អត្ថបទ៖ ស៊ីធី
អ្នកលេងគុនខ្មែរ និង គុនចម្រុះ ខុន ស៊ីចាន់ បានប្រកួតចាញ់កីឡាករឥណ្ឌា Roshan Mainam ត្រឹមទឹកទី១ ក្នុងកម្មវិធី ONE: MASTERS OF FATE កាលថ្ងៃទី ៨ ខែ វិច្ឆិកា កន្លងទៅនៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ បន្ទាប់ពីរងបរាជ័យលើកទី២ត្រឹមទឹកទី១ជាប់គ្នានៅសង្វៀនអន្តរជាតិ ONE Championship ក្នុងប្រភេទទម្ងន់ Flyweight ស៊ីចាន់ បានបង្ហើបរឿងមិននឹកស្មានមួយដែលគិតថាអាជ្ញាកណ្ដាលគួរបញ្ឈប់ការប្រកួតពេលរូបគេត្រូវគូប្រកួតវ៉ៃចំភ្នែក។
ស៊ីចាន់ បានគូសបញ្ជាក់ថា ៖«ខ្ញុំស្រឡាំងកាំង ពេលដែល Roshan Mainam វ៉ៃទៅហើយដៃរបស់គេមកចាក់ភ្នែកខ្ញុំ។ ខ្ញុំក៏រាដៃក្រែងលោអាជ្ញាកណ្ដាលឃាត់។ ខ្ញុំក៏បានលើកដៃជាសញ្ញាដែរ ប៉ុន្តែអាជ្ញាកណ្ដាលអត់បានឃាត់ទេ ស្របពេលដែលខ្ញុំកំពុងឈឺភ្នែក Roshan ក៏ឆ្លៀតឃ្លេខ្ញុំយកឈ្នះតែម្ដង»។
គួររំលឹកថា មុនការប្រកួត ស៊ីចាន់ សុទ្ធតែបានដឹងមុនហើយថា Roshan Mainam ពូកែខ្លាំងខាងចំបាប់ និង មិនអាចមានប្រៀបឡើយបើសិនប្រកួតក្នុងជំហរដេក ឬ លើក្តារេញ។ ទីបំផុត ស៊ីចាន់ នៅតែភ្លាត់ស្នៀតចាញ់ការចូលចាប់បោករបស់កីឡាករឥណ្ឌាខាងលើទោះដឹងល្បិចរួចជាស្រេចទៅហើយក្ដី។ កីឡាករមកពីខេត្តឧត្តរមានជ័យបានបន្តថា ៖«បងឃើញរូបច្បាស់ហើយ ឬមើលវីដេអូក៏បាន គឺពេលនោះខ្ញុំរាដៃដើម្បីឲ្យអាជ្ញាកណ្ដាលមើល ហើយ ក៏វាអកហ្សឺខ្ញុំដែរ។ ពេលនោះ Roshan ក៏បង្អង់បន្តិច មុនពេលឃ្លេករបស់ខ្ញុំ។ ខ្ញុំគិតថាពេលខ្ញុំធ្វើសកម្មភាពលើកដៃ អាជ្ញាកណ្ដាលអាចបញ្ឈប់ ១ នាទី ឬ ២នាទីមុនវ៉ៃម្ដងទៀត»។
ជាមួយគ្នានោះដែរ គ្រូបង្វឹក Alan Mccune ដែលដឹកនាំ ស៊ីចាន់ ទៅប្រកួតនៅ ONE Championship ជារឿយៗ បានលើកឡើងក្រោយបរាជ័យថា ៖«វាជាកិត្តិយសមួយដែល ស៊ីចាន់ បានប្រកួតតំណាងឲ្យកម្ពុជាលើឆាកអន្តរជាតិ។ យើងបានបង្ហាញកម្លាំងចិត្តរបស់យើងនៅសង្វៀនអន្តរជាតិ ONE។ ខ្ញុំផ្ទាល់ គ្រូបង្វឹក Fernando Salvador និង Chris kennedy ក៏សម្ដែងមោទនភាពដែលបានប្រកួតទល់នឹងជើងខ្លាំង Roshan។ យើងឃើញមុខរបស់ Roshan ឈឺចាប់ខ្លះ ព្រោះ ស៊ីចាន់ ប៊ិះនឹងអាចឃ្លេកពីក្រោយឲ្យកីឡាករឥណ្ឌាចុះចាញ់ទៅហើយ ប៉ុន្តែវាជាការភ្លាត់បន្តិច និង ធ្វើឲ្យ Roshan រើចេញបាន»។
គ្រូបង្វឹកសញ្ជាតិស្កុតឡែនសង្កត់ធ្ងន់ថា៖« ស៊ីចាន់ ត្រូវចំភ្នែក និង លើកដៃជាសញ្ញា ហើយ ស៊ីចាន់ អត់បានផ្ដោតអារម្មណ៍សោះមុនពេល Rohsan ឃ្លេកផ្ដាច់យកឈ្នះទឹកទី១»។ ទោះជាបែបណាក្ដី លោក Alan បានមើលឃើញថា កូនសិស្សរបស់ខ្លួនមានភាពរីកចម្រើនច្រើនក្នុងការប្រកួតនៅជំហរដែក ឬ ជំហរលើក្តារេញ។ ស៊ីចាន់ បានបោះជុំរុំហ្វឹកហាត់ប្រហែល១ខែមុនចេញទៅប្រកួតដែលបង្វឹកដោយលោក Fernando Salvador គ្រូបង្វឹកជីជិតស៊ូខ្សែក្រវាត់ខ្មៅ៣ដាន់ និង លោក Chris Kennedy គ្រូបង្វឹកជីជិតស៊ូខ្សែក្រវាត់ពណ៌ត្នោត។
ខុន ស៊ីចាន់ ជាម្ចាស់ខ្សែក្រវាត់ប្រកួតដាក់ទ្រុង Khmer Warrior Challenge វគ្គ១កាលឆ្នាំ ២០១៣។ សរុបមកត្រឹមពេលនេះ ស៊ីចាន់ ឡើងសង្វៀន ONE Championship បានចំនួន ៥ ដងក្នុងនោះឈ្នះ ១ ដង និងចាញ់ ៤ ដង។ ស៊ីចាន់ ចាញ់ មិត្តរួមជាតិ ស៊ឹម ប៊ុនស្រ៊ន់ កាល ONE រៀបចំនៅខ្មែរឆ្នាំ ២០១៥, ចាញ់ Yodsanan Sityodtong កាលពាក់កណ្ដាលឆ្នាំ ២០១៦ ប៉ុន្តែ ឈ្នះ Riski Umar នៅឆ្នាំ ២០១៨ មុនពេល ចាញ់ Rudy Agustian នៅដើមឆ្នាំ ២០១៩ នៅសិង្ហបុរីនាទឹកទី១ និង ចាញ់ Roshan Mainam។ នេះជាលើកទី២ ហើយដែល ខុន ស៊ីចាន់ ចាញ់ឃ្លេក្នុងឆ្នាំ ២០១៩ ព្រោះចាញ់ឃ្លេករបស់ Rudy Agustian កាលខែ កុម្ភៈនៅទឹកទី១ម្ដងរួចមកហើយកាលនៅសិង្ហបុរី។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF DRAGONSនៅ ថ្ងៃ ទី ១៦ វិច្ឆិកា ខាងមុខ ពីប៉េកាំង ចាប់ពីម៉ោង ៦ ល្ងាច តទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕