ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក​៖ ការងារ​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង តែ​ត្រូវ​ពង្រឹងគុណភាព​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​សកល​
20, Nov 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ កម្មករកំពុងធ្វើការនៅការដ្ឋានអគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ កម្មករកំពុងធ្វើការនៅការដ្ឋានអគារមួយកន្លែងក្នុងតំបន់កោះពេជ្រ រាជធានីភ្នំពេញ កាលពីខែឧសភា ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
ដោយ: VOA
​ភ្នំពេញ ៖ ​ធនាគារពិភពលោក (World Bank) នៅ​ថ្ងៃ​អង្គារ​នេះ បានចេញ​ផ្សាយ​របាយការណ៍​មួយ​បង្ហាញថា គុណភាព​ការងារ​នៅ​កម្ពុជា​កំពុងមាន​ការកែលម្អរ ប៉ុន្តែ​ចាំបាច់​ត្រូវមាន​គោលនយោបាយ​ថ្មីៗ​ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ទីផ្សារ​សកល​។​

 
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក ស្តីពី «​អនាគត​ការងារ​នៅ​ប្រទេស​កម្ពុជា​៖ តំណ​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​នាពេលខាងមុខ​»​បង្ហាញថា កម្ពុ​ជាមាន​ការងារ​ចំនួន​៨​លាន​កន្លែង​។ ក្នុងនោះ​មាន​៣៧​ភាគរយ ជាការ​ងារ​មាន​ប្រាក់​ឈ្នួល ដែល​ភាគច្រើន​ផ្តល់ប្រាក់​ចំណូល​ខ្ពស់​គ្រាន់បើ និង​អត្ថប្រយោជន៍​ការពារ​បន្ថែម​ដល់ក​ម្មករ​។ ប៉ុន្តែ​៦៣​ភាគរយ​ទៀត នៅតែ​ជាការ​ងារ​បែប​ប្រពៃណី ដូចជា​ការងារ​ដាំ​ដុះ ឬ​អាជីវកម្ម​លក្ខណៈ​គ្រួសារ ដែល​មិនសូវ​បានធ្វើ​សមាហរណកម្ម​ចូលទៅក្នុង​សេដ្ឋកិច្ច​ទំនើប និង​ផ្តល់ឱ្យ​កម្មករ​នូវ​ប្រាក់ចំណូល​ទាប​។​
 
​របាយការណ៍​នោះ​បន្ថែមថា ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើការ​ក្នុង​វិស័យ​ឯកជន​មាន​ប្រាក់​ឈ្នួល បាន​កើនឡើង​ពី​១,១​លាន​នាក់ ក្នុង​ឆ្នាំ​២០០៩ ដល់ ២,៦​លាន​នាក់ ក្នុង​ឆ្នាំ​២០១៤​។ ប៉ុន្តែ​ពីរ​ក្នុងចំណោម​បីនាក់ គឺជា​អ្នកធ្វើ​ស្រែចម្ការ ដែលជា​ការងារ​គ្មាន​ប្រាក់​ឈ្នួល ឬ​ធ្វើការ​ក្នុង​សហគ្រាស ឬ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ​។ ក្នុងនោះ​បញ្ហា​ប្រឈម​ផ្នែក​ការងារ​នៅ​កម្ពុជា​គឺ​ការងារ​មិន​ចំ​ជំនាញ ដែល​នៅ​ឆ្នាំ​២០១៦ ក្រុមហ៊ុន​៣៧,៦​ភាគរយ បាន​និយាយថា កម្លាំង​ពលកម្ម​ដែល​គ្មាន​ការអប់រំ​គ្រប់គ្រាន់ គឺជា​ឧបសគ្គ​ចម្បង​ដល់​ការធ្វើ​អាជីវកម្ម​។​
 
​លោក ទន់ សុភ​ណ្ឌ អ្នកសម្របសម្រួល​រប​ស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ប្រចាំ​ប្រទេស​កម្ពុជា ប្រាប់ VOA ថា ស្ថានភាព​ការងារ​របស់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​មាន​ភាពប្រសើរ​ជាង​មុន ប៉ុន្តែ​សម្រាប់​កម្មករ​ក្រៅ​ប្រព័ន្ធ​មិនទាន់​ទទួលបាន​អត្ថប្រយោជន៍ ឬ​ការការពារ​នៅឡើយ​។​
 
​លោក​បន្ថែមថា រដ្ឋាភិបាល​គួរ​ជំរុញ​ការពង្រឹង​សមត្ថភាព និង​លក្ខខណ្ឌ​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ជាទូទៅ វិនិយោគ​លើ​ស្ថាប័ន​ការងារ និង​បង្កើត​ការងារ​សមរម្យ​ដល់​ពលរដ្ឋ​ទាំង​ក្នុង​ប្រព័ន្ធ​និង​ក្រៅ​ប្រព័ន្ធ ។​
 
«​ការបណ្តុះបណ្តាល​ជំនាញ ធ្វើ​ម៉េច​ឲ្យ​គាត់​មាន​ជំនាញ​មួយ​ដែល​ត្រូវ​នឹង​តម្រូវការ​ទីផ្សារការងារ ដើម្បី​បង្កើន​ឱកាស​ឲ្យ​យុវជន​នៅ​កម្ពុជា​ជា​យើង អាច​រកបាន​ការងារ​ធ្វើ ហើយ​ការងារ​ហ្នឹង​ចំ​ជំនាញ ហើយ​អាចជួយ​បង្កើន​ផលិតភាព​ជាតិ និង​ឧត្តមភាព​ប្រកួតប្រជែង​របស់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ទាំងអស់​»​។​
 
​ក្នុង​ឆ្នាំ​២០១៨ សហគ្រាស គ្រឹះស្ថាន​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​ការងារ​មាន​ចំនួន ១២,២៨៧​គ្រឹះស្ថាន និង​មាន​កម្មករនិយោជិត​សរុប​ចំនួន​ជាង​១​លាន​៤​សែន​នាក់ (១,៤៣៧,៧៩៤​នាក់​)​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។​
 
​អ្នកស្រី យ៉ាង សោ​ភ័​ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លើកឡើងថា ស្ថានភាព​ការងារ​របស់​កម្មករ​និយោជក​តាម​បណ្តា​រោងចក្រ នៅតែមាន​បញ្ហា​ប្រឈម​ជាច្រើន​នៅឡើយ ដោយសារ​ការអនុវត្ត​ច្បាប់​របស់​អ្នកពាក់ព័ន្ធ​នៅមានកម្រិត​។​
 
«​ពាក់ព័ន្ធ​ជាមួយ​ការងារ​របស់​កម្មករ​ដែល​គាត់​ធ្វើ​ការងារ​រាល់ថ្ងៃនេះ នៅមាន​ស្ថានភាព​ក្នុងការ​បង្ខិតបង្ខំ​គាត់​ឲ្យ​ធ្វើ​ការងារ ហើយ​បន្ទាប់មក​កម្មករ​មួយចំនួន​ត្រូវបានធ្វើ​ការងារ​លើស​ម៉ោង​លើស​អី​មួយចំនួនទៀត ហើយ​ប្រាក់​ឈ្នួល​មិនត្រូវ​បានទទួល​បា​នស​ម​ស្រប ឆ្លើយតប​ទៅនឹង​តម្រូវការ​ក្នុងការ​ចាយវាយ​ស្របតាម​ច្បាប់​អី​ទេ បានន័យថា​នៅមានកម្រិត​នៅឡើយ​»​។​
 
​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​នោះបាន​ឲ្យ​ដឹង​បន្ថែមថា និន្នាការ​ក្នុងស្រុក តំបន់ និង​ក្នុង​សកលលោក កំពុងមាន​ការផ្លាស់ប្តូ​រ​ដែល​រួមមាន​ការកើនឡើង​នៃ​ចំណូល និង​ការប្រើប្រាស់ កម្លាំង​ពលកម្ម​កាន់តែ​រួម​តូច សន្ធិសញ្ញា​ពាណិជ្ជកម្ម​ថ្មីៗ និង​បច្ចេកវិទ្យា​ជំនួស​កម្លាំង​ពលកម្ម​ជាដើម​។ ទាំងនេះ​ជា​មូលហេតុ​នៃ​ការតម្រូវ​ឲ្យ​មាន​ជំនាញ​កាន់តែ​ច្រើនជាង​មុន​។​
 
​ធនាគារពិភពលោក​បាន​ផ្តល់​អនុសាសន៍​ថា កម្ពុជា​ចាំបាច់​ត្រូវធ្វើ​ការកែទម្រង់​ជាក់លាក់​ជាច្រើន ដើម្បី​ធានា​ឲ្យ​មាន​ការងារ​កាន់តែច្រើន កាន់តែ​ល្អ​និង​ការលើកកម្ពស់​ស្ថានភាព​របស់​បុគ្គល​ក្នុងការ​ចូលរួម និង​ទទួលផល​ពី​សកម្មភាព​សង្គម​ដោយ​មិន​រើសអើង​។ ការធ្វើកំណែទម្រង់​ទាំងនោះ​រួមមាន ការធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ បង្កើត​បរិយាកាស​ធុរកិច្ច​ក្នុងស្រុក ពង្រឹង​ការតភ្ជាប់​វិស័យ​ការងារ​ក្នុងស្រុក និង​ការនាំចេញ និង​ការវិនិយោគ​លើ​ជំនាញ​អប់រំ​ដល់ក​ម្មករ​។​
 
VOA បាន​ព្យាយាម​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​កម្ពុជា តែ​រហូតមកដល់​ល្ងាច​ថ្ងៃ​ចន្ទ​នេះ មិនទាន់មាន​ការឆ្លើយ​តប​នៅឡើយ​។​
 
​វិស័យ​កាត់ដេរ​សម្លៀកបំពាក់ និង​ស្បែកជើង​គឺជា​ក្បាលម៉ាស៊ីន​នៃ​ការនាំចេញ​ធំ​បំផុត​លំដាប់​ទី​១​របស់​កម្ពុជា​។ កាលពី​ឆ្នាំ​២០១៨ ការនាំចេញ​សម្លៀកបំពាក់​និង​ស្បែកជើង​របស់​កម្ពុ​ជាមាន​ទំហំ​១០ ពាន់​លាន​ដុល្លារ​អាមេរិក​។ វិស័យនេះ​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់ ដែល​ភាគច្រើន​គឺជា​ប្រជាពលរដ្ឋ​មកពី​បណ្តា​ខេត្ត និង​ជនបទ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com