អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ១៧នាក់ហើយ ដែលរងពីបទចូលរួមក្នុងផែនការធ្វើរដ្ឋប្រហារ ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ។ លោក សំ សុគង់ មេធាវីម្នាក់ ដែលការពារក្តីឲ្យអ្នកទាំងនោះ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ អំពីការដោះលែងនេះ។
ទន្ទឹមនេះ សាលាដំបូងរាជធានីភ្នំពេញ ទើបនឹងចេញដីកា១៩ផ្សេងពីគ្នា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ដោយបង្គាប់ដោះលែងអ្នកគាំទ្រអតីតគណបក្សប្រឆាំង១៩នាក់ទៀត ដែលជាប់ចោទពីបទចូលរួមធ្វើរដ្ឋប្រហារ។
លោកមេធាវី សំ សុគង់ អះអាងថា លោក និង មេធាវីដទៃ កំពុងបន្តរៀបចំដាក់សំណើទៅកាន់តុលាការរាជធានី-ខេត្ត ដើម្បីសុំឲ្យអ្នកផ្សេងទៀត ដែលរងពីបទចោទចូលរួមធ្វើរដ្ឋប្រហារនេះ បាននៅក្រៅឃុំដែរ។
ការដោះលែងនេះ គឺធ្វើឡើងក្រោយពីមានការស្នើឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ក្នុងខេត្តកំពត កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចនាយករដ្ឋមន្ត្រី បានប្រាប់ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យសហការជាមួយតុលាការ ពិសេសជាមួយព្រះរាជអាជ្ញា ដើម្បីឲ្យដោះលែងរាល់អ្នកដែលត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ពីបទចូលរួមធ្វើរដ្ឋប្រហារ។
លើសពីនេះ សម្តេចនាយករដ្ឋមន្ត្រី បានស្នើឲ្យតុលាការនិងសមត្ថកិច្ច បញ្ឈប់ការតាមចាប់អ្នកដែលពាក់ព័ន្ធនឹងគម្រោងធ្វើរដ្ឋប្រហារផងដែរ។ សម្តេច បានប្រាប់ពួកគេ ដែលរត់ទៅក្រៅប្រទេស និងកំពុងលាក់ខ្លួនក្នុងប្រទេស ឲ្យចេញមុខនិងវិលត្រឡប់មករស់នៅជាមួយគ្រួសារជាធម្មតាវិញ ដោយកុំបារម្ភពីការចាប់ខ្លួន។
សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុក ការស្នើឲ្យដោះលែងនិងឈប់ចាប់អ្នកទាំងនោះ ថាគឺជាការប្រោសប្រណៃរបស់រដ្ឋាភិបាល ហើយក៏ជាគោលដៅក្នុងការបង្រួបង្រួមជាតិដែរ។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះថា៖«សូមធ្វើការប្រញាប់ប្រញាល់ ដើម្បីឲ្យបងប្អូនបាននៅក្រៅឃុំ»។
ប៉ុន្មានម៉ោងក្រោយមក អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីព័ត៌មានមួយ ដោយបានបង្ហាញចំណាត់ការ តាមការណែនាំរបស់នាយករដ្ឋមន្ត្រី។ មិនខុសពីសម្តីរបស់នាយករដ្ឋមន្ត្រីប៉ុន្មានឡើយ អ្ននាំពាក្យក្រសួងយុត្តិធម៌ បានស្នើឲ្យព្រះរាជអាជ្ញា បញ្ឈប់ការចាប់ខ្លួន ហើយបន្ធូរបន្ថយការប្រើវិធានការឃុំខ្លួន ចំពោះអ្នកពាក់ព័ន្ធនឹងគម្រោងធ្វើរដ្ឋប្រហារ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ហៅអ្នកទាំងនោះ ថាជាពលរដ្ឋស្លូតត្រង់ ដែលចាញ់កលរបស់លោក សម រង្ស៊ី។
អ្នកគាំទ្រអតីតគណបក្សប្រឆាំងជាង៧០នាក់ ដែលត្រូវចាប់ខ្លួនកន្លងមក ក្រោមការសង្ស័យថាបានចូលរួមធ្វើរដ្ឋប្រហារជាមួយក្រុមអ្នកប្រឆាំង ដែលមានលោក សម រង្សី ជាមេដឹកនាំ។ គេ សន្និដ្ឋានថា អ្នកផ្សេងទៀត ដែលជាប់ឃុំពីបទចោទនេះ នឹងត្រូវបានដោះលែងជាបន្តបន្ទាប់ ទៅតាមអ្វីដែលនាយករដ្ឋមន្ត្រី បានស្នើឡើង៕