ជាតិ
បុណ្យអុំទូក
ប្រធានទេសចរណ៍ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរនៅថ្ងៃអុំទូកធ្លាក់ចុះ១០ភាគរយ ដោយសារហេដ្ឋារចនាសម្ព័ន្ធ រូបភាពពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
× ភ្នំពេញ៖ ភ្ញៀវទេសចរជាង៥ម៉ឹននាក់ បានទៅកម្សាន្តនៅខេត្តព្រះសីហនុ នៃពិធីបុណ្យអុំទូក រយៈពេល៣ថ្ងៃ។ ភ្ញៀវទេសចរអំឡុងបុណ្យអុំទូកឆ្នាំនេះ មានការធ្លាក់ចុះ១០ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរសរុបប្រមាណ៦ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់សារព៍ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃ១៣ វិច្ឆិកាថា៖ «បើតាមរបាយការណ៍បឋម មានភ្ញៀវទេសចរប្រមាណ៥ម៉ឺននាក់ បានដើរកម្សាន្តនៅអំឡុងបុណ្យអុំទូករយៈពេល៣ថ្ងៃនេះ បើធៀបទៅឆ្នាំមុនមានការធ្លាក់ចុះ១០ភាគរយ»។
បើតាមរបាយការណ៍មន្ទីរទេសចរណ៍ដដែល ភ្ញៀវទេសចរអន្តរជាតិ ដែលដើរកម្សាន្តរយៈពេល៣ថ្ងៃនេះ មានជិត១ម៉ឺននាក់ដែរ។
ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ គឺបណ្ដាលមកពីការកសាងហេដ្ឋារចនាសម្ព័នលើផ្លូវទាំង៣៤ខ្សែ។ នេះជាការលើកឡើងរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ ដែលបានបន្ថែមថា ក្រោយគម្រោងកសាងផ្លូវបញ្ចប់នោះ កំណើនភ្ញៀវទេសចរ នឹងកើនឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com