អន្តរជាតិ
កូរ៉េខាងជើង ធ្វើ​សមយុទ្ធ​យោធា ខណៈ​លោក ត្រាំ ជំរុញ​ឲ្យ​លោក គីម ចូល​តុ​ចរចា​ជាថ្មី​
18, Nov 2019 , 3:09 pm        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាមួយក្រុមអ្នកបើកយន្តហោះ, រូបភាព៖ Reuters
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ជាមួយក្រុមអ្នកបើកយន្តហោះ, រូបភាព៖ Reuters
​មេដឹកនាំ​លោក គីម ជុង​អ៊ុន បាន​ចេញមុខ​ត្រួត​ពិនិត្យមើល សមយុទ្ធ​កងទ័ពអាកាស​ជា​លើក​ទី​២ ក្នុង​រយៈពេល ៣​ថ្ងៃ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​១៨ ខែ វិច្ឆិកា ដែល​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ អាមេរិក និង​កូរ៉េខាងត្បូង ពន្យារ​ពេលធ្វើ​សមយុទ្ធ​រួមគ្នា​។ សមយុទ្ធ​នេះ ទំនង​ធ្វើឡើង​ស្របពេល​លោក ដូ​ណា​ល់ ត្រាំ បាន​ជំរុញ​ឲ្យ​កូរ៉េខាងជើង​ចូល​តុ​ចរចា​ឲ្យ​ឆាប់​បំផុត​។


 
​ត្រឹម​រយៈពេល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ មេដឹកនាំ គីម ជុង​អ៊ុន បាន​ចូលរួម​ត្រួតពិនិត្យ​ដោយផ្ទាល់ ក្នុង​សមយុទ្ធ​យោធា​កូរ៉េខាងជើង​រហូតដល់​ទៅ​ពីរដង​។ ជាក់ស្តែង​នា​ថ្ងៃទី​១៦ ខែវិច្ឆិកា លោក​គីម ជុង​អ៊ុន បាន​ចូលរួម​មើល​ការប្រកួតប្រជែង​បើក​យន្តហោះ​ចម្បាំង​ជា​លើកទីមួយ ។ អស់ពី​មើល​ការសាកល្បង​យន្តហោះ​ចម្បាំង ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ក៏បាន​ឆ្លៀត​ថតរូប និង​សើច​យ៉ាង​សប្បាយ​ជាមួយ​ក្រុម​អ្នកបើក​យន្តហោះ​ផងដែរ​។​
 
​ចំណែក​លើក​ទី​ពីរ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង​រូបនេះ បាន​ទៅ​មើល​សមយុទ្ធ​របស់​កង​ទ័ព​លោត​ឆត្រយោង និង​កងកម្លាំង​ប្រឆាំង​យន្តហោះ​ទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA នៅ​ថ្ងៃ​ចន្ទ ទី​១៨ ខែវិច្ឆិកា​។​
 
​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ លោក​គីម បាន​លើកឡើងថា ការធ្វើ​សមយុទ្ធ​យោធា​លើក​នេះ គឺ​សំខាន់​ណាស់ ដើម្បី​ឲ្យ​កងកម្លាំង​យោធា​កូរ៉េខាងជើង បាន​ត្រៀមខ្លួន​ឲ្យ​បានល្អ​។ នេះ​បើតាម​ការ​ស្រង់​ពាក្យសម្តី​មេដឹកនាំ កូរ៉េខាងជើង​ពី​សំណាក់​ទីភ្នាក់ងារ​ព័ត៌មាន KCNA​។ 
 
​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​កូរ៉េខាងជើង​ដូចខាងលើ​នេះ គឺធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​លោក ម៉ាក អេ​ស្ពើ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក និង លោក​Jeong Kyeong-doo រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង បានប្រកាស​នាទី​ក្រុង​បាងកក ថ្ងៃទី​១៧ ខែវិច្ឆិកា ថា ការធ្វើ​សមយុទ្ធ​យោធា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេ​អ៊ូ​ល ត្រូវ​លើកយក​ទៅធ្វើ​នៅពេល​ក្រោយ​។​
 
​អស់ពី​បញ្ហា​សមយុទ្ធ​យោធា​នៅលើ​ឧបទ្វីប​កូរ៉េ ភាគី​អាមេរិក បានលើកឡើង​ពី​កិច្ចចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ម្តង​។ ពិតណាស់ ប្រធានាធិបតី​អាមេរិក ត្រាំ បាន​ចេញមុខ​ម្តងទៀត តាមរយៈ​ការសរសេរ​នៅលើ​បណ្តាញ​សង្គម Twitter​។ ក្នុងនោះ លោក​ត្រាំ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​គីម ចូល​តុ​ចរចា​សារជាថ្មី និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ឲ្យ​បាន​យ៉ាង​ឆាប់រហ័ស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​សូមបញ្ជាក់ថា កិច្ចចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង បាន​ទទួលរង​បរាជ័យ​ម្តង​ហើយ​ម្តងទៀត ចាប់តាំងពី​កិច្ចចរចា​នៅ​ប្រទេស​សិង្ហ​បុរី​មក​។ ប៉ុន្តែ​បើតាម​ការអះអាង​របស់​ប្រមុខ​ចរចា​កូរ៉េខាងជើង គីម ម្យ៉ុ​ង​គី​ល​(Kim Myong-gil) នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា អាមេរិក បាន​បបួល​កូរ៉េខាងជើង ឲ្យ​ចាប់ផ្តើម​កិច្ចចរចា​ថ្នាក់​ក្រុមការងារ​ម្តងទៀត​នៅ​ខែក្រោយ ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​៕

Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com