អន្តរជាតិ
ការវិនិយោគ​ផ្ទាល់​របស់​ចិន​នៅ​សហរដ្ឋអាមេរិក​ធ្លាក់ចុះ​យ៉ាងខ្លាំង​
13, Nov 2019 , 7:59 pm        
រូបភាព
នេះ​ជា​ទិដ្ឋាភាព​នៃ​ទីក្រុង Los Angeles ដែល​មាន​កំពូល​អគារ Oceanwide Plaza មើល​ឃើញ​នៅ​ខាង​ក្រោយ​ជាមួយ​នឹង​ឧបករណ៍​ស្ទួច។
នេះ​ជា​ទិដ្ឋាភាព​នៃ​ទីក្រុង Los Angeles ដែល​មាន​កំពូល​អគារ Oceanwide Plaza មើល​ឃើញ​នៅ​ខាង​ក្រោយ​ជាមួយ​នឹង​ឧបករណ៍​ស្ទួច។
ដោយ: VOA
​ទីក្រុង LOS ANGELES ៖ ឧទាហរណ៍​មួយ​នៃ​ចំណុច​នេះ​គឺ​រមណីយដ្ឋាន​កម្សាន្ត Oceanwide Plaza ដែល​ចំណាយ​ទឹកប្រាក់​វិនិយោគ​អស់​រាប់ពាន់​លាន​ដុល្លារ​នៅក្នុង​ទីក្រុង Los Angeles​។ ការងារ​សាងសង់​បាន​ជាប់គាំង​នៅក្នុង​ខែមករា សម្រាប់​អាគារ​ខុន​ដូ សណ្ឋាគារ និង​កន្លែង​ប្រកប​អាជីវកម្ម​លក់រាយ ដែល​ស្ថិតនៅក្នុង​ទីតាំង​ដ៏​មានតម្លៃ​ជិត​មជ្ឈមណ្ឌល​សន្និបាតរ​បស់​ទីក្រុង Los Angeles និង​បណ្ដុំ​អាគារ ដែល​ក្រុម​បាល់បោះ Lakers និង​ក្រុម​បាល់បោះ Clippers លេង​នៅ​ទីនោះ​។​

 
​ភាពជាប់គាំង​នេះ​គឺជា​សញ្ញា​មួយ​នៃ​ការធ្លាក់ចុះ​ខ្លាំង​នៃ​ការវិនិយោគ​ពី​ប្រទេស​ចិន នៅ​ចំពេល​ដែលមាន​ភាព​តានតឹង​កើនឡើង​រវាង​មហាអំណាច​ពិភពលោក​ទាំងពីរ​។​
 
​មូលហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​មានការ​ធ្លាក់ចុះ​នេះ​គឺ​ការផ្លាស់ប្ដូរ​គោលនយោបាយ​រូបិយវត្ថុ​របស់​ចិន​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Dale Goldsmith មេធាវី​ផ្នែក​ដីធ្លី​នៅ​ទីក្រុង Los Angeles​។​
 
​លោក Goldsmith ថ្លែង​ដូច្នេះ​ថា​៖ «​យើង​ឃើញ​មានការ​គ្រប់គ្រង​រូបិយ​វត្ថ​មិន​ឲ្យ​ហូរ​ចេញពី​ប្រទេស​ចិន ដែល​នៅ​ទីនោះ ក្រុមហ៊ុន​ជាច្រើន​បាន​វិនិយោគ​លើ​ផ្នែក​ដែលមាន​ហានិភ័យ​ទាប​។ ខ្ញុំ​គិតថា វា​ប្រហែលជា​មកពី​ការវិនិយោគ​លើ​ផ្នែក​ដែលមាន​សុវត្ថិភាព​នៅក្រៅ​ប្រទេស ដែល​នៅ​ទីបំផុត ប្រទេស​ចិន​បាន​បង្ក្រាប​លើ​រឿង​ន‍េះ​»​។​
 
​មូលហេតុ​មួយទៀត​គឺ​ការបង្កើន​ការត្រួតពិនិត្យ​របស់​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​បរទេស​នៅក្នុង​សហរដ្ឋអាមេរិក​។​
 
​វិទ្យាស្ថាន​ស្រាវជ្រាវ Rhodium Group បាន​ប៉ាន់ប្រមាណ​ថា ការត្រួតពិនិត្យ​របស់​គណៈកម្មាធិការ​នេះ​បានធ្វើ​ឲ្យ​អ្នកវិនិយោគ​ចិន​បោះបង់ចោល​នូវ​កិច្ចសន្យា​វិនិយោគ​ជាមួយ​សហរដ្ឋអាមេរិក ដែលមាន​ទឹកប្រាក់​ជាង ២ ពាន់ ៥ រយ​លាន​ដុល្លារ​។​
 
​លោក Goldsmith បាន​បន្ថែមថា សេដ្ឋកិច្ច​ខ្លាំងក្លា​របស់​សហរដ្ឋអាមេរិក​គឺជា​មូលហេតុ​មួយ​ផ្សេងទៀត ដែល​បណ្ដាល​ឲ្យ​មានការ​ធ្លាក់ចុះ​នៃ​ការវិនិយោគ​របស់​ចិន​នេះ​។​
 
​លោក Goldsmith និយាយថា​៖ «​ប្រាក់​ដុល្លារ​អាមេរិក​មាន​ឥទ្ធិពល​ខ្លាំង ដែល​ធ្វើ​ឲ្យ​ការវិនិយោគ​មិនសូវ​ជាមាន​ការចាប់អារម្មណ៍​ខ្លាំង​សម្រាប់​ជនជាតិ​ចិន និង​នៅក្នុង​សហរដ្ឋអាមេរិក​។ ចំណុច​មួយទៀត​គឺ​ថ្លៃ​សាងសង់​កើនឡើង​ខ្ពស់​បំ​ផុ​ត‍​»​។​
 
​ចំណុច​ចុងក្រោយ ដែល​នោះ​គឺ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​នៅ​បន្ត​រវាង​សហរដ្ឋអាមេរិក និង​ចិន បាន​បង្ក​ឲ្យ​មាន​ភាពស្រពិចស្រពិល​ក្នុង​បរិយាកាស​វិនិយោគ​ដែល​កំពុងតែ​មានការ​ប្រឈម​រួចមកហើយ​។​
 
​សង្គ្រាម​ពាណិជ្ជកម្ម​កំពុង​បង្កើត​ទំនោរ​មួយ​ផ្សេងទៀត ដែល​នោះ​គឺ​ការ​គេច​ពី​ពន្ធគយ​ខ្ពស់ ដោយ​ក្រុមហ៊ុន​អន្តរជាតិ​នានា​បាន​ផ្លាស់​ទីតាំង​ផលិតកម្ម​របស់ខ្លួន​ចេញពី​ប្រទេស​ចិន​ទៅកាន់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​ប្រទេស​ខ្លះ​ទទួលបាន​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។ ប្រទេស​ផ្សេងទៀត​កំពុង​ព្យាយាម​បង្កើន​ការវិនិយោគ​ដោយផ្ទាល់​របស់​ពួកគេ ដើម្បី​ទប់ទល់​ជាមួយនឹង​ឥទ្ធិពល​អវិជ្ជមាន​នៃ​សង្គ្រាម​ពាណិជ្ជ​កម្មនេះ​។​
 
​ដរាបណា​ភាព​តានតឹង​សេដ្ឋកិច្ច​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅតែ​ខ្ពស់ ទីក្រុង Los Angeles និង​ទីក្រុង​ផ្សេងទៀត​នៅក្នុង​សហរដ្ឋអាមេរិក​នឹងត្រូវ​ស្វែងរក​មូលធនវិនិយោគ​ពី​កន្លែង​ផ្សេង​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com