​នឹង​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៩​នេះ ដែល​បញ្ឆេះ​មួយផ្នែក​ដោយ​ទណ្ឌកម្ម​អាមេរិក គួបផ្សំ​នឹង​អតិផរណា​ឡើង​កប់​ពពក និង​តម្លៃ​ទំនិញ​នាំចូល​កើនឡើង​។ ក៏ប៉ុន្តែ​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ លោក Rouhani អះអាងថា ឥឡូវនេះ​សេដ្ឋកិច្ច​ប្រទេស​លោក មាន​ស្ថិរ​ភាពល្អ​។ ត្រង់នេះ លោក និយាយ​បែបនេះ​៖«​ប្រជាជន​របស់​យើង​បាន​ជួប​ការលំបាក​ក្នុង​ឆ្នាំ​កន្លង [​ប៉ុន្តែ​] ខ្ញុំ​ជឿថា​ប្រទេស​អាមេរិក​ឥឡូវនេះ​អស់សង្ឃឹម​ហើយ​»៕
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  អ៊ីរ៉ង់​
  រ៉េ​ប្រេង​
© រក្សាសិទ្ធិដោយ thmeythmey.com