កីឡាអន្តរជាតិ
អន្តរជាតិ
អតីតកីឡាករ Man City ម្នាក់ ជាប់ពាក់ព័ន្ធការកំណត់លទ្ធផល នៅលីគកំពូលស៊ុយអែត
× Dickson Etuhu អតីតខ្សែបម្រើ Manchester City និងជម្រើសជាតិនីហ្សេរីយ៉ា ត្រូវបានតុលាការចោទពីបទជាប់ពាក់ព័ន្ធករណីព្យាយាមកំណត់លទ្ធផលទុកមុន។ តុលាការឧទ្ធរណ៍នៃប្រទេសស៊ុយអែត រកឃើញថា Etuhu ប្រព្រឹត្តិបែបនេះក្នុងប្រទេសខ្លួន។
សាលាឧទ្ធរណ៍ក្នុងក្រុងស្តុកខុល បាននិយាយនៅថ្ងៃទី១៣ ខែវិច្ឆិកានេះថា ច្បាស់ណាស់លោក Etuhu និងអតីតកីឡាករដែលសុំមិនបញ្ចេញឈ្មោះម្នាក់ទៀត បានព្យាយាមបង្ខំអ្នកចាំទី Kyriakos Stamatopoulos របស់ក្រុម AIK នៃលីគបាល់ទាត់កំពូលស៊ុយអែត Division ឲ្យរៀបចំកំណត់លទ្ធផលការប្រកួតទុកមុន កាលពីឆ្នាំ ២០១៧។
Etuhu វ័យ៣៧ឆ្នាំ ដែលធ្លាប់លេងឲ្យក្លិបក្នុងក្របខណ្ឌ Premier League ជាច្រើនដូចជា Manchester City, Sunderland, Preston, Blackburn, Norwich City និង Fulham បានរួចផុតពីការជាប់ពន្ធនាគារ ប៉ុន្តែត្រូវរងពិន័យ និងត្រូវបានកាត់ទោសដោយស្ថិតក្រោមការស៊ើបអង្កេតដដែល។
បើទោះយ៉ាងនេះក្តី អតីតខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ា ដែលបានចាកចេញពីក្លិប AIK Fotboll ក្នុងឆ្នាំ២០១៦ អះអាងថាខ្លួននឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនៅតុលាការកំពូលរបស់ស៊ុយអែតនេះវិញ។
តុលាការបានរៀបរាប់ពីការចោទប្រកាន់ Etuhu ថា៖«ខ្លឹមសារដែល Etuhu បានផ្ញើទៅអ្នកចាំទី Stamatopoulos គឺបញ្ជា់ច្បាស់ណាស់ ដូច្នេះអ្វីទាំងអស់នេះគួរត្រូវបានចាត់ទុកថាជាការផ្តល់សំណូកខាងព្រហ្មទណ្ឌ»។
សូមបញ្ជាក់ថា Etuhu ត្រូវបានតុលាការចោទប្រកាន់ និងលើកលែងទោសម្តងរួចមកហើយកាលពីឆ្នាំមុន ប៉ុន្តែករណីនេះត្រូវបានប្តឹងឧទ្ធរណ៍ម្តងទៀតដោយព្រះរាជអាជ្ញាលោក Johan Lindmark។ លោក Lindmarkបានប្រាប់កាសែតក្នុងស្រុករបស់ស៊ុយអែត Expressen ថាពេញចិត្តនឹងលទ្ធផលសម្រេចរបស់តុលាការលើកនេះ៕
Tag:
Dickson Etuhu
កំណត់លទ្ធផលទុកមុន
© រក្សាសិទ្ធិដោយ thmeythmey.com