«​សារាយ​តេ​ជោ​សែន​ជ័យ​» ពី​ខេត្តកណ្តាល ជា​ទូក​លឿន​ជាងគេ​ប្រចាំឆ្នាំ​២០១៩
ជាតិ
បុណ្យអុំទូក
«​សារាយ​តេ​ជោ​សែន​ជ័យ​» ពី​ខេត្តកណ្តាល ជា​ទូក​លឿន​ជាងគេ​ប្រចាំឆ្នាំ​២០១៩
13, Nov 2019 , 7:19 pm        
រូបភាព
ដោយ: រួបរួម
​ទូក​ឈ្មោះ «​សារាយ​តេ​ជោ​សែន​ជ័យ​» ពី​ខេត្តកណ្តាល បាន​ក្លាយជា​ម្ចាស់​ជ័យលាភី​ទូក​គូ​ពិសេស​ដែលមាន​ល្បឿន​លឿន​ជាងគេ​ប្រចាំឆ្នាំ​២០១៩ ក្រោយ​ការប្រកួត​៣​ថ្ងៃ​ពេញ ពីថ្ងៃ​ទី​១០ ដល់ទី​១២ ខែវិច្ឆិកា នា​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​ទន្លេចតុមុខ​។ ទូក​ពី​ខេត្តតាកែវ ជាប់​លេខ​២ និង​លេខ​៣ ខណៈ​ទូក​ចំនួន​បី​ជាប់​ចំណាត់ថ្នាក់​ផ្នែក​សោភណភាព និង​៦​ទូក​ទៀត​ជាប់​ចំណាត់ថ្នាក់​ផែន​លេខ​១​។​



អត្ថបទទាក់ទង
«​សារាយ​តេ​ជោ​សែន​ជ័យ​» ក្រោម​ការឧបត្ថម្ភ​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ម៉ៅ ភិ​រុណ បាន​ប្រើ​ថិរវេលា​សរុប ២៥:១៦.៣៤​នាទី ក្រោយ​ការប្រកួត​៥​ជើង​នា​រយៈពេល​៣​ថ្ងៃ ដើម្បី​ក្លាយជា​ម្ចាស់​ជ័យលាភី​ទូក​គូ​ពិសេស​លឿន​ជាងគេ​នា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំ​២០១៩​។ កាលពី​ឆ្នាំមុន​ទូក​នេះ ជាប់​ចំណាត់ថ្នាក់​លេខ​២​។​
 
​ទូក​ពី​ខេត្តតាកែវ ដែល​ឧបត្ថម្ភ​ដោយ​លោក សុខ សូ​កាន គឺ «​សម្តេច​វិបុល​បញ្ញា បារមី​មានជ័យ​» និង «​គិរីវង់​សុខ​សែន​ជ័យ​» បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ ក្រោយ​បញ្ចប់​លទ្ធផល​យ៉ាង​ប្រកៀក ក្នុង​ថិរវេលា ២៥:១៨.៥៦ និង ២៥:៣៤.៤៨​។​


 
​ទូក​គូ​ពិសេស​ចំនួន​១៥​ទៀត​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​មាន មកពី​ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ចាម កណ្តាល ព្រៃវែង សៀមរាប តាកែវ កំពង់ធំ ព្រះវិហារ និង​បន្ទាយមានជ័យ​។ 
«​កោះកែរ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» ខេត្តព្រះវិហារ ដែល​ទទួលបាន​ជ័យលាភី​កាលពី​ឆ្នាំ​២០១៨ មិនមាន​វត្តមាន​ឡើយ ប៉ុន្តែ​គេ​សង្កេតឃើញ​ទូក​ឈ្មោះ «​ដីដុះ​សែន​ជ័យ​បារមី​ព្រះអង្គ​ខ្មៅ​» ពី​ខេត្តកំពង់ចាម ដែល​ឧបត្ថម្ភ​ដោយ​លោក ហ៊ីង ប៊ុន​ហៀ​ង និង​លោក អ៊ុន ចាន់​ដា អតីត​អភិបាលខេត្ត​ព្រះវិហារ និង​បច្ចុប្បន្ន​ជា​អភិបាល​ខេត្តកំពង់ចាម ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​៩​។​
 
​ចំណែក​ទូក​ដែល​បាន​ចំណាត់ថ្នាក់​ផែន​លេខ​១ ទាំង​៦​ទូក ខេត្តកំពង់ឆ្នាំង​មាន​ជ័យលាភី​ដល់​ទៅ​៣​ទូក ក្នុងនោះ​រួមមាន «​រន្ទះ​ពេជ្រ​សែន​ជ័យ​» ផ្នែក​ទូក​អុំ​នារី «​សម្តេចចៅហ្វា​វាំង​គង់​» ផ្នែក​ទូក​ចែវ​បុរស និង «​ព្រះ​ពៃស្រពណ៍​» ផ្នែក​ទូក​ចែវ​នារី​។​
 
​ទូក​ជ័យលាភី​ផែន​លេខ​១ បី​ទៀត មាន ទូក​អុំ​បុរស «​ផ្កា​រាំ​ស័ក្តិសិទ្ធិ​» ពី​ខេត្តកណ្តាល ទូក​ខ្នាត​អន្តរជាតិ​បុរស «​ស ស យ ក ស្រុក​ពោធិ៍​រៀង​» ពី​ខេត្តព្រៃវែង និង ទូក​ខ្នាត​អន្តរជាតិ​នាទី «​សំហេង​មហា​សែន​តេ​ជៈ​បារមី​សារា​វ័ន​តេ​ជោ​» ពី​រាជធានី​ភ្នំពេញ​។​
 
​ជាមួយគ្នានេះ ទូក​ចំនួន​បី បានទទួល​ចំណាត់ថ្នាក់​ផ្នែក​សោភណភាព ដែល​សុទ្ធតែជា​ទូក​អុំ​បុរស ក្នុងនោះ​មាន «​ក្អែក ស តេ​ជោ​សែន​ជ័យ​» ពី​រាជធានី​ភ្នំពេញ «​នរិន្ទ​រង្សី ស្រី ស ពិជ័យ​ចិត្រ​បុត្រ​» ពី​ខេត្តបាត់ដំបង និង «​សុវណ្ណ​រាជសីហ៍​បារមី​បន្ទាយ​មហានគរ​» ពី​ខេត្តបន្ទាយមានជ័យ​»៕









Tag:
 អុំទូក​
  សារាយ​តេ​ជោ​សែន​ជ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com