អន្តរជាតិ
ស្តេច​ថៃ ប្រគល់​បុណ្យ​សក្តិ​ដល់​មន្ត្រី​វាំង​៣​នាក់​ឡើងវិញ បន្ទាប់ពី​បណ្តេញចេញ​នៅ​ខែតុលា​
13, Nov 2019 , 7:39 pm        
រូបភាព
ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍, រូបភាព៖ Reuters
ព្រះមហាក្សត្រថៃ មហា វជិរាលង្ករណ៍, រូបភាព៖ Reuters
​មហាក្សត្រ​ថៃ មហា វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) បានប្រគល់​តំណែង​ដល់​មន្ត្រី​វាំង​បី​រូប ដែល​បាន​បណ្តេញ​ចេញពី​កាលពី​ខែ តុលា ឡើងវិញ​។ នេះ​បើតាម​ចុះផ្សាយ​របស់​រាជកិច្ច​ថៃ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា​។


 
​មន្ត្រី​ថៃ​ចំនួន​បី​រូប ដែល​ត្រូវបាន​ព្រះមហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ប្រគល់​តំណែង និង​សក្តិ​យស​ត្រលប់​មកវិញ មានដូចជា ឧ​ត្ត​ម​សេនីយ៍​ទោ Tharinee Rodson, ប្រធាន​ក្រុម Pitakronnachai Sukwattanamai និង អនុសេនីយ៍ទោ Kanyanat Subpanyakul​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន The Nation ដែល​ស្រង់​ប្រភពពី​ឯករាជ​កិច្ច​ថៃ​។​
 
​មន្ត្រី​ទាំងបី​រូបនេះ ត្រូវបាន​ព្រះមហាក្សត្រ​ថៃ ដក​បុណ្យ​សក្តិ​នៅក្នុង​ខែតុលា ក្រោម​មូលហេតុ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ​លើ​ក្រម​ប្រតិបត្តិ និង​យកមុខ​តំណែង​ទៅ​បម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មន្ត្រី​ទាំងបី​ស្ថិតក្នុង​ចំណោម​មន្ត្រី​ជាង​ដប់​នាក់​ទៀត​ដែល​ត្រូវ​ស្ដេច មហា វ​ជិ​រាល​ង្ក​រណ៍ ដកហូត​តំណែង បុណ្យ​សក្តិ និង​គ្រឿង​ឥស្សរិយយស​នានា​។ 
 
​សម​បញ្ជាក់ថា បន្ទាប់ពី​ស្នងរាជ្យ​ពី​បិតា​មក មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​បញ្ចេញ​រិ​ទ្ធិ​អំណាច​របស់​ទ្រង់​ដោយ​មិន​លាក់លៀម​អ្វី​ទេ​។ កន្លងមក ទ្រង់​បាន​ផ្លាស់ប្ដូរ​មន្ត្រី​ជំនិត ដកយក​ទ្រព្យសម្បត្តិ​ស្ដេច​មក​ត្រួតត្រា​ដោយ​អង្គឯង បញ្ជា​ឲ្យ​កែ​រដ្ឋធម្មនុញ្ញ​សំដៅ​ពង្រីក​អំណាច​ស្ដេច និង​ការ​ដកយក​អង្គភាព​ទ័ព​មក​ដាក់​ក្រោម​ការគ្រប់គ្រង​ផ្ទាល់​ផងដែរ​។​
 
​អ្វីដែល​ធ្វើ​ឲ្យ​គេ​ស្រឡាំងកាំង​នោះ គឺ​ទ្រង់​បាន​ដកហូត​តំណែង ពី​ស្នំ​ឯក ស៊ី​នី​នាថ ដែល​ត្រូវបានតែងតាំង​បាន​បី​ខែ ក្រោម​ហេតុផល មិន​ស្មោះត្រង់​នឹង​ស្តេច មិន​គោរព​ក្រម​ប្រតិបត្តិ​រាជវង្ស និង​ប្រើប្រាស់​មុខតំណែង​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ តំណែង​ស្នំ​ឯក​នេះ ទើប​មាន​ម្ចាស់​ជា​លើកដំបូង​ក្នុង​រយៈពេល​ជិត​មួយរយ​ឆ្នាំ​៕
 

Tag:
 ថៃ​
  មហា វ​ជិ​រាល​ង្ក​រណ៍
© រក្សាសិទ្ធិដោយ thmeythmey.com