ជាតិ
ពីនេះ ពីនោះ
«​និង​»,«​នឹង​» និង​«​ហ្នឹង​» ប្រើ​ខុសគ្នា​ក្នុង​សំណេរ​
17, Nov 2019 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«​និង​»,«​នឹង​» និង​«​ហ្នឹង​»​ជា​ពាក្យ​ដែល​ពលរដ្ឋ​ប្រើ​ជា​ញឹកញាប់​នៅក្នុង​សំណេរ តែ​ក៏មាន​អ្នកខ្លះ​ប្រើ​ច្រឡំ​គ្នា​ផងដែរ​។ វចនានុក្រម​ខ្មែរ​បាន​ពន្យល់​ពីការ​ប្រើពាក្យ​ទាំងអស់នេះ ជៀសវាង​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ទៀត​។



​ពាក្យ «​និង​» មានន័យថា សម្រាប់​និយាយ​ត​ពាក្យ ឬត​ឃ្លា​របះ​ពីមួយ​ទៅមួយ ដែលមាន​ដំណើរ​សេចក្តី​ថា ទាំង​, ព្រមទាំង​, ផង​, នេះ​។ ឧទាហរណ៍​៖ អ្នក​និង​ខ្ញុំ​, គោ​និង​ក្របី​, សុខ​និង​ទុក្ខ​, យក​ចាន​និង​ផ្តិល​មក​ផង​។ ល​។​
 
​ចំពោះ​«​នឹង​»​វិញ មានន័យថា សម្រាប់​និយាយ​នាំមុខ​កិរិយាសព្ទ​ប្រាប់​អនាគតកាល​ទៅខាង​មុខ​ថា មុខជា​, ប្រាកដជា​, គង់តែ​។ ឧទាហរណ៍​៖ ស្អែក​នឹង​ទៅផ្ទះ​អ្នក​, យើង​គង់តែ​នឹង​បាន​ជួបគ្នា​ទៀត​ក្នុង​ថ្ងៃ​ណាមួយ​ពុំខាន​។ ប្រើ​ក្នុងន័យ​មួយទៀត​មានន័យថា ស្ងៀម​, មិន​កម្រើក​, មិន​ប្រែប្រួល​, មិន​ឡើង​មិន​ចុះ​។ ឧទាហរណ៍​៖ អង្គុយ​នឹងថ្កល់ និង​ទឹកនឹង គឺ​ទឹក​ដែល​មិន​ឡើង​មិន​ស្រក​ឬ​មិន​ហូរ​។​ល​។ 
 
​កាលណា​គេ​ប្រើពាក្យ​«​ហ្នឹង​» ឯនេះ​វិញ មានន័យថា ហ្នឹងហើយ​, ហ្នឹងឯង​, ដំណើរ​ហ្នឹង​។ ពាក្យ​នេះ​ប្រើ​សម្រាប់តែ​និយាយ​ប៉ុណ្ណោះ មិនមែន​ប្រើ​សម្រាប់​សរសេរ​ឡើយ​។ ឧទាហរណ៍​៖ ឯង​ហ្នឹងហើយ​ដែល​ត្រូវ​ទៅមុន​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com