អន្តរជាតិ
ចិន​ខឹងសម្បារ ក្រោយ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សំណើ​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង
20, Nov 2019 , 8:39 pm        
រូបភាព
ដោយ:
​ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃ​អង្គារ ២០​វិច្ឆិកា បាន​បោះឆ្នោត​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សំណើ​ច្បាប់​មួយ​ក្នុង​គោលដៅ​គាំទ្រ​ក្រុមបាតុករ​ក្នុង​ទីក្រុង​ហុងកុង ហើយ​ព្រមាន​ចិន​ប្រឆាំងនឹង​ការគាបសង្កត់​ហិង្សា​លើ​អ្នក​តវ៉ា​។ សំណើ​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង​នេះ ធ្វើ​ឲ្យ​ក្រុង​ប៉េកាំង​ខឹងសម្បារ​ជាខ្លាំង​។

 
​មួយថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​សំណើ​ច្បាប់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ហុងកុង ត្រូវបាន​អនុម័ត​ដោយ​ព្រឹទ្ធសភា​អាមេរិក រដ្ឋាភិបាល​ប៉េកាំង តាមរយៈ​ក្រសួងការបរទេស នៅ​ថ្ងៃ​ពុធ ២០​វិច្ឆិកា បាន​គំរាម​ជាថ្មី​ថា​នឹង​ចាត់វិធានការ​វាយបក ប្រសិនបើ​វា​ក្លាយជា​ច្បាប់​។ ទន្ទឹមនឹង​ការ​គំរាម ចិន​ក៏​ទទូច​ឲ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ជ្រែ​ត​ជ្រៀក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ហុងកុង​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Geng Shuang បញ្ជាក់​ឲ្យ​ដឹងថា ទង្វើ​នេះ ធ្វើឡើង​ដោយ​មិន​ខ្វល់​ពី​ការពិត ហើយ​អនុវត្ត​បទដ្ឋាន​ពីរ​ជាន់​។ លោក សង្កត់ធ្ងន់ថា​៖«​វា​គឺជា​ការបំពាន​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្តរជាតិ និង​បទដ្ឋាន​ជា​មូលដ្ឋាន​ដែល​គ្រប់គ្រង​ទំនាក់ទំនង​អន្តរជាតិ​។ ចិន​ថ្កោលទោស​និង​ប្រឆាំង​យ៉ាង​ដាច់​ណាត់​ចំពោះ​រឿងនេះ​»​។  
 
​ក្នុង​សារ​ដាច់ដោយឡែក​មួយ រដ្ឋាភិបាល​ហុងកុង បានបង្ហាញ​ការសោកស្ដាយ​ជាខ្លាំង​ជុំវិញ​សំណើ​ច្បាប់​ប្រជាធិបតេយ្យ​ហុងកុង​នេះ ដោយ​សង្កត់ធ្ងន់ថា វា​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​លើ​ទំនាក់ទំនង​រវាង​ហុងកុង​និង​វ៉ាស៊ីនតោន​។ 
 
​ប្រសិនបើ​ចូល​ជា​ធរមាន​មែន​នោះ ច្បាប់​គាំទ្រ​ប្រជាធិបតេយ្យ​ហុងកុង​នេះ នឹង​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​វាយតម្លៃ​ជាប្រចាំ​ឆ្នាំ​លើ​ការអភិវឌ្ឍ​នយោបាយ​ក្នុង​ទីក្រុង​នេះ​។ នោះ​គឺ​មើលថា ហុងកុង នៅតែ​អាច​រក្សា​លក្ខខណ្ឌ​ស្វ័យភាព​គ្រប់គ្រាន់ ដាច់ដោយឡែក​ពី​ចិនដីគោក​ក្នុង​គោលដៅ​រក្សា​ការផ្តល់​ឲ្យ​ពិសេស​ពី​សហរដ្ឋអាមេរិក​។ ទន្ទឹមនេះ សំណើ​ច្បាប់​នេះ ក៏​នឹង​បើកផ្លូវ​ឲ្យ​រដ្ឋបាល​លោក​ត្រាំ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​ចិន​ដែល​ទទួលខុសត្រូវ​ចំពោះ​ការបំផ្លិចបំផ្លាញ​សិទ្ធិមនុស្ស និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង​។​
 
​ក្រៅពី​សំណើ​ច្បាប់​នេះ ព្រឹទ្ធសភា​អាមេរិក នៅ​ថ្ងៃ​អង្គារ​ដដែល ក៏បាន​អនុម័ត​សំណើ​ច្បាប់​ដែល​ហាមឃាត់​ការនាំចេញ​សម្ភារ​យោធា​នានា រួមមាន ឧស្ម័ន​បង្ហូរទឹកភ្នែក​ជាដើម ដែល​ប៉ូលិស​ហុងកុង​អាច​ប្រើ​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​។ សំណើ​ច្បាប់​ទាំងពីរ​នេះ ទំនងជា​នឹងត្រូវ​បញ្ជូនទៅ​សេត​វិមាន​អាមេរិក​សម្រាប់​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ចុះហត្ថលេខា​ក្លាយជា​ច្បាប់ ឬក៏​វ៉េតូ​វិញ​។ គួរ​រម្លឹក​ផងដែរ​ថា កាលពី​ថ្ងៃទី​១៥ ខែតុលា រដ្ឋសភា​អាមេរិក បានអនុម័ត​សំណើ​ច្បាប់​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ហុងកុង​ឆ្នាំ​២០១៩​។ សេចក្តីព្រាងច្បាប់​នេះ ក៏ត្រូវ​បានអនុម័ត​ដោយ​សំឡេង​ជា​ឯកច្ឆន្ទ​ដូចគ្នា​៕

Tag:
 ​សហរដ្ឋអាមេរិក​
  ចិន​
  ហុងកុង​
  ព្រឹទ្ធសភា​
 ​ច្បាប់​ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com