ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​ចៀសវាង​អាហារ​អ្វីខ្លះ​កំឡុងពេល​មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​?
21, Nov 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្វីត្បិតតែ​ក្រពេញ​ទី​រ៉ូ​អ៊ី​ត គឺ​តូច​ក៏ពិតមែន ប៉ុន្តែ​វា​គ្រប់គ្រង​ត្រួតពិនិត្យ​លើ​ដំណើរការ​ជាច្រើន​ក្នុង​រាងកាយ រួមទាំង​ការរំលាយ​អាហារ​ផងដែរ​។ នៅពេល​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​មុខងារ​មិន​ប្រក្រតី​វា​អាច​បណ្ដាល​ឲ្យ​មាន​ការផលិត​អ័រម៉ូន​លើស​កម្រិត​ឬ​តិចជាង​តម្រូវការ​រាងកាយ​។ ហើយ​អតុល្យភាព​នៃ​អ័រម៉ូន​ក្នុង​រាងកាយ​អាច​បណ្ដាលឱ្យ​កើតមាន​បញ្ហា​សុខភាព​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូចជា​ការប្រែប្រួល​ភ្លាមៗ​នៃ​ទម្ងន់ អារម្មណ៍​ប្រែប្រួល បញ្ហា​ស្បែក​ផ្សេងៗ និង​សូម្បីតែ​ជំងឺមហារីក​សុដន់​។ អាហារ​មួយចំនួន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​គួរ​ចៀសវាង​ទទួលទាន​កំឡុងពេល​មាន​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភេទ​នៃ​អាហារ​ទាំងនោះ ៖
 
១. គ្រឿង​សមុទ្រ​

​អ្នក​ដែលមាន​បញ្ហា​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​មិនគួរ​ទទួលទាន​គ្រឿង​សមុទ្រ​ច្រើនពេក​ឡើយ​ក៏​ព្រោះ​គ្រឿង​សមុទ្រ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ iodine​។​
 
២. សណ្ដែកសៀង​

​បើទោះជា​ស​ណ្ដែ​ង​សៀង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុចិញ្ចឹម​ល្អៗ​សម្រាប់​រាងកាយ​ក៏ពិតមែន ប៉ុន្តែ​ការទទួល​ទាន​ផលិតផល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ច្រើនពេក គឺ​មិន​ផ្ដល់​ផល​ល្អ​សោះឡើយ​ចំពោះ​សុខភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ សណ្ដែកសៀង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​យឺត​ខុសពី​ធម្មតា​។ នៅពេល​អ្នក​ទទួលទាន​ផលិតផល​ផ្សំ​ពី​សណ្ដែកសៀង​ច្រើនពេក​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​មិនអាច​ស្រូបយក​អ៊ីយ៉ូត​បាន​គ្រប់គ្រាន់​ឡើយ ជាហេតុ​បណ្ដាលឱ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​មុខងារ​ខុស​ប្រក្រតី​។​
 
៣. អាហារ​សម្បូរ​ខ្លាញ់​

​ចំពោះ​អ្នក​កំពុងមាន​បញ្ហា​ខ្សោយ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត និង​អ្នក​កំពុង​ប្រើប្រាស់​ថ្នាំ​ព្យាបាល​មិនគួរ​ទទួលទាន​អាហារ​សម្បូរ​ខ្លាញ់​ឡើយ នោះ​ក៏​ព្រោះតែ​ជាតិ​ខ្លាញ់​ជះឥទ្ធិពល​ដល់​រាងកាយ​ក្នុងការ​ស្រូប​យកជាតិ​ថ្នាំ​និង​ថែមទាំង​រារាំង​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​មិនឱ្យ​ដំណើរការ​ដូច​ធម្មតា​ទៀតផង​។​
 
៤. អាហារ​និង​ភេសជ្ជៈ​ផ្អែម​

​ជាធម្មតា​ក្រពេញ​ទី​រ៉ូ​អ៊ី​ត​ផលិត​អ័រម៉ូន​ដែល​គ្រប់គ្រង​អត្រា​មេ​តា​ប៉ូលីស ហើយ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​បណ្ដាល​ឲ្យ​ការដុត​រំលាយ​អាហារ​ថយចុះ ឬ​យឺត​ខុស​ប្រក្រតី​។ ដូច្នេះ​ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែម​ច្រើន​កំឡុងពេល​កំពុង​មានប​ញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​អាច​នឹងធ្វើ​ឲ្យ​អ្នក​ធាត់​ជ្រុល​។​
 
៥. គ្រឿង​ស្រវឹង​

​ប្រសិនបើ​អ្នក​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដើម្បី​ជាការ​ប្រសើរ​ចូរ​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​គ្រឿង​ស្រវឹង​។ នោះ​ក៏​ព្រោះតែ​គ្រឿង​ស្រវឹង​អាច​ជះឥទ្ធិពល​ដល់​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក្នុងការ​ប្រើប្រាស់ និង​ស្រូបយក​អ៊ីយ៉ូដ​ពី​ក្នុង​អាហារ​។​
 
៦. សាច់​កែច្នៃ​

​ដើម្បី​ជាការ​ប្រសើរ​អ្នកមាន​បញ្ហា​លើស​អ័រម៉ូន​ទី​រ៉ូ​អ៊ី​ត​គួរ​កាត់បន្ថយ ឬ​បញ្ឈប់​ការទទួល​ទាន​សាច់​កែច្នៃ​។ នោះ​ក៏​ព្រោះតែ​សាច់​កែច្នៃ​ភាគច្រើន​មាន​ផ្ទុក​សារធាតុ nitrites បង្កើន​សមត្ថភាព​នៃ​ការ​ស្រូប​យកជាតិ iodine៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com