ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី​ទូត​អង់គ្លេស Tina Redshaw ជា​ភ្ញៀវ​ទូត​ទី​៧​របស់លោក កឹម សុខា​
14, Nov 2019 , 6:29 am        
រូបភាព
លោក កឹម សុខា រង់ចាំ​ទទួល​ភ្ញៀវទូតជាបន្តបន្ទាប់ ក្រោយតុលាការអនុញ្ញាតឲ្យលោកអាចចេញក្រៅផ្ទះ។ រូបថត សៅ សុខអេង
លោក កឹម សុខា រង់ចាំ​ទទួល​ភ្ញៀវទូតជាបន្តបន្ទាប់ ក្រោយតុលាការអនុញ្ញាតឲ្យលោកអាចចេញក្រៅផ្ទះ។ រូបថត សៅ សុខអេង
ដោយ: ថ្មីៗ
​នា​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែវិច្ឆិកា នេះ លោក កឹម សុខា ត្រូវ​ទទួល​ស្វាគមន៍​ការ​ទៅ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​គេហដ្ឋាន​របស់លោក​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​



​បើ​គិត​ចាប់តាំងពី​សាលាដំបូង​រាជធានី​ភ្នំពេញ បើកទូលាយ​សិទ្ធិ​ឲ្យ​លោក​អាច​ដើរហើរ​នៅផ្ទះ​បាន​ក្នុង​ដែន​ប្រទេស​កម្ពុជា នា​ថ្ងៃទី​១០ ខែវិច្ឆិកា កន្លងមក លោក កឹម សុខា ទទួលភ្ញៀវ​ទូត​ជា​បន្តបន្ទាប់​ដែល​ទៅសួរសុខទុក្ខ​លោក​។​

​នៅក្រោយ​ជំនួប អង្គទូត​ជាច្រើន​បាន​អំពាវនាវ​ឲ្យ​មានការ​ទម្លាក់​បទចោទប្រកាន់​ទាំងស្រុង​លើ​អតីត​មេបក្ស​ប្រឆាំង​រូបនេះ រីឯ​លោក កឹម សុខា ផ្ទាល់ខ្លួន​ឯណោះ​វិញ លោក​ប្រាប់​ទៅ​អ្នកកាសែត​ថា លោក​មិន​ហ៊ាន​និយាយ​អ្វី​ឡើយ ព្រោះ​ខ្លាច​ចូលក្នុង​អត្ថន័យ​នយោបាយ​ដែល​តុលាការ​ហាមប្រាម​។​

​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា លោក កឹម សុខា បានទទួល​ជួប លោកស្រី​ទូត​បារាំង Eva Nguyen Binh និង​ទូត​អាមេរិក លោក W.Patrick Murphy ហើយ​ថ្ងៃ​បន្ទាប់​បន្ត​ជួប​ទូត​អាល្លឺម៉ង់ លោក Christian Berger និង​ទូត​អូស្ត្រាលី លោកស្រី Angela Corcora​។​

​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ម្សិលមិញ លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​នៃ​គណ​:​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង លោក Mikami Masahiro គឺជា​ភ្ញៀវ​ប្រចាំថ្ងៃ​របស់លោក កឹម សុខា​។​

​បើតាម​កម្មវិធី​ដែល​ផ្តល់​ដោយ​លោក មុត ចន្ថា មនុស្ស​ដែល​ស្និ​ទ្ធិ​របស់លោក កឹម សុខា ភ្ញៀវ​ទូត​ទី​៧ ដែល​ត្រូវ​ទៅសួរសុខទុក្ខ​លោក កឹម សុខា គឺ លោកស្រី Tina Redshaw ឯកអគ្គរាជទូត​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​៕



© រក្សាសិទ្ធិដោយ thmeythmey.com