កីឡាអន្តរជាតិ
អន្តរជាតិ
David Villa ប្រកាស​ព្យួរ​ស្បែកជើង​ពី​អាជីព​កីឡាករ​បាល់ទាត់ នៅ​វ័យ​៣៧​ឆ្នាំ​
13, Nov 2019 , 4:34 pm        
រូបភាព
​អ្នករក​គ្រាប់​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​របស់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ David Villa នឹង​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​បាល់ទាត់ ក្នុង​វ័យ​៣៧​ឆ្នាំ ពោលគឺ​នៅពេល​លី​គ​កីឡាបាល់ទាត់​កំពូល​ជប៉ុន J-League បញ្ចប់​រដូវ​កាល ២០១៩-២០ ខែក្រោយ​នេះ​។​


 
​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Barcelona បានប្រកាស​បែបនេះ ក្រោយ​ប្រកប​អាជីព​នៅលើ​វាលស្មៅ​អស់​រយៈពេល​១៩​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០០០​មក​។ ក្រៅពី​ក្លិប Vissel Kobe ដែល​កំពុង​ប្រក​អាជីព​សព្វថ្ងៃ Villa ធ្លាប់​លេង​ឲ្យ​ក្លិប​នៅ​លី​គ​កំពូល​អាមេរិក New York City ចំនួន​៤​រដូវ​កាល​រួចមកហើយ​។ សម្រាប់​ក្លិប​នៅ​អេ​ស្ប៉ា​ញ Villa ធ្លាប់​លេង​ឲ្យ Zaragoza, Valencia, AT-Madrid និង Barca​។​
 
​បុរស​វ័យ​៣៧​ឆ្នាំ​រូបនេះ មាន​ប្រវត្តិ​ឈ្នះ​ពានរង្វាន់​ច្រើន​បំផុត​ជាមួយ Barca ក្នុងនោះ La Liga ២ ដង និង Champions League មួយ​លើក​។ សម្រាប់​ជម្រើសជាតិ​វិញ រូបគេ​បាន​ជួយ​ជា​ម្រើ​សច​ជាតិ​អេ​ស្ប៉ា​ញ​ឈ្នះ​ពាន​កីឡាបាល់ទាត់​ពិភពលោក World Cup ឆ្នាំ​២០១០ និង ពាន​ទ្វីបអឺរ៉ុប European នៅ​ឆ្នាំ​២០០៨​ផងដែរ​។​
 
Villa ដែល​ជាប់​ក្នុង​កំណត់ត្រា​អ្នក​ស៊ុត​ច្រើនជាងគេ​ឲ្យ​អេ​ស្ប៉ា​ញ​ចំនួន​៥៩​គ្រាប់ អះអាងថា​ខ្លួន​បាន​គិតពី​ការសម្រេច​ចូល​និ​វ​ត្តិ​ន៍​នេះ​យូរ​មកហើយ​។​
 
«​ខ្ញុំ​ចង់​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់​ដោយ​ខ្លួនឯង មិនមាន​អ្នក​បង្ខំ​ខ្ញុំ​ទេ​។ ប៉ុន្តែ ទោះបី​ខ្ញុំ​លែង​នៅលើ​ទីលាន​ក៏ដោយ ខ្ញុំ​នៅតែ​បន្ត​ចូលរួម​ក្នុង​វិស័យ​បាល់ទាត់​ដដែល​តាម​មធ្យោបាយ​ផ្សេង និង​រួមចំណែក​ក្នុង​ពិភព​បាល់ទាត់​ដ៏​អស្ចារ្យ​នេះ​»​។ នេះ​ជាការ​អះអាង​របស់ Villa៕



Tag:
 David Villa
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com