បញ្ហាគួរឲ្យព្រួយបារម្ភបំផុតមួយនៃសម្ពាធឈាមឡើងខ្ពស់ គឺវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោម ដាច់សរសៃឈាមខួរក្បាល និងគាំងបេះដូង។ ជំងឺទាក់ទឹងនឹងក្រពេញលើតម្រងនោម ជំងឺតម្រងនោម ថ្នាំបំបាត់ការឈឺចាប់ ថ្នាំពន្យារកំណើត ស្ត្រេស មិនសូវហាត់ប្រាណ ទទួលទានអាហារមានជាតិប្រៃ ឬអំបិលច្រើន ទទួលទានគ្រឿងស្រវឹងលើសកម្រិត កត្តាហ្សែន និងជំងឺធាត់ជ្រុលសុទ្ធតែជាមូលហេតុដែលបង្កឲ្យកើតមានបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ដូច្នេះដើម្បីសុខភាពល្អប្រសើរនិងចៀសផុតពីផលវិបាកសុខភាពធ្ងន់ធ្ងរ វាជារឿងសំខាន់ណាស់ដែលយើងត្រូវរក្សាសម្ពាធឈាមក្នុងកម្រិតត្រឹមត្រូវ។
ខាងក្រោមយើង នឹងបង្ហាញឲ្យដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីរក្សា ឬបញ្ចុះសម្ពាធឈាមក្នុងកម្រិតប្រក្រតី ៖
១. ទឹកម្នាស់ស្រស់
ទឹកផ្លែម្នាស់ស្រស់ជាប្រភពដ៏ល្អនៃជាតិប៉ូតាស្យូមជួយបញ្ចុះសម្ពាធឈាមដោយកម្ចាត់នូវជាតិសូដ្យូមដែលលើសក្នុងឈាមនិងសម្រួលដល់សរសៃឈាម។ ទឹកផ្លែម្នាស់ស្រស់ក៏ជួយទប់ស្កាត់ដោះស្រាយបញ្ហាកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ផងដែរ។
២. ទឹកក្រូចស្រស់
សារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងទឹកក្រូចស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសរសៃឈាមតូចៗផងដែរ។ ដូច្នេះការទទួលទានទឹកក្រូចច្របាច់ស្រស់ទៀងទាត់ជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាម។
៣. ទឹកមើមឆៃថាវក្រហម
ចូរបន្ថែមទឹកមើមឆៃថាវក្រហមក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើអ្នកចង់បញ្ចុះសម្ពាធឈាមតាមបែបធម្មជាតិ។ ប្រសិទ្ធភាពជួយបញ្ចុះសម្ពាធឈាមនេះបានមកដោយសារមើមឆៃថាវក្រហមមានកម្រិតសារធាតុនីត្រាតខ្ពស់។ ការទទួលទានអាហារដែលសម្បូរដោយសារធាតុនីត្រាតអាចនាំឱ្យមានប្រតិកម្មគីមីជាបន្តបន្ទាប់ក្នុងឈាមដែលបញ្ហានេះអាចបង្កើនបរិមាណអុកស៊ីសែននៅកន្លែងដែលរាងកាយខ្វះ។ លើសពីនេះទៅទៀតទឹកមើមឆៃថាវក្រហមក៏ជួយធ្វើឲ្យសរសៃឈាមរីកធំ ហើយសម្ពាធឈាមនឹងថយចុះ។
៤. តែបៃតង
ភេសជ្ជៈនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរក្សាសុខភាពសរសៃឈាមល្អប្រសើរ។ វាក៏មានលក្ខណៈសម្បត្តិកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ផងដែរ។ ហើយស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍ គឺអ្វីមួយដែលអាចបង្កឱ្យសម្ពាធឈាមឡើងខ្ពស់។
៥. ទឹកដូង
នោះក៏ព្រោះតែភេសជ្ជៈធម្មជាតិនេះជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។
៦. ទឹកផ្លែទទឹមស្រស់
ទទឹមជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុចិញ្ចឹមសំខាន់ៗ ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម anthocyanins និង polyphenols ដែលចាំបាច់សម្រាប់រក្សាសុខភាពទាំងមូល រួមទាំងទប់ស្កាត់បញ្ហាសម្ពាធឈាមឡើងខ្ពស់និងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល៕
ប្រយ័ត្ន៖ ទោះជាយ៉ាងណា ភេសជ្ជៈមួយចំនួនខាងលើអាចបញ្ចុះសម្ពាធឈាមប្រកបដោយប្រសិទ្ធភាពបានលុះត្រាតែអ្នកមានរបបអាហារត្រឹមត្រូវ និងតែងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ។ ហើយដើម្បីជាការប្រសើរក៏កុំភ្លេចពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតជាមុន ប្រសិនបើអ្នកចង់ទទួលទានភេសជ្ជៈណាមួយ ខណៈពេលកំពុងប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាម ក៏ព្រោះប្រសិនបើសម្ពាធឈាមធ្លាក់ចុះទាបពេក នោះវាក៏អាចបង្កគ្រោះថ្នាក់ចំពោះសុខភាពគួរឱ្យព្រួយបារម្ភដែរ!
ត្រួតពិនិត្យដោយ www.health.com.kh