ជាតិ
​​​ន​យោ​បាយ​ជាតិ​
តុលាការ ផ្តើមដោះលែងអ្នកពាក់ព័ន្ធធ្វើរដ្ឋប្រហារ ក្រោយនាយករដ្ឋមន្រ្តីស្នើឡើង
14, Nov 2019 , 1:10 pm        
រូបភាព
រូបពី AFP
រូបពី AFP
ផ្តើមមុនគេ គឺអ្នកគាំទ្រអតីតគណបក្ស២នាក់នៅខេត្តកំពត ដែលជាប់ឃុំពីបទចូលរួមធ្វើរដ្ឋប្រហារ ត្រូវបានដោះលែងឲ្យមានសេរីភាពវិញ។ ការដោះលែងនេះ គឺធ្វើឡើងតែ២ទៅ៣ម៉ោងប៉ុណ្ណោះ ក្រោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើសុំ។



ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ក្នុងខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យធ្វើការជាមួយតុលាការ ពិសេសជាមួយព្រះរាជអាជ្ញា ដើម្បីឲ្យដោះលែងរាល់អ្នកដែលត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទចូលរួមធ្វើរដ្ឋប្រហារជាមួយក្រុមប្រឆាំង ដែលដឹកនាំដោយលោក សម រង្ស៊ី។

សម្តេចនាយករដ្ឋមន្រ្តី ចាត់ទុក ការស្នើឲ្យដោះលែងអ្នកទាំងនោះវិញ ថាគឺជាការប្រោសប្រណៃរបស់រដ្ឋាបាល ហើយក៏ជាគោលដៅក្នុងការបង្រួបង្រួមជាតិ។ សម្តេច យល់ថា ពួកគេ ជាអ្នកចាញ់បោកមេដឹកនាំក្រុមប្រឆាំង។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«សូមធ្វើការប្រញាប់ប្រញាល់ ដើម្បីឲ្យបងប្អូនបាននៅក្រៅឃុំ»។

ប្រមុខរដ្ឋាភិបាល ទទួលព័ត៌មានថា មកដល់ពេលនេះ មានមនុស្សជាង៧០នាក់ ដែលត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ។ 

អ្នកគាំទ្រអតីតគណបក្សប្រឆាំងទាំង២នាក់នៅខេត្តកំពត ដែលត្រូវដោះលែង គឺអ្នកស្រី ប៉ែន មុំ និង លោក នុត ពេជ។ អ្នកស្រី ប៉ែន មុំ ជាប់ឃុំកាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ ហើយ លោក នុត ពេជ ជាប់ឃុំកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩។ 

ប្រមុខរដ្ឋាភិបាល ថ្លែងក្នុងពិធីខាងលើ បែបនេះថា៖«កំពត អាចខិតខំដោះស្រាយមុនគេ។ តាមខ្ញុំចាំ ដូចមានតែ២នាក់ទេ។  ២នាក់ហ្នឹង បើធ្វើទាន់ ឲ្យចេញក្រៅឃុំថ្ងៃហ្នឹងទៅ ដើម្បីឲ្យឃើញប្រសិទ្ធភាពនៃសម្តីរបស់ ហ៊ុន សែន»។ 

លើសពីនេះ ប្រមុខរដ្ឋាភិបាល ក៏បានស្នើឲ្យតុលាការនិងសមត្ថកិច្ច បញ្ឈប់ការតាមចាប់អ្នកដែលពាក់ព័ន្ធនឹងគម្រោងធ្វើរដ្ឋប្រហារផងដែរ។ មេដឹកនាំកម្ពុជា បានប្រាប់ពួកគេ ដែលរត់ទៅក្រៅប្រទេស និងកំពុងលាក់ខ្លួនក្នុងប្រទេស ឲ្យចេញមុខនិងវិលត្រឡប់មករស់នៅជាមួយគ្រួសារជាធម្មតាវិញ ដោយកុំបារម្ភពីការចាប់ខ្លួន៕

Tag:
 ហ៊ុន សែន​
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com