ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​អាមេរិក ចង់ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ​
11, Nov 2019 , 5:03 pm        
រូបភាព
​ភ្នំពេញ​៖ អាមេរិក ចង់ឃើញ​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ មាន​សេរីភាព​ពេញលេញ​។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានលើកឡើង​បែបនេះ ចំពោះមុខ​អ្នកកាសែត ក្រោយ​ជំនួប​លោក កឹម សុខា នៅ​ថ្ងៃទី​១១ វិច្ឆិកា​។​


​ដើរចេញ​ព្រម​គ្នា​ពី​ក្នុង​គេហដ្ឋាន ក្រោយ​បញ្ចប់​ការសួរសុខទុក្ខ​គ្នា ជាង​១​ម៉ោង​នោះ លោក កឹម សុខា បាន​បដិសេធ​ឆ្លើយ​សំនួរ​អ្នកសារព័ត៌មាន ដោយសារ​ជាប់​បម្រាម​តុលាការ ហាម​មិន​ឱ្យធ្វើ​សកម្មភាព​នយោបាយ​។ លោក កឹម សុខា សុំ​បង្វែរ​សំនួរ​ទៅ​លោក​ទូត​អាមេរិក​វិញ ។​

 
​ដោយ​មិន​អល់អែក​លោក W. Patrick Murphy បាន​បកស្រាយ​ប្រមាណ​២​នាទី ពី​បំណង​របស់លោក​ក្នុងនាម​រដ្ឋាភិបាល​អាមេរិក​។ បំណង​របស់លោក Murphy គឺ​ចង់ឃើញ​លោក កឹម សុខា មាន​សេរីភាព​ពេញលេញ និង​ស្នើឱ្យ​ទម្លាក់​បទចោទប្រកាន់​លើ​ប្រធាន​អតីត​បក្សប្រឆាំង​រូបនេះ ។ ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត​អាមេរិក ក៏​ស្នើឱ្យ​លើកលែង​ការចោទប្រកាន់​នានា លើ​សមាជិក​គណបក្សនយោបាយ​ទាំង​ក្នុង និង​ក្រៅប្រទេស រួមទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន ដែល​ជាប់ចោទ​កន្លងមក​ផងដែរ​។​
 
«​ខ្ញុំ​ចង់ឃើញ​ពួកគេ​មាន​សេរីភាព​ឡើងវិញ​»​។ នេះ​ជាការ​លើកឡើង​របស់លោក Murphy ដែល​ចង់ឃើញ​ពី​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា កាន់តែ​រឹងមាំ​ថែមទៀត​។​
​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​កែប្រែ​លក្ខខណ្ឌ​ខ្លះ ដោយ​សម្រេច​ឱ្យ​លោក​ដើរទៅ​ទីណា​ក៏បាន នៅក្នុង​ប្រទេស​កម្ពុជា លើកលែងតែ​ចេញទៅ​ក្រៅប្រទេស ។ ដ្បិត​អាច​ដើរ​គ្រប់​ទីកន្លែង​បាន​មែន ប៉ុន្តែ​លោក កឹម សុខា នៅ​គ្មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ដដែល​។ ជាពិសេស​លោក កឹម សុខា ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​របស់​សមត្ថកិច្ច​គ្រប់ពេល ដោយសារ​នៅតែ​ស្ថិតនៅក្នុង​ការតាមដាន​របស់​តុលាការ​។​
 
​លោក កឹម សុខា ត្រូវបាន​កម្លាំង​សមត្ថកិច្ច ចូលទៅ​ចាប់​ដល់​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក កាលពី​យប់​ថ្ងៃទី​២​អធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោម​ការសង្ស័យថា លោក លួច​ទៅ​គប់គិត​ជាមួយ​រដ្ឋាភិបាល​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ បទល្មើស​នេះ ត្រូវ​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​។
 
​ក្រោយ​ចាប់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដឹក​លោក កឹម សុខា ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូង​ឃុំ (​ជិត​ព្រំដែន​វៀតណាម​)​។ ជាប់ឃុំ​នៅ​ទី​នោះបាន​មួយឆ្នាំ ពោលគឺ នៅ​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ លោក ក៏​ត្រូវបាន​តុលាការ អនុញាត​ឲ្យ​វិលត្រឡប់​ទៅ​រស់នៅ​ក្នុងផ្ទះ​របស់លោក​វិញ តែ​មិន​ត្រូវបាន​ទម្លាក់​បទ​ចោទ​ចេញ​ឡើយ ហើយ​លោក ត្រូវ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​៕

Tag:
 កឹម សុខា​
  អាមេរិក​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com