ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
បារាំង​កំពុង​សិក្សា​ពី​លទ្ធភាព​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​នៅ​ភ្នំ​បូកគោ​
18, Nov 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​ស្រប​ពេលដែល​តម្រូវកា​រ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា មានការ​កើន​ឡើងជា​លំដាប់ ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​ដើរ​ដោយ​ខ្យល់ របស់​ប្រទេស​បារាំង បង្ហាញ​ពី​បំណង វិនិយោគ​នៅ​កម្ពុជា​។​


​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី​នេះ  ឈ្មោះ  Blue Circle  មកពី​ប្រទេស​បារាំង  ដែលមាន​ជំនាញ ក្នុង​ការផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់ បាន​ចាប់អារម្មណ៍ និង​សិក្សា​ពី​លទ្ធភាព​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា ដោយ​ជា​ជម្រើស​ដំបូង អាចដាក់​ទីតាំងនៅ​តំបន់ភ្នំ​បូកគោ ខេត្តកំពត បន្ទាប់ពី​បាន​សិក្សា​ពី​ទីតាំង​រួច​ម្ដង​ហើយ​កាលពីដើមឆ្នាំ​។​

Blue Circle ជា​ក្រុមហ៊ុន​ដ៏​ធំ​មកពី​ប្រទេស​បារាំង ហើយ​ក្រសួង​បានចេញ​លិខិត​អនុញ្ញាតឱ្យ​គាត់ សិក្សា​នៅក្នុង​ខេត្តកំពត គឺ​នៅ​បូកគោ ហើយ​និង​ខេត្ត​មណ្ឌល​គី​រី ប៉ុន្តែ​ផ្អែក​តាម​ភាពជាក់ស្ដែង​នៅ​តំបន់​បូកគោ មាន​សក្តានុពល​ល្អ​ជាង ហើយ​ខាង​ក្រុមហ៊ុន អាច​នឹង​វិនិយោគ​នៅ​តំបន់​នេះ ដែល​អនុគ្រោះ​ដល់​ខេត្តកំពត​ក្នុងការ​ប្រើប្រាស់​។​

​បើតាម​លោក វ៉ិ​ច​ទ័​រ ហ្សូ​ណា​អគ្គនាយក​ថាមពល ក្រសួង​រ៉ែ​និង​ថាមពល កាលពីពេល​កន្លងមក​បានឱ្យដឹងថា ក្នុង​គម្រោង​របស់​ក្រុមហ៊ុន​អាចមាន​លទ្ធភាព ក្នុងការ​ផលិត​រហូត​ដល់​ប្រមាណ ៨០ មេ​ហ្គា​វ៉ាត នៅក្នុង​ជំហាន​ដំបូង​។​

​ក្រៅពី​មានបំណង​វិនិយោគ​លើ​វិស័យ​អគ្គិសនី​ហើយ​នោះ បារាំង​តាមរយៈ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូត​បារាំ​ង​បាន​ថ្លែងថា ក្រុមហ៊ុន​បារាំង មានបំណង​វិនិយោគ ទឹកស្អាត​នៅក្នុង​ខេត្ត​ព្រះសីហនុ ដោយសារតែ​គម្រោង​វិនិយោគ​កើនឡើង​យ៉ាងគំហុក នៅ​ខេត្ត​ព្រះសីហនុ ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះ ប្រឈម​ទៅនឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​ផងដែរ​។​
​បើតាម​ក្រុមហ៊ុន Blue Circle  ប្រទេស​កម្ពុជា​អាចបង្កើត​ថាមពល រហូតដល់​៥០០​មេ​ហ្កា​វ៉ា​ត់ ពី​ទួ​រ​ប៊ី​ន​ខ្យល់ ដែល​បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ មានការ​វិនិយោគ​លើ​កសិដ្ឋាន​ខ្យល់ នៅក្នុង​ប្រទេស​ថៃ និង​វៀតណាម​។​

​គួររំលឹកថា កាលពី​ឆ្នាំ​២០១៨ ប្រទេស​កម្ពុជា​បាន​ប្រើប្រាស់​ថាមពល​ចំនួន ២,៦៥០ មេ​ហ្កា  វ៉ា​ត់ កើនឡើង ១៥ ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន ក្នុងនោះ​ថាមពល​អគ្គិសនី​ចំនួន ៤៤២ មេ​ហ្គា​វ៉ា​ត់ ត្រូវបាន​នាំចូល​ពី​ប្រទេស​ថៃ​វៀតណាម និង​ឡាវ​ក្នុង​ឆ្នាំ​២០១៨៕

(​ប្រភព​៖https://www.realestate.com.kh/km/news/france-to-study-the-possibility-of-wind-power-plant-in-the-bokor-mountain/)



© រក្សាសិទ្ធិដោយ thmeythmey.com