អន្តរជាតិ
អាមេរិក ដើរ​ចេញពី​កិច្ចចរចា​រឿង​ចំណាយ​យោធា​ជាមួយ​កូរ៉េខាងត្បូង​
19, Nov 2019 , 9:59 pm        
រូបភាព
អ្នកចរចាតំណាងអាមេរិក James DeHart (ខាងឆ្វេង) និង អ្នកចរចាតំណាងកូរ៉េខាងត្បូងJeong Eun-bo,រូបភាព៖ Yonhap
អ្នកចរចាតំណាងអាមេរិក James DeHart (ខាងឆ្វេង) និង អ្នកចរចាតំណាងកូរ៉េខាងត្បូងJeong Eun-bo,រូបភាព៖ Yonhap
​កិច្ចចរចា​លើ​វិភាគទាន​យោធា​រវាង​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​សេ​អ៊ូ​ល បាន​បរាជ័យ នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា បន្ទាប់ពី​អ្នកតំណាង​ចរចា​អាមេរិក បាន​ដើរ​ចេញពី​កិច្ចប្រជុំ​។ ទំហំ​ទឹកប្រាក់​ដែល​កូរ៉េខាងត្បូង​ត្រូវ​ចេញ​សម្រាប់​យោធា​អាមេរិក​នៅលើ​ទឹកដី​ខ្លួន គឺជា​បញ្ហា​ខ្ទាស់ ខណៈ​អាមេរិក​ចង់​ឲ្យ​កូរ៉េខាងត្បូង​បង្កើន​ការចំណាយ​ឲ្យ​បាន​ប្រាំ​ដង​។​


 
​កិច្ចចរចា​វិភាគទាន​យោធា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បុ​ង បានចាប់ផ្តើម​ឡើង​នា​ថ្ងៃទី​១៨ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃទី ១៩ ខែវិច្ឆិកា​។ មិនមាន​លទ្ធផល​អ្វី​ពី​ការចរចា​ឡើយ ខណៈ​តំណាង​ចរចា​អាមេរិក​បាន​ដើរ​ចេញពី​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចុងក្រោយ​។ ភាគី​ទាំងពីរ​រ​នៅតែ​មិនទាន់​យល់ស្រប​គ្នា​លើ​ចំនួន​វិភាគទាន​ដែល​កូរ៉េខាងត្បូង​ត្រូវ​បង់​នៅ​ឆ្នាំក្រោយ​។ 
 
​តាមរយៈ​កិច្ចចរចា​ពីរ​ថ្ងៃនេះ អាមេរិក បានទាមទារ​ឲ្យ​កូរ៉េខាងត្បូង​ត្រូវ​បង់​វិភាគទាន​យោធា ច្រើនជាង​ពេលបច្ចុប្បន្ន​រហូតដល់​ទៅ ៥​ដង​ច្រើនជាង​មុន​។ ពោលគឺ ទីក្រុង​វ៉ាស៊ីនតោន បានទាមទារ​ឲ្យ​ទីក្រុង​សេ​អ៊ូ​ល ចំណាយ​ថវិកា​រហូតដល់ ៥​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ ខណៈពេល​កូរ៉េខាងត្បូង​បង់​ត្រឹមតែ ៨៧០​លាន​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ឆ្នាំ​២០១៩ សម្រាប់​កងទ័ព​អាមេរិក​ជិត ៣​ម៉ឺន​នាក់​។ 
 
​អ្នកចរចា​តំណាង​អាមេរិក James DeHart បាន​ដើរ​ចេញពី​កិច្ចប្រជុំ ដោយសារតែ​ភាគី​កូរ៉េខាងត្បូង​មិន​ទទួល​សំណើ​របស់​ភាគី​អាមេរិក​ដែល​ទាមទារ​ឲ្យ​ក្រុង​សេ​អ៊ូ​ល​ជួយ​កាត់បន្ថយ​ការចំណាយ និង​បន្ទុក​របស់​អាមេរិក​។ លោក Jame បាន​ប្រាប់​មូលហេតុ​ការដើរ​ចេញពី​កិច្ចប្រជុំ​ថា ភាគី​អាមេរិក ចង់​ទុកពេល​ឲ្យ​កូរ៉េខាងត្បូង​ពិចារណា និង​ដាក់សំណើ​ជាថ្មី ដើម្បី​ឲ្យ​ភាគី​ទាំងសងខាង​អាចបង្កើត​កិច្ចព្រមព្រៀង​មួយ ដែល​អាច​ទទួលយកបាន​។ លោក​បញ្ជាក់ទៀតថា កិច្ចចរចា​នឹងធ្វើ​ម្តងទៀត នៅពេល​ទីក្រុង​សេ​អ៊ូ​ល​បាន​ត្រៀមខ្លួន​រួចរាល់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។​
 
​ទាក់ទិន​ទៅនឹង​បញ្ហា​នេះ ភាគី​កូរ៉េខាងត្បូង​សន្យាថា នឹងធ្វើ​ការ​យ៉ាង​អត់ធ្មត់ និង​ខិតខំ​បន្ថែមទៀត ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​មួយ ដែល​ភាគី​ទាំងពីរ​អាច​ទទួលយក​បាន​។ នេះ​បើតាម​ការអះអាង​របស់​លោក Jeong Eun-bo អ្នកចរចា​តំណាង​កូរ៉េខាងត្បូង​។ ក្នុងន័យនេះ លោក Jeong ក៏​មិនបាន​បដិសេធ​ដែរ ពី​ការ​លើកសំណើ​ខុសគ្នា​រវាង​ភាគី​អាមេរិក និង​កូរ៉េខាងត្បូង ពាក់ព័ន្ធ​ទៅនឹង​ចំនួន​ទឹកប្រាក់​។ 
 
​ជាមួយគ្នានេះ លោក Jeong បាន​បន្តថា ភាគី​អាមេរិក បានស្នើ​ឲ្យ​កូរ៉េខាងត្បូង​បង្កើន​ការចំណាយ​យោធា​យ៉ាងច្រើន ជាពិសេស​ទាមទារ​ឲ្យ​បង្កើត​មាត្រា​ថ្មី​ទៀត​ពាក់ព័ន្ធ​ការដំឡើង​ទំហំ​ទឹកប្រាក់​យោធា ក្នុង​កិច្ចព្រមព្រៀង​ស្តីពី​វិភាគទាន​យោធា (SMA)​។ 
 
​បន្ទាប់ពី​កិច្ចចរចា​បានទទួល​បរាជ័យ វា​មាន​បញ្ហា​ចោទសួរ​ថា​តើ​អាមេរិក​អាច​នឹង​ដកទ័ព​ចេញពី​កូរ៉េខាងត្បូង​ដែរឬទេ ប្រសិនបើ​កិច្ចចរចា​ខាង​មុន​នៅតែ​បរាជ័យ​។ ទាក់ទង​បញ្ហា​នេះ លោក ម៉ាក អា​ស្ពើ រដ្ឋមន្ត្រី​ការពារជាតិ លើកឡើងថា ភាគី​ទាំងពីរ នឹង​ចរចា​បន្តទៀត​។ យ៉ាងណាក៏ដោយ លោក​នៅតែ​ជឿថា កូរ៉េខាងត្បូង​នៅតែ​អាច​បង់​វិភាគទាន​យោធា​បាន​ដដែល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​វិភាគទាន​យោធា​រវាង​អាមេរិក និង​កូរ៉េខាងត្បូង កិច្ចព្រមព្រៀង​ខាងលើ​នឹងត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៩​នេះ ហើយ​ទីក្រុង​សេ​អ៊ូ​ល បាន​យល់ព្រម​បង់​ថវិកា​យោធា​ត្រឹមតែ ៨៧០​លាន​ដុល្លារ​ប៉ុណ្ណោះ​។ ចាប់តាំងពី​ឆ្នាំ ១៩៩១​មក ទីក្រុង​សេ​អ៊ូ​ល បាន​ចូលរួម​បង់​វិភាគទាន​យោធា​ជាមួយ​អាមេរិក តាមរយៈ​កិច្ចព្រមព្រៀង​ស្តីពី​វិភាគទាន​យោធា (SMA) ៕ 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com