អន្តរជាតិ
ក្រុម​សិទ្ធិមនុស្ស ដាក់ពាក្យ​ប្តឹង​លោកស្រី​ស៊ូ​ជី ទៅ​តុលាការ​អា​ហ្ស​ង់​ទីន ជុំវិញ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
14, Nov 2019 , 7:19 pm        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា, រូបភាព៖ Reuters
លោកស្រីអ៊ុងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងរដ្ឋមន្រ្តីក្រសួងការបរទេសមីយ៉ាន់ម៉ា, រូបភាព៖ Reuters
​ក្រុម​សិទ្ធិមនុស្ស នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា បានដាក់​ពាក្យ​ប្តឹង មេដឹកនាំ​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​ជាច្រើន​នាក់ ទៅ​តុលាការ នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន ពាក់ព័ន្ធ​នៅ​នឹង​បទឧក្រិដ្ឋ​ប្រឆាំង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ក្នុងចំណោម​មេដឹកនាំ​ទាំងនោះ លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏មាន​ឈ្មោះ​ក្នុង​ពាក្យបណ្តឹង​ដែរ​។ នេះ​គឺជា​លើកទីមួយ​ហើយ ដែល​ម្ចាស់​ពានរង្វាន់​សន្តិភាព ត្រូវ​រង​ការចោទប្រកាន់​តាមផ្លូវ​ច្បាប់ លើ​ករណី​រ៉ូ​ហ៊ីង​យ៉ា​។


 
​ផ្អែក​ទៅតាម​គោលការណ៍​«​យុត្តាធិការ​សកល​» ក្រុម​សិទ្ធិមនុស្ស​អាមេរិក​ឡាទីន និង​រ៉ូ​ហ៊ីង​យ៉ា បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ នៅក្នុង​ប្រទេស​អា​ហ្ស​ង់​ទីន ទាក់ទិន​ទៅនឹង​ឧក្រិដ្ឋកម្ម​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ដាក់ទណ្ឌកម្ម​ទៅលើ​ជន​ទាំងឡាយណា ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទាំងនេះ​។​
 
​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​AFP លោក​មេធាវី Tomas Ojea បាន​លើក​អះអាងថា ពាក្យបណ្តឹង​មួយ​នេះ ធ្វើឡើង ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ឧក្រិដ្ឋជន អ្នកផ្សំគំនិត និង ជន​ទាំងឡាយណា ដែល​ជួយ​លាក់បាំង​អំពើ​ប្រល័យពូជសាសន៍​។ ក្នុងចំណោម​ជន​ទាំងនោះ អគ្គមេបញ្ជាការ​កងទ័ព Min Aung Hlaing  និង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ និង​រដ្ឋមន្ត្រីការបរទេស​មី​យ៉ាន់​ម៉ា ត្រូវ​ប្រឈម​ពី បទ​គំរាមកំហែង លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​។ ទន្ទឹមនេះ លោក​មេធាវី បាន​បន្ត​ប្រាប់ថា មូលហេតុ​ដែល​ដាក់​ទៅ​តុលាការ​នៅក្នុង​អា​ហ្ស​ង់​ទីន គឹ​ដោយសារតែ​ក្រុម​សិទ្ធិមនុស្ស​អាមេរិក​ឡា​ទីន មិនមាន​លទ្ធភាព​ដាក់ពាក្យ​បណ្តឹង​នៅ​កន្លែង​ផ្សេងទៀត​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា អ្នកស៊ើប​អង្កេត​អង្គការសហប្រជាជាតិ បានចាត់ទុក​សកម្មភាព​បង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ​២០១៧ ជា​អំពើ​ប្រល័យពូជសាសន៍ បន្ទាប់ពី​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ប្រមាណ​ជា ៧៤​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ចេញទៅ​ប្រទេស​បង់​ក្លា​ដែ​ស​។ ចំណែក​ក្រុម​សិទ្ធិមនុស្ស បាន​រុញ​ករណី​មួយ​នេះ ទៅ​តុលាការ​អា​ហ្ស​ង់​ទីន ឲ្យ​ស៊ើបអង្កេត​លើ​មេដឹកនាំ​ស៊ីវិល​ផងដែរ​។ 
 
​បើតាម​ការបញ្ជា​ក់រប​ស់​ក្រុម​សិទ្ធិមនុស្ស មេដឹកនាំ​ស៊ីវិល​ត្រូវ​ស៊ើបអង្កេត ដោយ​ផ្អែកទៅលើ​ហេតុផល​មួយចំនួន ក្នុងនោះ​រួមមាន ការចូលរួម​ផ្សំគំនិត​ជាមួយ​មេបញ្ជាការ​យោធា​ជាន់ខ្ពស់ បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុង​រិះគន់ លើ​ប្រតិបត្តិការ​របស់​យោធា ការចូលរួម​លាក់បាំង​អំពើ​ប្រល័យពូជសាសន៍​ជាដើម​។ នេះ​បើតាម AFP ។​
 
​ចាប់តាំងពី​ឆ្នាំ ២០១៧​មក មី​យ៉ាន់​ម៉ា ទទួលរង​សម្ពាធ​ជាច្រើន​ពី​អន្តរជាតិ​។ ជាក់ស្តែង ថ្មីៗ​នេះ ប្រទេស​ហ្គំ​ប៊ី បានដាក់​ពាក្យ​ប្តឹង​មី​យ៉ាន់​ម៉ា​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទី​ក្រុងឡាអេ ប្រឆាំងនឹង​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ និង​អ្នកពាក់ព័ន្ធ​។ បន្ថែម​ពីនេះ នៅក្នុង​ឆ្នាំ​២០១៨ ព្រះរាជអាជ្ញា​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ បាន​បើក​ការស៊ើបអង្កេត​បឋម​មួយ នៅក្នុង​ជំរុំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា ក្នុង​ទឹកដី​បង់​ក្លា​ដែ​ស​។ 
 
​គួររំលឹកថា កន្លងមក​តុលាការ​អា​ហ្ស​ង់​ទីន ធ្លាប់បាន​កាត់ក្តី ដោយ​ផ្អែកទៅលើ​គោលការណ៍ «​យុត្តាធិការ​សកល​» លើ​លោក Francisco Franco អតីតជន​ផ្តាច់ការ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ និង​ចលនា Falun Gong នៅក្នុង​ប្រទេស​ចិន​៕

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី​
  អា​ហ្ស​ង់​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com