ជាតិ
នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានឱ្យព្រះសង្ឃនៅភ្នំពេញមួយអង្គសឹក ដោយសារធ្វើខុសវិន័យ
× ភ្នំពេញ៖ ពីពិធីសម្ពោធរោងចក្រផលិតស៊ីម៉ង់តិ៍ «ថៃប៊ុនរ៉ង» នៅព្រឹកថ្ងៃទី១៤ វិច្ឆិកានេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានព្រះសង្ឃមួយអង្គ ឱ្យសឹកលាចាកសិក្ខាបទ ដោយសារធ្វើខុសវិស័យសង្ឃ។
សម្ដេច ហ៊ុន សែន ដែលទទួលបានព័ត៌មានជុំវិញករណីសង្ឃអង្គនោះ បាននិយាយថា ព្រះអង្គរូបនេះ បានលួចលាក់មានស្នេហាជាមួយស្ត្រីម្នាក់រហូតដល់មានកូនក្នុងផ្ទៃ។ ដោយសារមើលឃើញទង្វើបែបនេះ ទើបសម្ដេច ស្នើឱ្យព្រះសង្ឃអង្គនោះ សឹកពីវិស័យសាសនា ដើម្បីទទួលខុសត្រូវចំពោះស្ត្រីនោះ ។ បើមិនដូច្នេះទេ គណៈសង្ឃនៃរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរនឹងអនុវត្តវិធានការច្បាប់។
ថ្លែងដោយមិនបញ្ចេញកិត្តិនាមព្រះសង្ឃអង្គនោះ លោកនាយករដ្ឋមន្ត្រី បាននិយាយដូច្នេះថា៖«សមត្ថកិច្ច នគរបាល គេដឹងថា ព្រះអង្គគង់នៅវត្តណាហើយ។ ដូច្នេះពេលឭខ្ញុំករុណាខ្ញុំនិយាយហើយ ព្រះអង្គសឹកឱ្យហើយទៅ ហើយទៅយកនាងហ្នឹងទៅ ព្រោះនាងហ្នឹងផើម(ពោះធំ)ហើយ»។
បើតាមសម្ដេច ហ៊ុន សែន ព្រះអង្គនោះ គង់នៅវត្តមួយ ក្នុងរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com