ជាតិ
​​​ន​យោ​បាយ​ជាតិ​
នាយករដ្ឋមន្រ្តី៖ កាត់ EBA ក៏កម្ពុជា មិនលៀនអណ្តាតដែរ
18, Nov 2019 , 12:02 pm        
រូបភាព
នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
នាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
ត្រឹម៣ទៅ៤ខែទៀតប៉ុណ្ណោះ ការសម្រេចរបស់សហភាពអឺរ៉ុបអំពីការដកឬមិនប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា នឹងមកដល់ហើយ ប៉ុន្តែប្រមុខរដ្ឋាភិបាលកម្ពុជា នៅតែបង្ហាញជំហររឹងមាំដូចមុន គឺមិនឱនលំទោន។



សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា៖«មានអ្នកខ្លះថា អូ! តិចទៀតលៀនអណ្តាតហើយ ឲ្យតែគេកាត់ EBA ចាំតែលៀនអណ្តាតតើ»។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្តថា បើទោះបីជាសហភាពអឺរ៉ុប ដក EBA ក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជា នៅតែមានលទ្ធភាពបើកបៀវត្សជូនមន្រ្តីរាជការដែរ។ សម្តេច បន្ថែមថា បៀវត្ស សម្រាប់បើកជូនមន្រ្តីរាជការ គឺបានមកពីការសន្សំពីប្រភពចំណូលផ្សេងៗ មិនមែនបានមកពី EBA នោះទេ។ សម្តេច ក៏បានរម្លឹកផងដែរ អំពីសមត្ថភាពរបស់រដ្ឋាភិបាលកម្ពុជា ដែលបច្ចុប្បន្ន អាចបើកបៀវត្សជូនមន្រ្តីរាជការពីរដងក្នុងមួយខែ។

លើសពីនេះ ប្រមុខរដ្ឋាភិបាល បានលើកឡើងពីការទទួលបានចំណូលលើសពីផែនការ។ ប្រមុខរដ្ឋភិបាល អះអាងថា ១០ខែក្នុងឆ្នាំ២០១៩នេះ គយ រកបានចំណូលលើសពីផែនប្រមាណពី៧០០ទៅ៨០០លានដុល្លារ ហើយពន្ធដារ រកបានចំណូលលើសពីផែនការប្រមាណពី៤០០ទៅ៥០០លានដុល្លារ។

យ៉ាងណាក៏ដោយ មេដឹកនាំកម្ពុជា នៅតែរក្សាគោលការណ៍ដដែល គឺមិនយកសហគមន៍អន្តរជាតិ ធ្វើជាសត្រូវនោះទេ។ ទន្ទឹមនេះ មេដឹកនាំកម្ពុជា ក៏ប្រកាសពីឯករាជ្យរបស់ខ្លួនឯងដែរថា មិនត្រូវឲ្យកម្ពុជាស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់បរទេសណាឡើយ។ មេដឹកនាំកម្ពុជា នៅតែនិយាយថា កម្ពុជា មិនយកឯករាជ្យនិងអធិបតេយ្យ ទៅដោះដូរជាមួយជំនួយឬការអនុគ្រោះណាមួយជាដាច់ខាត។

សហភាពអឺរ៉ុប ទើបនឹងចេញរបាយការណ៍បឋមស្តីពីនីតិវិធីនៃការដកឬមិនដក EBA ហើយបានផ្ញើមកកាន់រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយទុករយៈពេល១ខែ ឲ្យរដ្ឋាភិបាលកម្ពុជា ប្រតិកម្មនឹងរបាយការណ៍នោះ។ ជាមួយគ្នានេះ សហភាពអឺរ៉ុប បានរម្លឹកថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ សហភាពអឺរ៉ុប នឹងចេញរបាយការណ៍ចុងក្រោយ ហើយក៏នឹងធ្វើសេចក្តីសម្រេចចុងក្រោយផងដែរថា ដក EBA ពីកម្ពុជា ឬបន្តរក្សាទុក។

អត្ថបទទាក់ទង


សហភាពអឺរ៉ុប ផ្តើមនីតិវិធីដំបូងស្តីពីការដកឬមិន EBA នេះ តាំងពីខែកុម្ភៈ ឆ្នាំ២០១៩មក។ មូលហេតុចម្បងដែលសហភាពអឺរ៉ុប បង្ហាញបំណងចង់ដក EBA គឺដោយសារតែមិនសូវពេញចិត្តនឹងស្ថានការណ៍សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សហភាពអឺរ៉ុប យល់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានធ្លាក់ចុះ ដោយសារការរំលាយអតីតគណបក្សប្រឆាំង ការឃុំខ្លួន និង ការហាមឃាត់ថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំងមិនឲ្យធ្វើនយោបាយ រួមទាំងមានស្ថាប័នសារព័ត៌មានខ្លះ ដូចជា អាស៊ីសេរី​ និង ខេមបូឌា ដេលី ជាដើម ត្រូវបានដកខ្លួនចេញពីកម្ពុជា។ 

ចំណែកសមាជិករដ្ឋសភានិងសមាជិកព្រឹទ្ធសភាអាមេរិកមួយចំនួន ក៏ទទូចឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាដែរ ដែលហៅថា ប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP។ មូលហេតុ ដូចសហភាពអឺរ៉ុបដែរ គឺពួកគេ មិនសូវសប្បាយចិត្តនឹងរឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕ 

Tag:
 ហ៊ុន សែន​
  EU
  EBA
© រក្សាសិទ្ធិដោយ thmeythmey.com