ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បាន​ស្បែក​ស្រស់ថ្លា​ជាង​មុន កុំ​រំលង​រូបមន្ត​បែប​ធម្មជាតិ​ទាំងនេះ​
20, Nov 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​នរណាៗ​ក៏​ចង់បាន​ស្បែក​រលោង​ស្រស់ថ្លា​ស្អាត​ដែរ​។ ទោះជា​យ៉ាងណា​កត្តា​មួយចំនួន​ដូចជា​ពន្លឺព្រះអាទិត្យ ខ្យល់ពុល ភាព​តានតឹង​ក្នុង​អារម្មណ៍ និង​របប​អាហារ​គ្មាន​សុខភាព​ល្អ​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​សុខភាព​ស្បែក​។


 
​ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​ដែល​ជួយ​បង្កើន​ភាពស្រស់ថ្លា​នៃ​ស្បែក ៖
 
១. ប្ល៊ូ​បឺ​រី​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ប្ល៊ូ​បឺ​រី​មួយចំនួន រួច​លាយ​ជាមួយ​យ៉ា​អួរ​សុទ្ធ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​មុខ​និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​
 
២. សំបក​ក្រូច​ក្រៀម​និង​យ៉ា​អួរ​

​អ្វីដែល​អ្នកត្រូវការ គឺ​យ៉ា​អួរ​សុទ្ធ ១ ស្លាបព្រា​បាយ និង​សំបក​ក្រូច​ចំនួន​សមល្មម​។​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​សំបក​ក្រូច​ទៅ​ហាល​ក្រោម​កម្ដៅថ្ងៃ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣​ថ្ងៃ រហូតដល់​សំបក​ក្រូច​ប្រែជា​ក្រៀម​ស្ងួត ហើយ​ស្រួយ​។ យក​សំបក​ក្រូច​ក្រៀម​ទៅ​កិន​រហូត​ក្លាយជា​ម្សៅ សឹម​លាយ​វា ១ ស្លាបព្រា​បាយ​ជាមួយ​យ៉ា​អួរ ១ ស្លាបព្រា​បាយ​ដូចគ្នា​។ កូរ​ឱ្យ​សព្វ​រហូតដល់​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាង​សម្អាត​ស្បែក​ឱ្យ​ស្អាត​សិន សឹម​លាប​ល្បាយ​លើ​ស្បែក ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​។ អនុវត្ត​រាល់ថ្ងៃ​មុនពេល​ចូល​គេង​។ រូបមន្ត​នេះ​សាក​សម​សម្រាប់​ស្បែក​គ្រប់​ប្រភេទ​។​
 
៣. ទឹក​ដំឡូងបារាំង​ស្រស់​

​ចិត​សំបក​ដំឡូងបារាំង រួច​ហាន់​វា​ជា​បន្ទះ​ស្ដើង​ល្មម​។ ដុស​បន្ទះ​ដំឡូងបារាំង​ត្រង់​តំបន់​ស្បែក​ដែល​អ្នក​ចង់ឱ្យ​ស​ថ្លា​ជាង​មុន​។ បន្ទាប់មក​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​ក៏​អាច​កោស​ដំឡូងបារាំង រួច​ពូត​ច្របាច់​យក​ទឹក​មក​លាប​ក៏បាន​។​
 
៤. រមៀត​

​លាយ​ម្សៅ​រមៀត​កន្លះ​ស្លាបព្រា​បាយ​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ ២ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ​រហូត​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែល​អ្នក​ចង់ឱ្យ​ស​ថ្លា​ជាង​មុន និង​ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី​សឹម​លាង​សម្អាត​ចេញ​។ អនុត្ត​ឱ្យបាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​ដើម្បី​ទទួលបាន​លទ្ធផល​កាន់តែ​ប្រសើរ​។​
 
៥. យ៉ា​អួរ​និង​ទឹកឃ្មុំ​

​លាយ​យ៉ា​អួរ​សុទ្ធ​និង​ទឹកឃ្មុំ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​និង​ទុកចោល​សម្រាប់​រយៈពេល ៥​នាទី​សិន សឹម​លាប​លើ​ស្បែក ហើយ​ទុកចោល​សម្រាប់​រយៈពេល ២០ នាទី​មុននឹង​លាង​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh​​

© រក្សាសិទ្ធិដោយ thmeythmey.com