អត្ថបទ៖ ស៊ីធី
អ្នកប្រដាល់ Petchdam Petchyindee Academy រហស្សនាម «Baby Shark» ជាអតីតម្ចាស់ខ្សែក្រវាត់ ONE Kickboxing Flyweight World Champion និងជាកីឡាករជាប់កិច្ចសន្យាប្រកួតនៅសង្វៀនពិភពលោក ONE Championship។ Baby Shark បានបង្ហាញខ្លួនយ៉ាងជោគជ័យក្នុង ៣ប្រកួតដំបូងនៅសង្វៀន ONE។ ស្ថិតក្នុងការទទួលជ័យជម្នះគួរកត់សម្គាល់នេះមានធាតុផ្សំមួយចំនួនដែលធ្វើឲ្យរូបគេល្បីល្បាញ។
ជ័យជម្នះ៣លើជាប់គ្នាធ្វើឲ្យរូបគេគ្រងខ្សែក្រវាត់ ONE Flyweight Kickboxing World Championship មុនពេលរបូតខ្សែក្រវាត់ទៅលើកណ្ដាប់ដៃលើកូនកាត់ហូឡង់-ម៉ារ៉ុក Ilias Ennahachi នាខែសីហាកន្លងទៅ។ យ៉ាងណាក្ដី Baby Shark ក៏ស្ថិតក្នុងភាពជោគជ័យដែលស្ថិតក្នុងចំណោមកីឡាករកំពូលរបស់ថៃហើយពេលមុនចេញប្រកួតលើសង្វៀនម្ដងៗធ្វើឲ្យគេនឹកភ្នកដល់បទចម្រៀង Baby Shark ដែលរូបគេយកមកចាក់រាំយ៉ាងរំភើយមុនពេលប្រកួត និង ដើម្បីជាកម្លាំងចិត្តដ៏សំខាន់ហើយក៏ជាការរួមចំណែកដល់ការប្រកួតទទួលលទ្ធផលផងដែរ។ ចំណែក អ្នកគាំទ្រក៏រំភើបទៅតាមចង្វាក់ភ្លេងនេះពេលរូបគេដើរមកកាន់សង្វៀនមុនពេលប្រកួតម្ដងៗ។ នេះជាធាតុដែលធ្វើឲ្យគេបាត់ភាពភ័យខ្លាច បន្ទាប់ពីមានការហ្វឹកហាត់ដិតដល់។
«លោក Nuttadaj អ្នកចាត់ការរបស់ខ្ញុំបានប្រាប់ខ្ញុំឲ្យបង្កើតស្ទិលផ្ទាល់ខ្លួនមួយ។ វាជាការក្រើនរំលឹកនិង ដាស់ស្មារតី។ ខ្ញុំចូលចិត្តបទចម្រៀង Baby Shark ព្រោះវាធ្វើឲ្យសប្បាយចិត្តនិងអាចរាំមុនការប្រកួត។ ហើយ ខ្ញុំបានជ្រើសរើសយកបទនេះ»។ Petchdam បានពន្យល់បែបនេះ។
Petchdam រំលឹកទៀតថា៖«ដំបូងឡើយខ្ញុំពិតជាភ័យណាស់ពេលចូលប្រកួតនៅសង្វៀន ONE លើកដំបូងព្រោះមានមនុស្សអ៊ូអរជាច្រើន។ ពេលចម្រៀងចាប់ផ្ដើម ខ្ញុំក៏ចាប់ផ្ដើមរាំតាមចង្វាក់ភ្លេងដូចគ្នា។ វាជាការខុសប្លែកមួយដែលខ្ញុំមិនដែលធ្វើពីមុនមក។ ខ្ញុំមិនទាន់សុំានោះទេនៅពេលចាក់បទចម្រៀងលើកដំបូង ប៉ុន្តែឥឡូវនេះវាក្លាយជាទម្លាប់ធម្មតា។ ខ្ញុំចូលចិត្តសម្ដែងបែបនេះមុនឡើងរេញនាពេលបច្ចុប្បន្ន»។ គួរដឹងដែរថា កាលប៉ះកីឡាករជប៉ុន Mashide Kudo នៅសង្វៀន ONE: CALL TO GREATNESS កាលខែកុម្ភៈ កីឡាករ Petchdam បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំងអមជាមួយនឹងការដើរពីច្រកចុះមកសង្វៀន និង ជាការប្រកួតយ៉ាងអស្ចារ្យនៅលើសង្វៀនដែរ។ មុខរបស់ Baby Shark បង្ហាញភាពរីករាយយ៉ាងខ្លាំងស្ថិតក្នុងសកម្មភាពដែលធ្វើអ្វីៗជាក្ដីស្រលាញ់។
អតីតម្ចាស់ខ្សែក្រវាត់លំដាប់ពិភពប្រាប់ទៀតថា៖«ខ្ញុំចូលចិត្តធ្វើអ្វីដែលខ្ញុំចង់ធ្វើ , លើកទឹកចិត្តខ្លួនឯង, ធ្វើរឿងសប្បាយៗសម្រាប់មនុស្សជុំវិញខ្លួន ជាដើម។ អ្នកមិនអាចលាបពណ៌សក់នៅសង្វៀននាក្រុងបាងកក ប៉ុន្តែ នៅសង្វៀន ONE យើងអាចធ្វើបែបនេះបាន។ ដូច្នេះនេះជាឱកាសមានប្រៀបមួយមុនប្រកួត»។
កីឡាករវ័យ២១ឆ្នាំបានសង្កត់ធ្ងន់ថា៖«ការប្រកួតនៅ ONE ពិតជាអស្ចារ្យណាស់។ ខ្ញុំមិនមានសម្ពាធទេពេលចាក់ភ្លេង ហើយ មនុស្សកុះករតែងតែជាការគាំទ្រដ៏ល្អ»។ ក្រៅពីបង្កើតសំណើចនៅសង្វៀន Petchdam តែងតែចែករំលែកលើបណ្ដាញសង្គមអំពីសំណើចដល់អ្នកគាំទ្រ គ្រូបង្វឹក និង មិត្តរួមក្រុមជារឿយៗ។ មិនត្រឹមតែជាកីឡាករចូលចិត្តសប្បាយ ប៉ុន្តែ Petchdam តែងតែធ្វើឲ្យការប្រកួតជក់ចិត្ត និង ទាក់ទាញតាមរយៈស្នាមញញឹមដល់អ្នកគាំទ្រទៀតផង។
កីឡាករដដែលគូសបញ្ជាក់ថា៖«ខ្ញុំចូលកំប្លែង វាជាអត្តចរិតរបស់ខ្ញុំ។ ខ្ញុំចូលចិត្តផុសកំប្លែងតាមបណ្ដាញសង្គម ព្រោះវាអាចបំបាត់ភាពតប់ប្រមល់ និង ធ្វើឲ្យគេគ្រប់គ្នាសើច»។ Baby Shark បន្តថា៖«មិនត្រឹមតែសំណើច ប៉ុន្តែវាជាវិធីល្អមួយដើម្បីផ្សព្វផ្សាយអំពីខ្លួនខ្ញុំដែរ និងបង្ហាញអំពីខ្ញុំថាជាអ្នកណា។ ខ្ញុំចូលចិត្តហ្វឹកហាត់ហ្មត់ចត់ ប៉ុន្តែ នៅខាងក្រៅខ្ញុំក៏ត្រូវការពេលវេលាដ៏ល្អមួយសម្រាប់ខ្លួនឯង។ ខ្ញុំមិនអាចបណ្ដោយឲ្យខ្លួនខ្ញុំតប់ប្រមល់ទេអំឡុងពេលហ្វឹកហាត់។ ខ្ញុំត្រូវតែសប្បាយចិត្ត»។
Petchdam មានកំណត់ត្រាប្រកួត ១១៧ ដង ក្នុងនោះឈ្នះ ៩៤ ដង ចាញ់ ១៧ ដង និង ស្មើ៧ដង។ គេជាម្ចាស់ខ្សែក្រវាត់ Lumpinee 118lbs Champion 2015, Thailand 118lbs Champion 2015, 126lbs Toyota Marathon Champion 2017, និង WBC Muaythai World Featherweight Champion 2018។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: AGE OF GREATNESS នៅថ្ងៃទី ២២ ខែ វិច្ឆិកា ខាងមុខ ពីសិង្ហបុរីចាប់ពីម៉ោង ៦:៣០ ល្ងាចតទៅ (ម៉ោងកម្ពុជា) តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕