ជាតិ
កម្ពុជា នឹងជួបគ្រោះរាំងស្ងួតខ្លាំង រហូតដល់ខែមករា ឆ្នាំ២០២០
× ភ្នំពេញ៖ កម្ពុជា កំពុងទទួលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង រហូតដល់ខែមករា ឆ្នាំ២០២០។ គ្រោះរាំងស្ងួតនេះនឹងប៉ះពាល់ដល់ផលិតផលកសិកម្ម និងអាចប្រឈមការខ្វះខាតទឹកប្រើប្រាស់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ(MRC) នៅថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៩។
បើតាមការវិភាគទិន្នន័យបឋមរបស់គណៈកម្មការទន្លេមេគង្គ គ្រោះរាំងស្ងួតនេះបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងអំឡុងរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត ហើយភ្លៀងឈប់ធ្លាក់មុនពេលកំណត់ ស្របពេលបាតុភាព អែល នីណូ(El Nino) បានបង្កឱ្យមានកម្តៅ និងរំហួតខ្ពស់ខុសប្រក្រតី។ ការវិភាគដដែលបានបង្ហាញថា ក្នុងអំឡុងសប្តាហ៍ទី៣ និងទី៤ នៃខែវិចិ្ឆកា ឆ្នាំ២០១៩ ខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាប នឹងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះ។ គណៈកម្មការទន្លេមេគង្គ បានព្យាករណ៍ដូច្នេះថា៖«គ្រោះរាំងស្ងួតនេះនឹងកាន់តែធ្ងន់ធ្ងរខ្លាំងឡើងចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែមករា ឆ្នាំ២០២០ ព្រោះមានភ្លៀងធា្លក់តិចតួច ឬគ្មានភ្លៀងសោះ»។
ក្រៅពីកម្ពុជាដែលកំពុងជួបគ្រោះរាំងស្ងួតខ្លាំងបែបនេះ បណ្តាប្រទេសតាមដងទន្លេមេគង្គ រួមមានប្រទេសថៃ ឡាវ និងវៀតណាម ក៏ជួបប្រទះនូវបញ្ហានេះដូចគ្នាដែរ។ ក្នុងនោះមាន តំបន់ភាគខាងជើងនិងឦសាននៃប្រទេសថៃ ដូចជានៅខេត្តឈៀងម៉ៃ, ឡឺយ, ណុងបូឡាំភូ, ឧដនថានី, ខនកែន, ឆាយ៉ាភូមិ, សាកនណាខន, ណាខនរ៉ាត់ឆាសីម៉ា, បុរីរាំ, មាហារាខាំ, សុរិន និងខេត្តស៊ីសាកេត។ រីឯតំបន់ភាគកណ្តាល និងខាងជើងនៃប្រទេសឡាវវិញ មានខេត្តវៀងចន្ទ, សាយសូមបុណ្យ, សាយ៉ាបូរី និងខេត្តហ្លួងព្រះបាង។ ដោយឡែកប្រទេសវៀតណាម មិនមានសញ្ញាអ្វីជាក់លាក់នៃគ្រោះរាំងស្ងួតនេះទេ ប៉ុន្តែលំហូរនៃទឹកប្រៃដែលបណ្តាលមកពីគ្រោះរាំងស្ងួតនេះ នឹងបង្កជាហានិភ័យដល់ដំណាំកសិកម្ម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានខាងលើ។
កម្ពុជា ថៃ ឡាវ និងវៀតណាម ជាប្រទេសនៅតាមដងទន្លេមេគង្គក្រោម ដែលប្រឈមគ្រោះរាំងស្ងួតនេះ ។ ថី្វដ្បិតកម្ពុជា ជួបគ្រោះរាំងស្ងួតនេះ ក៏ពិតមែន ប៉ុន្តែគណៈកម្មការទន្លេមេគង្គ បានរំពឹងថា ភាពរាំងស្ងួតនេះនឹងកាត់បន្ថយបន្តិចម្តងៗ ចាប់ពីសប្តាហ៍ទី២ ខែមករា ឆ្នាំ២០២០ ដោយសារអាកាសធាតុនឹងកែប្រែមកមានសំណើមបន្តិចឡើងវិញ៕
Tag:
រាំងស្ងួត
ប្រែប្រួលអាកាធាតុ
ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com