ជាតិ
អាជ្ញាធរ ផ្អាក​ការសាងសង់​អាគារ​៤២​ជាន់ ក្រោយ​ដែក​ធ្លាក់​លើ​រថយន្ត​តាមផ្លូវ​
20, Nov 2019 , 5:14 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ផ្អាក​ការដ្ឋាន​សាងសង់​អគារ​៤២​ជាន់ (Gold Tower42)  ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២០​វិច្ឆិកា ឆ្នាំ​២០១៩​នេះ តទៅ​។ នេះ​បើតាម លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។ ចំណាត់ការ​នេះ គឺធ្វើឡើង​បន្ទាប់ពី​មាន​ដែក​ធា្ល​ក់​ពី​សំណង់​អាគារ​៤២​ជាន់ មកលើ​រថយន្ត​មួយគ្រឿង តាម​បណ្តោយ​ផ្លូវ​ព្រះមុនីវង្ស នារ​សៀ​ស​ថ្ងៃទី​២០ វិច្ឆិកា​នេះ​។ 


 
​ថ្លែងប្រាប់​សារព័ត៌មាន ThmeyThmey តាម​ទូរ​សព្ទ លោក ម៉េ​ត មាស ភក្តី បាន​និយាយថា ការសម្រេច​ផ្អាក​ការសាងសង់​អាគារ​៤២​ជាន់​ភ្លាមៗ​នេះ គឺ​ដោយសារតែ​សំណង់​នេះ តែងតែ​បង្ក​ភាព​ព្រួយបារម្ភ​ដល់​ពលរដ្ឋ​ដែល​ធ្វើដំណើរ​នៅលើ​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​ព្រះសីហនុ នៅ​រាជធានី​ភ្នំពេញ​។ បើតាម​អ្នកនាំពាក្យ​រូបនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ តែងតែ​ណែនាំ​ដល់​ការដ្ឋាន​សាងសង់​អាគារ​មួយ​នេះ ដើម្បី​បង្ការ​គ្រោះថ្នាក់ ឬ​ហានិភ័យ​ផ្សេងៗ​ដែល​កើតឡើង​ជាយថាហេតុ​។ 
 
​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៩ ក៏មាន​សរសៃដែក​មួយ​បាន​ធា្ល​ក់​ពីលើ​អាគារ​៤២​ជាន់​នេះ លើ​រថយន្ត ដែល​កំពុងធ្វើដំណើរ​លើ​ផ្លូវ​ព្រះសីហនុ ដែល​បាន​បង្ក​ភាព​ព្រួយបារម្ភ​ជាខ្លាំង​ដល់​ពលរដ្ឋ​ធ្វើដំណើរ​តាម​ដង​វិថី​នេះ​។ 
 
​សូម​រម្លឹក​ផងដែរ​ថា សំណង់​អាគារ​៤២​ជាន់ មាន​ទីតាំង​ស្ថិតនៅ​ប្រសព្វ​ផ្លូវ​ព្រះមុនីវង្ស និង​ផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។ សំណង់​នេះ បានចាប់ផ្តើម​ដំណើរការ​សាងសង់ឡើង​វិញ​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់ពី​អាគារ​នេះ​បាន​ផ្អាក​ដំណើរ​ការសាងសង់​ជាច្រើនលើក​មកហើយ​។ អគារ​នេះ ចាប់ផ្តើម​សាងសង់​លើកដំបូង​នៅក្នុង​ឆ្នាំ​២០០៨៕

Tag:
 អាគារ​៤២​ជាន់​
  អាជ្ញាធរ​
  ផ្លូវ​ព្រះ​មុនីរ​ង្ស​
© រក្សាសិទ្ធិដោយ thmeythmey.com